ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​នៅ​ខែ​ខាង​មុខ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​បាន​ធ្លាក់​ចុះ​ស្ទើរ​រាល់​ខែ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ សម្រាប់​នៅ​ខែ​បន្ទាប់ អ្នកជំនាញ​មើលឃើញ​ថា ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​អាច​នឹង​បន្ត​អូស​បន្លាយ​ថែម​ទៀត ព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​ទិញ​ប្រភេទ​ស្រូវ​ធម្មតា…

រាជធានី​ភ្នំពេញ ៖ នៅ​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​បាន​ធ្លាក់​ចុះ​ស្ទើរ​រាល់​ខែ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ សម្រាប់​នៅ​ខែ​បន្ទាប់ អ្នកជំនាញ​មើលឃើញ​ថា ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​អាច​នឹង​បន្ត​អូស​បន្លាយ​ថែម​ទៀត ព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​ទិញ​ប្រភេទ​ស្រូវ​ធម្មតា (​អុ​ី​អ៊ែ​) ពី​ប្រជា​កសិករ​ថយ​ចុះ ។

យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា កាលពី​ខែមករា ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស កើនឡើង​២៨% ប៉ុន្តែ​មក​ដល់​ខែកុម្ភៈ ធ្លាក់​ចុះ​២៧%, ខែមីនា ធ្លាក់​ចុះ​១២,៧០% និង​ខែមេសា ធ្លាក់​ចុះ​២៦,១០%​ផង​ដែរ ។ លើស​ពី​នេះ ក្នុង​រយៈពេល​៤​ខែ​កន្លង​មក កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​៧,៦០% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។

ទាក់ទង​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ តាម​អ្នកជំនាញ​មើលឃើញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​ចាប់ពី​ខែកុម្ភៈ រហូត​ដល់​ខែមេសា​កន្លង​មក ដោយសារ​កាលពីដើម​ខែមករា បរិមាណ​អង្ករ​ដែល​កម្ពុជា​នាំ​ចេញ​មាន​ចំនួន​ច្រើន​ពេក​ធ្វើ​ឱ្យ​អស់​ស្រូវ​ពី​ក្នុង​ស្តុក ខណៈ​ការ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​បាន​ចំនួន​តិចតួច ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​មាន​ប្រសាសន៍​ថា ៖«​ការ​នាំ​ចេញ​អង្ករ​បន្ត​ធ្លាក់​ចុះ​នេះ ដោយសារ​កាលពី​ដើមឆ្នាំ យើង​សម្រុក​នាំ​ចេញ​ច្រើន​ធ្វើ​ឱ្យ​ស្រូវ​អស់ពី​ក្នុង​ស្តុក​, វៀតណាម​បាន​ចូល​មក​ទិញ​ប្រភេទ​ស្រូវ​ធម្មតា (​អុ​ី​អ៊ែ​) ខ្លាំងក្លា យើង​អត់​អាច​មាន​ស្រូវ​គ្រប់គ្រាន់ ។ អីចឹង មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​ខែ​៦ នៅ​តែ​ធ្លាក់​ចុះ ។ ប៉ុន្តែ​អាច​នឹង​កើនឡើង​វិញ​នៅ​ពេល​យើង​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប នៅ​ខែ​៧ ឬ​ខែ​៨​ខាង​មុខ » ។

លោក​ឧកញ៉ា ភូ ពុ​យ នាយក​ក្រុមហ៊ុន បៃតង បានឱ្យ​ដឹង​ដែរ​ថា ការ​ធ្លាក់​ចុះ និង​បរិមាណ​កើនឡើង គឺ​មាន​លក្ខណៈ​ប្រែប្រួល ដោយសារ​ការ​ប្រកួតប្រជែង​ទិញ​ស្រូវ​អង្ករ​ធម្មតា​នៅ​តាម​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ប៉ែក​ខាងកើត​ប្រទេស ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« បើ​យើង​មាន​សមត្ថ​ភាពរឹងមាំ​ប្រមូល​ទិញ​ស្រូវ នឹង​ធ្វើ​ឱ្យ​បរិមាណ​អង្ករ​នាំ​ចេញ​កើនឡើង ប៉ុន្តែ​បើសិនជា​បងប្អូន​នៅ​ខេត្ត​ខាងកើត​ប្រទេស គាត់​ទិញ​មិន​បាន​នោះ បរិមាណ​នាំ​ចេញ​អង្ករ​អត់​កើនឡើង​ទេ » ។

លោក​ឧកញ៉ា​បន្ត​ថា ៖« ការ​នាំ​ចេញ​អង្ករ​ក្រអូប​មានការ​កើនឡើង តែ​សម្រាប់​ការ​នាំ​អង្ករ​ធម្មតា​ធ្លាក់​ចុះ ដោយសារ​ស្រូវ​នៅ​ខេត្ត​ប៉ែក​ខាងកើត នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ប្រមូល​ទិញ​ស្រូវ​ថយ​ចុះ ទើប​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ ។ នៅ​ត្រីមាស​ទី​២ ការ​នាំ​ចេញ​អាច​នឹង​ធ្លាក់​ចុះ​ថែម​ទៀត ហើយ​មក​ដល់​ខែ​៦ ធ្លាក់​ចុះ​ខ្លាំង​មែនទែន ដោយសារ​អស់​ស្រូវ​អុ​ី​អ៊ែ​នៅ​គ្រប់​រោង​ម៉ាស៊ីន​សម្រាប់​នាំ​ចេញ តែ​មក​ដល់​ខែ​៨ នឹង​កើនឡើង​វិញ រហូត​ដល់​ខែ​១២ » ។

លោក​ឧកញ៉ា​លើក​ឡើង​ថា បើ​ចង់​ឲ្យ​ការ​នាំ​ចេញ​កើនឡើង លុះត្រាតែ​ការ​នាំ​ចេញ​អង្ករ​ធម្មតា​អាច​រក្សា​លំនឹង​ឱ្យ​បាន​ស្ថិតស្ថេរ​មួយ ខណៈ​អង្ករ​ក្រអូប​កើនឡើង ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ទីផ្សារ​ល្អ សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន​នៅ​តាម​ខេត្ត​ដូច​ជា កំពង់ចាម ព្រៃវែង និង​តាកែវ គាត់​មាន​លទ្ធភាព​ប្រកួតប្រជែង​ទិញ​ស្រូវ​ធម្មតា​បាន​ច្រើន​នោះ នឹង​ធ្វើ​ឲ្យ​បរិមាណ​នាំ​ចេញ​កើនឡើង​ផង​ដែរ ។ ប៉ុន្តែ​បើ​ទីផ្សារ​ហាងឆេង​នៅ​ផ្នែក​ខាងកើត​មិន​អាច​ប្រកួតប្រជែង​បាន​ទេ វា​នឹង​ធ្វើ​ឱ្យ​បរិមាណ​ធ្លាក់​ចុះ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ