ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមកមើលដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ World Cup 2018 ​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ

5 ឆ្នាំ មុន

ក្រោយ​ពី​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ត្រឹម​វគ្គ​ចែក​ពូ​ល​នេះ​កាលពី​ឆ្នាំ​២០១៤ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៦​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA បាន​នឹង​កំពុង​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​សា​ជា​ថ្មី ដោយ​ប្រកួត​ឈ្នះ​ជា​បន្តបន្ទាប់​ក្រោម​ការ​ដឹកនាំ​របស់​លោក Lopetegui ។ ក្រុម​ជម្រើសជាតិ​ដែល​មាន​រហស្សនាម​ថា​គោ​ជល់​ខាងលើ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍…

ក្រោយ​ពី​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ត្រឹម​វគ្គ​ចែក​ពូ​ល​នេះ​កាលពី​ឆ្នាំ​២០១៤ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៦​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA បាន​នឹង​កំពុង​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​សា​ជា​ថ្មី ដោយ​ប្រកួត​ឈ្នះ​ជា​បន្តបន្ទាប់​ក្រោម​ការ​ដឹកនាំ​របស់​លោក Lopetegui ។

ក្រុម​ជម្រើសជាតិ​ដែល​មាន​រហស្សនាម​ថា​គោ​ជល់​ខាងលើ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ដំបូង​នៅ​ឆ្នាំ​១៩៣៤ ដែល​មក​ដល់​ពេល​នេះ គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​១៥​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ ។ ក្នុង​ចំណោម​ការ​ឡើង​ទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​២​លើក​(១៩៥០ និង ២០១០) អេ​ស្ប៉ា​ញ​ធ្វើ​បាន​សម្រេច​១​លើក ដោយ​ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ឆ្នាំ​២០១០ និង​គ្រង​ជា​ម្ចាស់​ជើងឯក​ពេល​នោះ​តែ​ម្តង ។

ក្តី​រំពឹង ៖ ឆ្លងកាត់​បទ​ពិសោធន៍​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន​នា​ពេល​កន្លង​មក ធ្វើ​ឱ្យ​អេ​ស្ប៉ា​ញ​កាន់តែ​ស្គាល់​ច្បាស់​ពី​ចំណុចខ្សោយ​របស់​ខ្លួន​ដែល​ជាដើម​ចម​នៃ​ភាព​បរាជ័យ និង​បាន​កែប្រែ​ភាព​ខ្វះខាត​ទាំងនោះ តាម​រយៈ​ការ​រុះរើ​កូនក្រុម​ជាដើម ។ មុន​នឹង​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​នេះ អេ​ស្ប៉ា​ញ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​១០​ប្រកួត ឈ្នះ​៩​ដង និង​ស្មើ​១​ដង ។ ពួក​គេ​បាន​ក្រសោប​ភាព​ជោគជ័យ​ទាំង​អម្បាលម៉ាន អម​ដោយ​ក្តី​សង្ឃឹម​ខ្ពស់​ថា នឹង​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ដោយ​ស្រួល ដ្បិត​ពេល​នេះ​អេ​ស្ប៉ា​ញ​ស្ថិត​នៅ​ពូ​ល B ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ ម៉ា​រ៉ុ​ក និង​អុី​រ៉​ង់ ។

គ្រូ​បង្វឹក ៖ បន្ទាប់​ពី​ដឹកនាំ​ពុំ​បាន​ល្អ និង​ធ្វើ​ឱ្យ​ក្រុម​ធ្លាក់​ចេញពី​ការ​ប្រកួត​យូ​រ៉ូ​ឆ្នាំ​២០១៦ ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ លោក Del Bosque ក៏​សម្រេច​ចូល​និវត្តន៍​នា​ពេល​នោះ ។ នៅ​ឆ្នាំ​ដដែល​នេះ អេ​ស្ប៉ា​ញ​ក៏​បាន​តែងតាំង​លោក Julen Lopetegui ឱ្យ​ដឹកនាំ​បន្ត ។ លោក Lopetegui ក៏​ជា​អតីត​អ្នកចាំទី​ដ៏​ឆ្នើម​មួយ​រូប​ផង​ដែរ​នា​សម័យកាល​របស់​គាត់ ។ បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ ធ្លាប់​ចូលរួម​លេង​ជាមួយ​ក្លិប​ធំ​ៗ​នៅ​អេ​ស្ប៉ា​ញ​ដូច​ជា Barcelona, Real Madrid និង​ក្លិប​ជា​ច្រើន​ទៀត ។ យ៉ាងណាមិញ លោក Lopetegui មិន​ទាន់​បាន​សាង​ស្នាដៃ​អ្វី​ដុំ​កំភួន​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅឡើយ​ទេ ។

កីឡាករ Super Star ប្រចាំ​ក្រុម ៖ ដ្បិតតែ​ជា​ខ្សែការពារ ប៉ុន្តែ Sergio Ramos គឺជា​ប្រធាន​ក្រុម និង​ត្រូវ​បាន FIFA ចាត់ទុកជា​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​មួយ​រូប​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ។ Ramos ដែល​បច្ចុប្បន្ន​លេង​នៅ​ក្លិប Real Madrid ជា​តួអង្គ​សំខាន់​នៃ​ភាព​ជោគជ័យ​ដ៏​គគ្រឹកគគ្រេង​របស់​អេ​ស្ប៉ា​ញ ដែល​ខ្សែការពារ​រូប​នេះ​ជួយ​ក្រុម​ជម្រើសជាតិ​ឱ្យ​គ្រង​ពានរង្វាន់​យូ​រ៉ូ​ពីរ​រដូវ​កាល​ជាប់​គ្នា​នា​ឆ្នាំ​២០០៨ និង​២០១២ ព្រមទាំង​ជ័យជម្នះ​នៅ World Cup ២០១០ ផង​ដែរ ។ Ramos ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ជាមួយ​ក្រុម​គោ​ជល់​ឈុត​ធំ​ដំបូង​នៅ​ឆ្នាំ ២០០៥ រហូត​មក​ដល់​ពេល​នេះ​រូប​លោក​បាន​បង្ហាញខ្លួន​ចំនួន​១៥១​ប្រកួត ថែម​ទាំង​អាច​រកបាន​១៣​គ្រាប់​ទៀត​ផង ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Pepe Reina (Napoli), David De Gea (Man Utd), Arrizabalaga (Bilbao) ។

-​ខ្សែការពារ ៖ Sergio Ramos, Carvajal និង Nacho (Real Madrid), Gerard Pique និង Jordi Alba (Barcelona), Azpilicueta និង Marcos Alonso (Chelsea), Odriozola (Sociedad) Nacho Monreal (Arsenal) ។

-​ខ្សែបម្រើ ៖ Andrés Iniesta និង Busquets (Barcelona), Koke និង Saúl (Atletico), Isco និង Marco Asensio (Real Madrid), Thiago (Bayern), Daniel Parejo (Valencia), Rodri (Villarreal), David Silva (Man City)​។

-​ខ្សែប្រយុទ្ធ ៖ Diego Costa (Atletico), Iago Aspas (Celta), Lucas Vázquez (Real Madrid) Rodrigo (Valencia), Álvaro Morata និង Pedro (Chelsea), David Villa (New York), Gerard Deulofeu
(Watford) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ