ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ថ្ងៃ​វិសាខបូជា​៖«​សូម​កម្ពុជា​មាន​តែ​សុខ​សន្តិភាព និង​រីក​ចម្រើន​ជា​និច្ច​និរន្តរ៍​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​បុណ្យ​សាសនា​ដទៃ​ៗ​ទៀត​ពីព្រោះ ពិធីបុណ្យ​នេះ គឺ​បាន​បង្ហាញ​នូវ​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំ​ៗ​បី នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ បុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​បុណ្យ​សាសនា​ដទៃ​ៗ​ទៀត​ពីព្រោះ ពិធីបុណ្យ​នេះ គឺ​បាន​បង្ហាញ​នូវ​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំ​ៗ​បី នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផង​ដែរ ។

ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​ចំ​ថ្ងៃ​១៥​កើត ខែពេញបូណ៌មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញវង់​ក្នុង​ខែ​ពិសាខ​ដូច​គ្នា ខុស​តែ​ឆ្នាំ​តែ​ប៉ុណ្ណោះ ។ សម្រាប់​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​យ៉ាង​អ​ធឹ​ក​អធម ហើយ​តាម​ទី​អារាម​នានា​ប្រជាពលរដ្ឋ​ក៏​បាន​យក​ចង្ហាន់ ទៀន​ធូប​ផ្កា​ភ្ញី​ទៅ​បូជា​ព្រះ និង​ប្រគេន​ព្រះសង្ឃ​ផង​ដែរ ។

យ៉ាងណាមិញ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម បួងសួង​ឲ្យ​ប្រទេស​ជាតិ​មាន​តែ​ក្តី​សុខ និង​ការ​រីក​ចម្រើន ។ សម្តេច​បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​ក្នុង​ថ្ងៃ​បុណ្យ​វិសាខបូជា ថ្ងៃនេះ ខ្ញុំព្រះករុណា​ខ្ញុំ និង​ភរិយា​សូម​ប្រគេន​ពរ និង​ជូនពរ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ ព្រមទាំង​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស សូម​ទទួល​បាន​នូវ​ពរ​៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​កម្ពុជា​មាន​តែ​សុខ​សន្តិភាព និង​រីក​ចម្រើន​ជា​និច្ច​និរន្តរ៍​» ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏​បាន​ប្រកាស​ទទួលស្គាល់ «​វិសាខបូជា​» ជា​ពិធីបុណ្យ​សាសនា​អន្តរជាតិ​ដែល​បុគ្គលិក​ធ្វើការ និង​សាធារណៈជន​អាច​ប្រារព្ធ​ធ្វើ​បាន​នៅ​ទូ​ទាំង​ពិភពលោក​ទៀត​ផង ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ព្រមទាំង​ពុទ្ធបរិស័ទ​ទូ​ទាំង​ប្រទេស​ជួប​តែ​សេចក្តីសុខ​ចម្រើន និង​ពុទ្ធ​ពរ​៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ហើយ​សូម​បាន​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ការងារ​ថ្ងៃអាទិត្យ​នេះ​ផង​ដែរ ។

បើ​ក្រឡេក​មើល​កម្មវិធី​របស់​នាយក​រដ្ឋមន្ត្រី​វិញ គឺ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា​ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​ជាតិ​អប​មរំ ។ នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​ហ៊ុន​សែន​នឹង​អញ្ជើញ​ចូលរួម​តាម​រោងចក្រ​ក្នុង​ពិ​ធិ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា ខួប​លើក​ទី​១០២ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រោងចក្រ​មី​នី​បៀរ ។

នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៨ នា​វេលា​ម៉ោង​៣​រសៀល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ក្ន​ង​ពិធី​សម្ពោធ​អគារ​ទីស្តីការ និង​បិទ​សន្និបាត​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម ។ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នា​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​គ្រឹះ​បរិស័ទ និង​ពិសា​បាយ​នៅ​កោះ​ពេជ្រ ។ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅ​រាជធានី​ភ្នំពេញ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ