ខេត្តកំពង់ស្ពឺ ៖ ស្ត្រីមាឌធំម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់ដែលធ្វើការជាមួយគ្នាបណ្តាលឱ្យរងរបួសជាទំងន់ ។ ករណីហិង្សានេះកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដោក លិន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិតាំងស្រឡៅ (ថ្នល់រទះភ្លើង) បន្ទាប់ពីបានប្រើហិង្សាវាយទៅលើឈ្មោះ ទូច សុខឡៃ ភេទស្រី អាយុ២១ឆ្នាំ ដែលស្នាក់នៅធ្វើការខារ៉ាអូខេចំណុចផ្ទះកើតហេតុខាងលើ ។
យោងតាមការសាកសួរសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគ្មានអ្នកណាដឹងថា អ្នកទាំង២មានទំនាស់នឹងគ្នារឿងអ្វីឡើយ ។ ពេលស្ត្រីរងគ្រោះកំពុងអង្គុយសុខៗស្រាប់តែស្ត្រីដៃដល់មិនដឹងមកពីណាបានស្ទុះទៅវាយស្ត្រីរងគ្រោះបណ្តាលឱ្យសន្លប់ស្តូកស្តឹងតែម្តង ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះអ្នកធ្វើការជាមួយគ្នាបានរាយការណ៍ទៅកាន់សមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនស្ត្រីដៃដល់ ហើយបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
បើតាមការសាកសួររវាងស្ត្រីរងគ្រោះ និងស្ត្រីដៃដល់គឺមិនមានរឿងអ្វីធំដុំនោះទេ គឺជម្លោះកើតមានដោយសារតែការនិយាយបង្អាប់គ្នារឿងមាឌតូចមានធំ ។ ជាងនេះទៅទៀតគឺម្នាក់ក្នេងម្នាក់ចាស់ ស្ត្រីរងគ្រោះមានអ្នកចូលចិត្តច្រើន ចំណែកស្ត្រីដៃដល់មិនសូវមានអ្នកចូលចិត្ត ៕
ចែករំលែកព័តមាននេះ