ខេត្តកំពង់ឆ្នាំង ៖ នៅទូទាំងប្រទេស មានសហគ្រាសខ្នាតូច ខ្នាតមធ្យម និងធំ ជាង៥០ម៉ឺនកន្លែងដែលបាននិងកំពុងប្រតិបត្តិអាជីវកម្មរបស់ខ្លួន ក្នុងនោះមានតែជាង៥%ប៉ុណ្ណោះដែលបានចុះបញ្ជិកាត្រឹមត្រូវ ហើយសិប្បកម្មភាគច្រើនបង្កើតឡើងដោយខ្លួនឯង និងពុំមានការណែនាំ ឬរៀបចំពីមន្ត្រីជំនាញឡើយ ដូច្នេះ ក្រសួងបានស្នើឲ្យមន្ត្រីជំនាញចុះណែនាំឲ្យបានច្រើនដង មុននឹងឈានដល់ចំណាត់ការតាមផ្លូវច្បាប់ ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើង ។
ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្ម នៅសាលាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៦ មេសា កន្លងមក លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្ពុជាកំពុងធ្វើកំណែទម្រង់លើវិស័យសិប្បកម្មជាបណ្តើរៗ ដើម្បីឈានទៅដល់ការប្រកួតប្រជែងទីផ្សារ ហើយនៅពេលម្ចាស់សិប្បកម្មព្រមទទួលយកការអប់រំណែនាំរបស់មន្ត្រីជំនាញ ដោយអនុវត្តតាមបទដ្ឋានត្រឹមត្រូវនោះ សិប្បកម្មរបស់ពួកគាត់នឹងឈានដល់ការប្រកួតទីផ្សារទាំងក្នុង និងក្រៅស្រុកជាពុំខាន ។
លោកថ្លែងថា ៖« មន្ទីរជំនាញត្រូវធ្វើការអប់រំណែនាំ ពន្យល់អំពីច្បាប់ បទដ្ឋាននានាពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ ដល់សិប្បករទាំងអស់ឲ្យបាន១ឬ២ដង មុននឹងសម្រេចបញ្ជូនសំណុំរឿង ទៅកាន់តុលាការ » ។
លោកបន្ថែមថា ៖« យើងកំពុងតែអនុវត្តនូវផ្នែកមាត្រាសាស្ត្រលើមុខទំនិញផ្សេងៗ ដែលទិញដោយការថ្លឹងទម្ងន់ និងទិញដោយការប្រើរង្វាស់រង្វាល់ ជាដើម ដោយសារកន្លងមក នៅតាមស្ថានីយប្រេងនានាមានការលក់ដោយកេងបន្លំប្រជាពលរដ្ឋ ដូចជា ចាក់១០០លីត្រ បាន៩៥លីត្រ និងបន្លំគុណភាព ពីប្រេងធម្មតាលក់តម្លៃប្រេងស៊ុបពែរ ជាដើម » ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ទីរជំនាញខិតខំរកដៃគូវិនិយោគលើការផលិតទឹកស្អាតឲ្យបានច្រើនដល់ទីជនបទផងដែរ ព្រោះទឹកស្អាតមានសារសំខាន់ខ្លាំងណាស់ មិនដូចទឹកអណ្ដូង ឬទឹកទន្លេ ដែលមានមេរោគ ឬមានសារធាតុអ្វីផ្សេងទៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាពឡើយ ហើយក៏ត្រូវធានាឲ្យបានទាំងនិរន្តរភាព និងគុណភាពផងដែរ ។
សហគ្រាសខ្នាតតូច មធ្យម និងធំ របស់កម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ហើយកំពុងដើរតួជាអ្នកនាំចេញដ៏សំខាន់ក្នុងការរួមចំណែកដល់ការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ។ ទោះជាយ៉ាងនេះក្ដី វិស័យនេះត្រូវបានគេមើលឃើញថា ហាក់ពុំសូវមានការរីកចម្រើន ដោយសារកត្ដាមួយចំនួនដូចជា កង្វះខាតដើមទុន, ប្រព័ន្ធគ្រប់គ្រងនៅមានកម្រិត និងកត្តាបច្ចេកវិទ្យា ជាដើម ស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជួយជ្រោមជ្រែងវិស័យនេះផងដែរ ។
យោងតាមរបាយការណ៍ស្ដីពី ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច វិស័យឧស្សាហកម្ម នឹងបន្តរក្សាកំណើនរឹងមាំក្នុងអត្រាប្រចាំឆ្នាំរង្វង់១០%ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ និងការបន្តកំណើននៃវិស័យកាត់ដេរ ស្របនឹងសន្ទុះកំណើនខ្ពស់វិស័យកម្មន្តសាលមិនមែនកាត់ដេរទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក ។
ចំណែកវិស័យឧស្សាហកម្មផ្សេងទៀតត្រូវបានរំពឹងថា នៅរក្សាបាននូវកំណើនល្អដដែលក្នុងរង្វង់១១,៩%ក្នុងឆ្នាំ២០១៨ និង១២,២%ក្នុងឆ្នាំ២០១៩ ដោយសារការពង្រីកការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មី ក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលជាជន្ទល់កំណើនមួយដ៏រឹងមាំ រួមមាន ៖ ការផលិតម្ហូបអាហារ និងភេសជ្ជៈ, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបន្លាស់, គ្រឿងសង្ហារិម, កង់ និងស៊ីម៉ងត៍ ជាដើម ៕
ចែករំលែកព័តមាននេះ