ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​សភា​សំរេច​អនុ​ម័ត​ឱ្យ​រដ្ឋា​ភិបាល​ប្រើ​ប្រាស់​កម្ចី​​បរ​ទេស​សំរាប់​ឆ្នាំ​២០១១

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ពិភាក្សា​ដេញ​ដោល​យ៉ាង​តឹង​តែង​លើ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ហិរញ្ញ​វត្ថុ​​សំរាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១១ រដ្ឋ​សភា​​បាន​សំរេច​ជា​ឯក​ច្ឆន្ទ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​កាល​ពី​ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១០ នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក។ នៅ​ក្នុង​ច្បាប់​នេះ​បាន​អនុ​ញ្ញាត​ឱ្យ​រាជ​រដ្ឋា​ភិបាល​ប្រើ​ប្រាស់​ចំនួន​ ទឹក​ប្រាក់​ជា​អតិ​បរមា​នៃ​ឥណ​ទាន​ថវិកា​ថ្នាក់​ជាតិ​សំរាប់​ការ​​គ្រប់​ គ្រង​ឆ្នាំ​២០១១ ត្រូវ​បាន​កំណត់​ស្មើ​នឹង​៩.៨៤៩.៦៥២​លាន​រៀល

រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ពិភាក្សា​ដេញ​ដោល​យ៉ាង​តឹង​តែង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​​សំរាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១១ រដ្ឋ​សភា​​បាន​សំរេច​ជា​ឯក​ច្ឆន្ទ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១០ នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក។ នៅ​ក្នុង​ច្បាប់​នេះ​បាន​អនុ​ញ្ញាត​ឱ្យ​រាជ​រដ្ឋា​ភិបាល​ប្រើ​ប្រាស់​ចំនួន​ទឹក​ប្រាក់​ជា​អតិ​បរមា​នៃ​ឥណ​ទាន​ថវិកា​ថ្នាក់​ជាតិ​សំរាប់​ការ​​គ្រប់​គ្រង​ឆ្នាំ​២០១១ ត្រូវ​បាន​កំណត់​ស្មើ​នឹង​៩.៨៤៩.៦៥២​លាន​រៀល។ ការ​អនុ​ម័ត​នេះ​មាន​សំលេង​គាំទ្រ​៧៦​លើ​៩៨​សំលេង។

យោង​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ត្រង់​ជំពូក​ទី​២ មាត្រា​៧ ចែង​ថា អនុ​ម័ត​យល់​ព្រម​ឱ្យ​រាជ​រដ្ឋា​ភិបាល​ខ្ចី​ប្រាក់​ពី​​បរ​ទេស​មាន​កំរិត​រហូត​ដល់​៤០០.០០០.០០០S.D.R សំរាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១១។ ការ​ខ្ចី​ដែល​ត្រូវ​ចុះ​កិច្ច​សន្យា​ក្នុង​កំរិត​ខាង​លើ​ត្រូវ​មាន​លក្ខណៈ​ជា​ការ​ខ្ចី​​សម្ប​ទាន​ដែល​ត្រូវ​សង​វិញ​ជា​មួយ​ប្រាក់​​អនុ​គ្រោះ។ នៅ​ក្នុង​លក្ខ​ខណ្ឌ​នេះ​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ជា​អ្នក​មាន​សិទ្ធិ​ស្រប​ច្បាប់​តែ​មួយ​គត់​​តាម​ការ​ប្រទាន​សិទ្ធិ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​នាយក​រដ្ឋ​​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ចុះ​ហត្ថ​លេខា​លើ​ការ​ខ្ចី​ជា​គុណ​ប្រយោជន៍​នៃ​ថវិកា​ទូទៅ​របស់​រដ្ឋ ឬ​លើ​ការ​ធានា​របស់​រដ្ឋ ហើយ​ត្រូវ​ធ្វើ​របាយ​ការណ៍​ស្តីពី​ការ​អនុ​វត្ត​នៃ​ការ​ខ្ចី និង​ការ​ធានា​នេះ​ជូន​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​រៀង​រាល់​៦​ខែ​ម្តង។

លោក​ជាម យៀម ប្រធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ ធនា​គារ និង​សវ​កម្ម​នៃ​រដ្ឋ​សភា​បាន​មាន​ប្រសាសន៍​ថា ថវិកា​កម្ចី​ទាំង​នេះ​រដ្ឋា​ភិបាល​នឹង​ត្រូវ​ប្រើ​ប្រាស់​ចំពោះ​​ភាព​ជាក់​ស្តែង​ជា​បន្ទាន់​ដូច​ជា​ផ្នែក​សង្គម​កិច្ច មនុស្ស​ធម៌ សង្គ្រោះ​បន្ទាន់ ឬ​គ្រោះ​មហន្ត​រាយ​នានា​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ។ ​ថវិកា​ទាំង​នេះ​មាន​ការ​ប្រាក់​ទាប ហើយ​ត្រូវ​បង្វិល​ការ​ប្រាក់​ទៅ​គេ​វិញ​ក្នុង​រយៈ​ពេល​ចាប់​ពី​១០​ឆ្នាំ ១១​ឆ្នាំ ​ក្រោយ​ពី​បាន​ទទួល​រហូត​ដល់​រយៈ​ពេល​៣០​ឆ្នាំ។ បើ​ទោះ​បី​ជា​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ជំទាស់​សម រង្ស៊ី ដែល​ស្ថិត​នៅ​ក្រៅ​រដ្ឋា​ភិបាល​មិន​គាំទ្រ​ចំពោះ​ច្បាប់​នេះ​ក្តី ក៏​សមា​ជិក​សភា​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​គ្រប់​​គ្រង​ប្រទេស​ច្រើន​លើស​លប់​បាន​បោះ​ឆ្នោត​គាំទ្រ​ក្នុង​ចំណោម​អ្នក​​​តំណាង​​រាស្ត្រ​សរុប​១២៣​រូប។ ការ​អនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ដាក់​ទៅ​​ក្នុង​កិច្ច​ការ​ប្រញាប់ ហើយ​ប្រើ​រយៈ​ពេល​១​ថ្ងៃ​កន្លះ។

លោក​ឈាង វ៉ុន តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជា​ជន​​មាន​ប្រសាសន៍​ថា “យើង​​ខ្ចី​គេ​យក​មក​អភិ​វឌ្ឍ​ប្រទេស​ជាតិ ហើយ​គេ​ឱ្យ​យើង​​ខ្ចី​គេ​យល់​ថា យើង​ជា​អ្នក​មាន​គំនិត​​ដើម្បី​ប្រើ​ប្រាស់​ថវិកា​នេះ តែ​បើ​យើង​គ្មាន​គំនិត ឬ​គេ​មិន​ជឿ​ទុក​ចិត្ត​យើង​ទេ គេ​ក៏​មិន​ឱ្យ​យើង​ខ្ចី​ដែរ។ ​នៅ​លើ​ពិភព​លោក​យើង​នេះ​ប្រទេស​ណា​ក៏​ខ្ចី​លុយ​គេ​ដែរ ឬ​ក៏​ជំពាក់​បំណុល​គេ​ដែរ ហើយ​នៅ​​ពេល​យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​យើង​លែង​ខ្ចី​គេ​ហើយ”។ យោង​តាម​តារាង​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​នៃ​សេចក្តី​ព្រាង​ច្បាប់​ដដែល​​ឱ្យ​ដឹង​ថា សរុប​រួម​ចំណាយ​សំរាប់​ឆ្នាំ​២០១១ មាន​៩.៨៤៩.៦៥២​លាន​រៀល ដែល​ក្នុង​នោះ​ចំណាយ​ថ្នាក់​កណ្តាល​មាន​ប្រមាណ​៨.៤៩៣.៨៦៧​លាន​រៀល និង​មន្ទីរ​ជំនាញ​រាជ​ធានី​-ខេត្ត ១.៣៥៥.៧៨៥​លាន​រៀល។ ព្រះ​រាជ​វាំង ៥០.៨៦៤,៣​លាន​រៀល រដ្ឋ​សភា​១០៧.៨៩៤,២​លាន​​រៀល, ព្រឹទ្ធ​សភា​៣៥.០០១,០​លាន​រៀល, ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ៦.៧៩៦,៨​លាន​រៀល, ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី ២៤៤.៦៩៦,៣​លាន​រៀល, រដ្ឋ​​លេខា​ធិការ​ដ្ឋាន​មុខ​ងារ​សាធា​រណៈ ៣.០៩៧,០​លាន​រៀល ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ៥.៦៥៩,៦​លាន​រៀល ក្រសួង​មហា​ផ្ទៃ, រដ្ឋ​បាល​ទូទៅ ៥៥.៧៤៨,៥​លាន​រៀល, ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា​ព្រឹទ្ធ​សភា និង​អធិ​ការ​កិច្ច​ ១៥.៩២៥,១​លាន​រៀល។

សំរាប់​ក្រសួង​ការ​បរ​ទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ៧៤.៣៦៥,៩​លាន​រៀល, ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ៨៧.៨១៣,២​លាន​រៀល, ក្រសួង​ផែន​ការ​ ២៤.៩០៤,៨​លាន​រៀល, ក្រសួង​យុត្តិ​ធម៌ ៣៥.៩៧៧,៥​លាន​រៀល, គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ១៣.៥៨៥,៧​លាន​រៀល, អាជ្ញា​ធរ​សវន​កម្ម​ជាតិ ៦.៤៦៦,៤​លាន​រៀល, វិស័យ​ការ​ពារ​ជាតិ និង​សន្តិ​សុខ ១.២៤៧.៧៨២,១​លាន​រៀល, ក្រសួង​ការ​ពារ​ជាតិ ៧៧៩.៨៧៩,០​លាន​​​រៀល, ក្រសួង​មហា​ផ្ទៃ សន្តិ​សុខ​សាធា​រណៈ ៤៦៧.៩០៣,៧​លាន​រៀល, វិស័យ​សង្គម​កិច្ច ២.១០៦.៥៩០,២​លាន​រៀល, ក្រសួង​ព័ត៌​មាន ៥២.០៩៥,៣​លាន​​រៀល និង​ក្រសួង​សុខា​ភិបាល ៦៩៤.៣៣១,៤​លាន​រៀល៕