ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃសាំងលក់រាយលើទីផ្សារកម្ពុជា​ក្នុងសបា្តហ៍នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ គេ​សង្កេត​ឃើញ​ថា តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​តាម​ស្ថានីយ​នានា ​ទូ​ទាំង​ប្រទេស​បាន​កើនឡើង​បន្តិច ​បើ​ធៀប​នឹង​ស​ប្ដា​ហ៍​មុន ពោល​គឺ​កើនឡើង​ពី​៤.១០០​ ទៅ​៤.១៥០​រៀល​ក្នុង​១​លី​ត្រ​សម្រាប់​សាំង​ធម្មតា ហើយ​សាំង​ស៊ុប​ពែរ​ក៏​បាន​កើន​ពី​៤.៤០០…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ គេ​សង្កេត​ឃើញ​ថា តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​តាម​ស្ថានីយ​នានា
​ទូ​ទាំង​ប្រទេស​បាន​កើនឡើង​បន្តិច ​បើ​ធៀប​នឹង​ស​ប្ដា​ហ៍​មុន ពោល​គឺ​កើនឡើង​ពី​៤.១០០​ ទៅ​៤.១៥០​រៀល​ក្នុង​១​លី​ត្រ​សម្រាប់​សាំង​ធម្មតា ហើយ​សាំង​ស៊ុប​ពែរ​ក៏​បាន​កើន​ពី​៤.៤០០ ​ទៅ​៤.៤៥០​រៀល​ក្នុង​១​លី​ត្រ​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា តម្លៃ​សាំង​លក់រាយ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា តាម​ស្ថានីយប្រេងឥន្ធនៈ​នានាបាន​កើនឡើង​៥០​រៀល​បន្ថែម​ទៀត​ សម្រាប់​សាំង​ធម្មតា និង​កើន​១០០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត ។

តាម​សេចក្ដីជូនដំណឹង​បាន​ឲ្យ​ដឹង​ដែរ​ថា តម្លៃ​លក់រាយ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​នេះ គឺ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ។ ក្នុង​សេចក្ដីជូនដំណឹង​នេះ គឺ​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​លក់រាយ​ប្រេង​ឥន្ធនៈ​នានាលក់​មិន​ឲ្យ​លើស​ពី​តម្លៃ​កំណត់​ដោយ​ក្រសួង​ទេ ។ បើ​តាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​លើក​ឡើង​ថា ការ​ឡើងថ្លៃ​នៃ​តម្លៃ​សាំង​លក់រាយ​នៅ​លើ​ទីផ្សារ ដោយសារ​តែ​ក្រុម​ហ៊ុន​ប្រេង​​ដ៏​ធំ​ដែល​កម្ពុជា​ទិញ​យក​មក​ប្រើប្រាស់​បាន​ឡើងថ្លៃ គាប់​ជួន​នឹង​តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​ផង​ដែរ​ ។ លោក​ថា ៖« ក្នុង​ពេល​ដែល​យើង​មិន​អាច​ផលិត​ប្រេង​ប្រើប្រាស់​ខ្លួនឯង​បាន យើង​មិន​អាច​កំណត់​តម្លៃ​ឲ្យ​នៅ​ទាប​ជាង​បណ្ដា​ប្រទេស​ផលិត​បាន​ទេ ដូចនេះ តម្លៃ​ប្រេងសាំង​យើង គឺ​ពឹង​លើ​ទីផ្សារ​អន្តរជាតិ​ទាំងស្រុង » ។

លោក​បន្ត​ថា ក្រុមហ៊ុន​លក់​ប្រេង​ដ៏​ធំ​មក​ឲ្យ​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី បាន​ផ្ញើ​តារាង​តម្លៃ​មក​យើង​ស្ទើរ​រៀងរាល់ថ្ងៃ​ពី​ការ​ប្រែប្រួល​តម្លៃនៅលើទីផ្សារ ។ សម្រាប់​ស​ប្ដា​ហ៍​នេះ​ឃើញ​ថា តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ឡើង​បន្តិចទៀត ប៉ុន្តែ​បើសិនជា​អត្រា​ប្តូរ​ប្រាក់​ខុស​គ្នា​ច្រើន​រវាង​ប្រាក់​ដុល្លារ និង​ប្រាក់​​រៀល តម្លៃ​សាំង​ក៏​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ដែរ ។ ក្នុង​នាម​ ជា​មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​ជា​អ្នក​កំណត់​​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​កម្ពុជា លោក​ថា លោក​មិន​ចង់​ឲ្យ​តម្លៃ​ប្រេងសាំង​នៅ​លើ​ទីផ្សារ​កើនឡើង​ទេ គឺ​ចង់​ឲ្យ​តែ​វា​ចុះ​ទាប ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត ក្រសួង​ក៏​មិន​ចង់​ទទួល​បាន​ពាក្យ​រិះគន់​ពី​សាធារណជន​ពី​បញ្ហា​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​នេះ​ដែរ ក៏​ប៉ុន្តែ​ឲ្យ​ធ្វើ​យ៉ាងម៉េច បើ​តម្លៃ​ទីផ្សារ​អន្តរជាតិ​ក៏​កើនឡើង ។

លោក​បន្ថែម​ថា ការ​កំណត់​តម្លៃ​នេះ មិនមែន​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​លក់​ក្នុង​តម្លៃ​តាម​ការ​កំណត់​ទេ ពោល​គឺ​វា​ជា​តម្លៃ​កំណត់​អតិបរមា ឬ​ខ្ពស់​បំផុត តែ​ម្ចាស់​ស្ថានីយ​ប្រេង​នានា​អាច​លក់​ក្នុង​តម្លៃ​ទាប​ជាង​ការ​កំណត់​របស់​ក្រសួង​បាន ។ ជាក់ស្ដែង ស្ថានីយ​មួយ​ចំនួន​នៅ​តាម​ខេត្ត បាន​ដាក់​លក់​ក្នុង​តម្លៃ​ទាប​ជាង​ការ​កំណត់​របស់​ក្រសួង ហើយ​ក្រសួង​ក៏​ចូលរួម​ត្រេកអរ​ផង​ដែរ ដែល​ម្ចាស់​ស្ថានីយ​លក់​ក្នុង​តម្លៃ​ទាប​ដូចនេះ សម្រាប់​សម្រួល​ដល់​អ្នក​ប្រើប្រាស់ ។ លោក​បាន​បកស្រាយ​ថា ការ​លក់​ក្នុង​តម្លៃ​ខុស​គ្នា​រវាង​ស្ថានីយ​នីមួយ​ៗ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត ដោយសារ​មាន​កត្តា​ច្រើន​ដូច​ជា ស្ថានីយប្រេងឥន្ធនៈ​នៅ​ភ្នំពេញ បាន​ជួល​ដី​សម្រាប់​សង់​ស្ថានីយ ហើយ​ការ​ចំណាយ គឺ​ខ្ពស់​ជាង​នៅ​តាម​បណ្ដា​ខេត្ត ។ មួយ​វិញ​ទៀត ចំពោះ​ស្ថានីយ​នៅ​តាម​ខេត្ត​មួយ​ចំនួន គ្រាន់តែ​បើក​ជា​លក្ខណៈ​គ្រួសារ ហើយ​គាត់​មាន​ដី​ផ្ទាល់ខ្លួន និង​មិន​ជួល​បុគ្គលិក​សម្រាប់​ធ្វើការ​ទេ ​។ ដូចនេះ គាត់​អាច​លក់​សាំង​ក្រោម​ការ​កំណត់​របស់​ក្រសួង​បាន ។

លោក សុខ សុ​ភ័​ក្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្មបាន​មាន​ប្រសាសន៍​ថា ប្រភព​នៃ​ការ​ផលិត​ប្រេង គឺ​នៅ​អា​រ៉ាប់​ឯណោះ​ទៅ​វិញ​ទេ ហើយ​បើសិនជា​មាន​បញ្ហា​ណាមួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ផលិត​ប្រេង​នៅ​លើ​ពិភពលោក វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ចុះ​។ ដូចនេះ យើង​ឃើញ​ថា តម្លៃ​ប្រេង​មាន​ឡើង​មាន​ចុះ មិន​មែន​ឡើង​រហូត ហើយ​ក៏​មិនមែន​ចុះ​រហូត​ដែរ ។ លោក គឹ​ម មាស​សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល បាន​ឲ្យ​ដឹង​ដែរ​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏​បាន​ស្វែងរក​ភាព​មិន​ប្រក្រតី​នៅ​តាម​ស្ថានីយ​លក់​ប្រេង​នានា​ទូ​ទាំង​ប្រទេស​ផង​ដែរ ដើម្បី​ធានា​គុណភាព និង​ភាព​ត្រឹមត្រូវ​ជូន​អ្នក​ប្រើប្រាស់​ទាំង​អស់​។ កន្លង​មក អគ្គនាយកដ្ឋាន​បាន​រក​ឃើញ​ករណី​លក់​សាំង​មិន​គ្រប់​ចំណុះ​ទៅ​អតិថិជន ព្រមទាំង​បាន​ព្រមាន​ដល់​ម្ចាស់​ស្ថានីយ​ឲ្យ​បញ្ឈប់ បើ​នៅ​តែ​មិន​បញ្ឈប់ អគ្គនាយកដ្ឋាន​នឹង​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធា​រណៈ ហើយ​បើ​នៅ​តែ​មិន​រាងចាល​ទៀត នឹង​អាច​ឈាន​ដល់​ការ​ដកហូត​អាជ្ញាប័ណ្ណ​បិទ​អាជីវកម្ម​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ