ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​បញ្ញវន្ត​ពិភពលោក​នឹង​រៀបចំ​ជា​លើក​ទី ២​នៅ​ក្រុងភ្នំពេញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ អង្គការ​ស្ទី​ម​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៧ ខែមេសា​ ឆ្នាំ​២០១៨​​នេះ​ថា ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​បញ្ញវន្ត​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​បាន​រៀបចំ​ជា​លើក​ទី​ពីរ​ចាប់ពី​ថ្ងៃអាទិត្យ ទី​៦ និង​ថ្ងៃ​ចន្ទ ទី​៧…

​រាជធានី​ភ្នំពេញ ​៖ អង្គការ​ស្ទី​ម​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៧ ខែមេសា​ ឆ្នាំ​២០១៨​​នេះ​ថា ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​បញ្ញវន្ត​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​បាន​រៀបចំ​ជា​លើក​ទី​ពីរ​ចាប់ពី​ថ្ងៃអាទិត្យ ទី​៦ និង​ថ្ងៃ​ចន្ទ ទី​៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​អភិវឌ្ឍ​ និង​បង្កើន​ដែន​សមត្ថ​ភាព​របស់​សិស្សានុសិស្ស​គ្រប់​ជាតិ​សាសន៍ ។​

​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​លំដាប់​ពិភពលោក​នេះ​ មាន​ជុំ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​សាកល​វិទ្យាល័យ​យែ​ល​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​បំណង​ជំរុញ​សិស្សានុសិស្ស​មក​ពី​គ្រប់​​មជ្ឈដ្ឋាន​ឱ្យ​ស្គាល់​ពី​ចំណុចខ្លាំង​ថ្មី​ៗ​នៃ​ការ​អប់រំ និង​សិក្សា​ជំនាញ​ថ្មី​ៗ ទន្ទឹម​នឹង​ការ​បណ្ដុះ​គំនិត​អនាគត​អ្នកដឹកនាំ​នៃ​សហគមន៍​ថ្មី និង​អ្នក​អភិវឌ្ឍ​ឧស្សាហកម្ម​។ ព្រឹត្តិ​ការណ៍​​នេះ​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជាង​៥០ និង​អាច​ទាក់ទាញ​សិស្ស​ឱ្យ​ចូលរួម​ប្រកួត​ប្រមាណ​ជាង ២០,០០០​នាក់​។​

​កាលពី​ឆ្នាំទៅ អង្គការ​ស្ទី​ម​កម្ពុជា បាន​រៀបចំ​កម្មវិធី​ពានរង្វាន់​បញ្ញវន្ត​ពិភពលោក ជា​លើក​​ដំបូង នៅ​ទីក្រុង​ភ្នំពេញ​ប្រកបដោយ​ភាព​ជោគជ័យ ដោយ​មាន​សិស្ស​អស្ចារ្យ​ចំនួន​៤៩​នាក់ អាច​ឡើង​ទៅ​ប្រ​កួត​នៅ​ជុំ​អន្តរជាតិ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ពួក​​គាត់​បាន​បញ្ចេញស្នាដៃ​បាន​យ៉ាង​ល្អ​ក្នុង​នាម​ជា​អ្នកតំណាង​ប្រទេស​កម្ពុជា និង​បាន​ឈ្នះ​​មេដាយ​ជា​ច្រើន​ជូន​ជាតិ​ទៀត​ផង​។ សិស្ស​ចំនួន​១១​នាក់​ពី​ការ​ប្រកួត​វគ្គ​នេះ បាន​មានឱ​កាស​ឡើង​ទៅ​ប្រកួត​ក្នុង​កម្មវិធី «​ការ​ប្រកួត​យក​ជើងឯក​» នៅ​សាកលវិទ្យាល័យ​យែ​ល នៅ​សហរដ្ឋអាមេរិក​។​

​លោក Daniel Berdichevsky ដែល​ស្ថាបនិក​នៃ​កម្មវិធី​នេះ បាន​លើក​ឡើង​ថា ៖ «​កម្មវិធី​ពានរង្វាន់​បញ្ញវន្ត​ពិភពលោក ហាក់ដូចជា​ការ​ប្រកួតប្រជែង​ធម្មតា​មួយ​អ៊ីចឹង តែ​តាម​ការ​ពិត វា​ពុំ​ដូច្នោះ​ឡើយ​។ កម្មវិធី​នេះ​ ជា​ការ​អបអរ​ដល់​ការ​សិក្សា​… ​វា​មាន​បញ្ចូល​មុខ​វិជ្ជា​ផ្សេង​ៗ​​គ្នា ដោយសារ​នៅ​មុន​ពេល​យើង​អាច​ចាប់​យក​ជំនាញ​ណាមួយ យើង​ត្រូវ​ដឹង​ពី​មុខ​​វិជ្ជា​ទូទៅ​ជា​មុខ​សិន​។ កម្មវិធី​នេះ ​ជំរុញ​ឱ្យ​សិស្ស​ធ្វើការ​ជា​ក្រុម ពីព្រោះ​គ្មាន​អ្វី​ដែល​ពិបាក ​ឬ​អាច​បណ្ដុះ​គំនិត​ជាង​ការ​ដែល​ដឹង​ថា អ្នក​ដទៃ​ត្រូវ​ពឹងផ្អែក​លើ​ខ្លួន​យើង​ឡើយ​។ កម្មវិធី​ពានរង្វាន់​បញ្ញវន្ត​ពិភពលោក ក៏​បាន​បញ្ចូល​ផង​ដែរ​ នូវ​បញ្ហា​ពិភពលោក​ធ្ងន់ធ្ងរ ប៉ុន្តែ​ពុំ​ស៊ីជម្រៅ​ពេក​នោះ​ឡើយ​។ ខ្ញុំ​ជឿ​ថា មុន​នឹង​យើង​អាច​លង់​ស្រឡាញ់​ការ​សិក្សា​បាន យើង​ត្រូវ​ស្វែងរក​ភាព​រីករាយ​ពី​ការ​សិក្សា​ជា​មុន​សិន​»​។​

​សិ​ស្សា​នុ​សិស្យ​នឹង​ត្រូវ​ប្រកួតប្រជែង​ជា​ក្រុម​ដែល​មាន​សមាជិក​ចំនួន​៣​នាក់ ហើយ​ត្រូវ​ប្រកួត​ចំនួន​២​ថ្ងៃ សម្រាប់​ជុំ​ប្រកួត​នៅ​ទី​ក្នុង​ទីក្រុង​ភ្នំពេញ លើ​វិញ្ញាសារ​ចំនួន ០៤ ដូច​ជា​ការ​​ប្រកួត​ជជែក​ពិភាក្សា ការ​សរសេរ​ដោយ​ការ​សហការ​គ្នា ការ​ប្រកួតប្រជែង​បញ្ញា និង​ការ​​ប្រកួត​ឆ្លើយ​សំណួរ​។ ខ្លឹមសារ​រួម​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​គឺ «ពិភពលោក​មួយ​ដ៏​ជាប់​ជំពាក់ជំពិន​» ដែល​រួម​មាន​ប្រធានបទ​ដូច​ជា​ទំនាក់ទំនង​របស់​មនុស្ស ប្រវត្តិ​ការទូត ទីផ្សារ​​ងងឹត និង​វិទ្យាសាស្ត្រ​ស្ដី​ពី​ការ​ចង់​ចាំ​។ កម្មវិធី​ពានរង្វាន់​បញ្ញវន្ត​ពិភពលោក​សម្រាប់​​ជុំ​ប្រកួត​នៅ​ទី​ក្នុង​ទីក្រុង​ភ្នំពេញ​ផ្ដល់​ឱកាស​ដល់​បេក្ខជន ដើម្បី​អាច​ឡើង​ទៅ​ប្រកួត​​នៅ​ជុំ​អន្តរជាតិ​២០១៨ នៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ទីក្រុង​បា​សេ​ឡូ​ណា ឬ​ទីក្រុង​មែល​​ប៊​ន ទៅ​តាម​ជម្រើស​របស់​ពួក​គាត់ និង​ដើម្បី​អាច​បន្ត​ទៅ​ប្រកួត​ក្នុង​កម្មវិធី «ការ​ប្រកួត​​យក​ជើងឯក​» នៅ​សាកលវិទ្យាល័យ​យែ​ល នៃ​សហរដ្ឋអាមេរិក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ http://www.steamcambodia.ngo/world-scholars-cup/
ឬ ទាក់ទង​មក​កាន់​អង្គការ​ស្ទី​ម​កម្ពុជា តាម​រយៈ​អ៊ីមែល at wsc@steamcambodia.ngo ឬ ទូរស័ព្ទ​លេខ ០២៣ ៧២ ៧២៦២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ