ក្នុងកិច្ចប្រជុំស្តីអំពីស្ថានការណ៍នៅប្រទេសលីប៊ី ដែលរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ មីនា កន្លងមក អ្នកចូលរួមទាំងអស់បានឯកភាពគ្នាបង្កើនសម្ពាធទាំងផ្នែកនយោបាយ និងយោធា ប្រឆាំងមេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី ។ រដ្ឋមន្ត្រីការបរទេស និងតំណាងជាង៤០រូប មកពី អង្គការក្នុងតំបន់សំខាន់ៗបានចូលរួមកិច្ចប្រជុំនោះ ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅលីប៊ី និងដើម្បីដោះស្រាយវិបត្តិនៅប្រទេសនេះ ។ ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីការបរទេស និងតំណាងទាំងអស់បានឯកភាពគ្នាថា ពេលនេះលោកកាដាហ្វី និងអាជ្ញាធរដែលស្ថិតក្រោមការដឹកនាំរបស់លោកបានបាត់បង់ភាពស្របច្បាប់ទាំងស្រុង ហើយត្រូវតែទទួលខុសត្រូវចំពោះទង្វើដ៏សាហាវឃោរឃៅរបស់ខ្លួន ។
សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក William Hague ដែលធ្វើជាប្រធានកិច្ចប្រជុំនោះនិយាយថា ពលរដ្ឋលីប៊ីត្រូវតែមានការកំណត់ពីជោគវាសនា និងអនាគតរបស់ពួកគេដោយសេរី ។ ក្នុងកិច្ចប្រជុំ អ្នកចូលរួមទាំងអស់បានទទួលស្គាល់ពីតម្រូវការចាំបាច់សម្រាប់ពលរដ្ឋលីប៊ី ក៏ដូចជាសម្រាប់ក្រុមប្រឹក្សាធ្វើអន្តរកាលជាតិបណ្តោះអាសន្ន និងបណ្តាមេដឹកនាំកុលសម្ព័ន្ធ។
ក្នុងឱកាសនោះដែរ អ្នកចូលរួមទាំងអស់អះអាងបញ្ជាក់សាជាថ្មីម្តងទៀតនូវការតាំងចិត្តរបស់ពួកគេក្នុងការអនុវត្ត និងរឹតបន្តឹងទណ្ឌកម្មប្រឆាំងរបបរបស់លោកកាដាហ្វី ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន ថ្លែងថា កិច្ចប្រជុំនៅទីក្រុងឡុងដ៍ ត្រូវរៀបចំធ្វើឡើងក្រោយពីអង្គការអូតង់យល់ព្រមទទួលយកតួនាទីជាមេដឹកនាំបេសកកម្មរបស់បណ្តាប្រទេសសម្ព័ន្ធមិត្តនៅលីប៊ី ៕
ចែករំលែកព័តមាននេះ