ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង សុ​ម៉ា​លី ផ្ទុះ​ប្រតិកម្ម​ជុំវិញ​ព័ត៌មានថា អេ យ៉ា​នុ​ត ជិត​ភ្ជាប់ពាក្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ជុំវិញ​កីឡាការិនី អេ យ៉ា​នុ​ត មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​លោក អ៊ិ​ន សុខ​ហៃ សាច់ញាតិ​របស់​លោក ម៉ា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ជុំវិញ​កីឡាការិនី អេ យ៉ា​នុ​ត មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​លោក អ៊ិ​ន សុខ​ហៃ សាច់ញាតិ​របស់​លោក ម៉ា សេរី អតីត​អ្នក​អត្ថាធិ​ប្បាយ​ព័ត៌មាន​កីឡា​ដ៏​ល្បី​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ីធី​អិន បាន​ធ្វើ​ឱ្យ​គ្រួសារ​ខាង​ស្រី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​បាន​ទាំង​អះអាង​ថា អ្នក​ដែល​បាន​ទម្លាយ​នូវ​ព័ត៌មាន​មិន​ពិត​មួយ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិនាម​កូនស្រី​ខ្លួន ដែល​មិន​បានដឹង​អី​នោះ​ផង ។ អ្នកស្រី​បាន​អះអាង​ថា ការ​ចុះ​ផ្សាយ​បែប​នេះ គឺជា​អ្វី​ដែល​គ្រួសារ​របស់​អ្នកស្រី​មិន​អាច​ទទួលយក​បាន​ទេ​។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​របស់​លោក អេ ភូ​ថង បាន​ថ្លែង​បញ្ជាក់​ថា រវាង​កូនស្រី​របស់​ខ្លួន និង​លោក អ៊ិន សុខ​ហៃ បុគ្គលិក​ទូរទស្សន៍​CNC ពិតជា​បាន​ស្គាល់គ្នា ដោយ​សារ​​តែ​ចាស់​ៗធ្លាប់​ចេញចូល​រាប់អាន​គ្នា​ប៉ុណ្ណោះ​មិន​មាន​ទំនាក់ទំនង​រវាង​កូន​និង​កូន​ដល់​ថ្នាក់​ស្រឡាញ់​គ្នា​នោះ​ទេ ។ អ្នកស្រី​ទទួលស្គាល់​ថា រវាង​កូនស្រី និង​បុរស​នោះ ធ្លាប់​បាន​បណ្ដើរគ្នា​ទៅ​ហូប​បង្អែម​ជា​លក្ខណៈ​ឯកជន​ម្ដង ប៉ុន្តែ​អ្នកស្រី​ដឹង​ថា​កូនស្រី​របស់​ខ្លួន​មិន​បាន​គិត​អី​ជាមួយ​លោក អ៊ិន សុខ​ហៃ នោះ​ទេ ទើប​អ្នកស្រី​ទទួលយក​មិន​បាន ក្នុង​ពេល​​ដែល​កូនស្រី​ខ្លួន​គឺជា​ភាគី​ខូចខាត បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​ពិត និង​មិន​បាន​សួរនាំ ។ អ្នកស្រី​មិន​បានដឹង​ថា តើ​នោះ​គឺជា​ចេតនា​របស់​ភាគី​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​អះអាង​ថា មិន​ដែល​មាន​ភាគី​ខាង​ប្រុសមក​សួរនាំ ឬ​មក​ចែចូវ សូ​ម្បី​តែ​តម្រុយ​ថា​ចាប់អារម្មណ៍​កូនស្រី​របស់​ខ្លួន​ក៏​មិន​មាន​ដូច​គ្នា​ទើបអ្នកស្រី​ថា​ជា​រឿង​ពិបាក​ទទួលយក ។

យ៉ាងណាមិ​ញ អ្នកស្រី​ថា បើ​ទោះជា​លោក អ៊ិ​ន សុខ​ហៃ ចង់​ចូល​ចែចូវ ឬ​ស្ដីដណ្ដឹង​ពិត​មែន ក៏​អ្នកស្រី​មិន​ទាន់​លើក​ឱ្យ​នោះ​ដែរ ដោយសារ​តែ​កូនស្រី​របស់​អ្នកស្រី​ទើបតែ​រៀន​ថ្នាក់​ទី​១១ ហើយ​នៅ​ក្មេង​មិន​ទាន់​ចេះ​គិត ដែល​អ្នកស្រី​យល់​ថា​មិន​អាច​រៀបចំ​ឱ្យ​មាន​គ្រួសារ​នៅឡើយ ។ អ្នកស្រី​ថា អេ យ៉ា​នុ​ត មិន​ខុស​ពី​ក្មេង​ឡិកឡក់​នោះ​ទេ ហើយ​អ្នកស្រី​ប្រឆាំង​ដាច់ខាត​សម្រាប់​ការ​ស្ដីដណ្ដឹង​ទុក ដោយសារ​តែ​អ្នកស្រី​បានឃើញ​ច្រើន​មក​ហើយ​​ថា រឿង​ស្ដីដណ្ដឹង​ទុក​យូរ​គឺ​មិន​ខុស​ពី​ប្រមូលផ្ដុំ​នូវ​បញ្ហា​នោះ​ទេ ។ អ្នកស្រី​ថា អេ យ៉ា​នុ​ត គម្រោង​ឱ្យ​ចូល​រោងការ​រហូត​ដល់​៥​ទៅ​៦​ឆ្នាំ​ទៀត ដោយសារ​អ្នកស្រី​យល់​ថា​កូនស្រី​របស់​ខ្លួន​គួរតែ​ដល់​ពេល​នោះ ទើប​សម​ល្មម​នឹង​មានគ្រួសារ​។

អ្នកស្រី​សាំង សុ​ម៉ា​លី បន្ត​ថា កូនស្រី​របស់​ខ្លួនមក​ទល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​ណា​ស្រឡាញ់​ពេញចិត្ត ឬ​ចែចូវ​នៅឡើយ​ទេ បន្ទាប់​ពី​អ្នកស្រី​ប្រកាស​ជា​មុន​ថា កូន​របស់​អ្នកស្រី​ទុក​រហូត​ទាល់តែ​អាយុ​ដល់​២៥​ឆ្នាំ​ទើប​ឱ្យ​មាន​គូ ។ អ្នកស្រី​មាន​គម្រោង​ឱ្យ​កូនស្រី​ប្រឡូក​ការ​ប្រដាល់​ឱ្យ​បាន​យូរ​សិន ទើប​អនុញ្ញាត​ឱ្យ​រៀប​ការ ហើយ​នឹង​អាច​សម្រេចចិត្ត​ឱ្យ​ឈប់​តែ​ម្ដង​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ជីវិត​គ្រួសារ​ក្រោយ​ពេល​មាន​ប្ដី ។

អ្នកស្រី​បន្ត បើ​ភាគី​លោក អ៊ិ​ន សុខ​ហៃ មានចិត្ត​ស្រឡាញ់​កូនស្រី​ដូច​អ្វី​ដែល​ចុះ​ផ្សាយ គឺ​លុះត្រាតែ​រង់ចាំ​កូនស្រី​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​សិន តែបើ​ចូល​ស្ដី​ទុក​មុន គឺ​មិន​បាន​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក អេ ភូ​ថង ជា​ឪពុក​ក៏​បាន​ប្រកាស​ថា ករណី​ភ្ជាប់ពាក្យ ឬ​គម្រោង​ភ្ជាប់ពាក្យ​គឺ​មិន​មាន​នោះ​ទេ ដោយសារ​តែ​មក​ទល់​ពេល​នេះ មិន​មាន​ភាគី​ណា​មួ​យ​មក​ចែចូវ​កូនស្រី​របស់​លោក​ឡើយ ។ លោក​ក៏​ទុក​សិទ្ធិ​ឱ្យ​ភរិយា​របស់​លោក​គឺជា​អ្នក​អារកាត់​លើ​ករណី​នេះ ព្រោះតែ​កូនស្រី​មាន​តែ​មួយ ដាច់ខាត​ត្រូវ​តែ​គិតគូរ​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​កុំឱ្យ​កើត​មាន​បញ្ហា ។ លោក​ថា​មិន​ចង់​ឃើញ​កូនស្រី​មាន​ប្ដីសី​ហើយ ត្រូវ​បែកបាក់​គ្នា​វិញ​ទេ ទើប​ចង់អោយ​កូន​ចាស់ចិត្ត​ចាស់់​គំនិត​បន្តិច​សិន ទើប​អោយ​រៀប​ការ​តែ ម្ដង ដែល​លោក​និយាយ​សម្រាប់​ពេលវេលា​នោះ គឺ​មិន​អាច​កំណត់​ទេ សំខាន់​អោយ​តែ​កូន​ពេញចិត្ត ហើយ​ត្រូវ​សម​នឹង​កាលៈទេសៈ នឹង​នាង​ក៏​មាន​ជំហរ​ច្បាស់លាស់​ដែរ​នោះ​។

ជាមួយនឹង​ការ​បកស្រាយ​របស់​អ្នកស្រី សាំង សុ​ម៉ា​លី និង​លោក អេ ភូ​ថង ជា​ឪពុក​ម្ដាយ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កីឡាការិនី​អេ យ៉ា​នុ​ត មិន​មាន​ដំណឹង​ភ្ជាប់ពាក្យ ឬ​មាន​គូ​ស្នេហ៍​ដូច​អ្វី​ដែល​មានការ​យល់​ច្រឡំ​នោះ​ទេ ខណៈ​ដែល​គ្រួសាររបស់​កញ្ញា​បាន​ប្រកាស​​ថា នេះ​គឺជា​ផល​ប៉ះពាល់​ធំ​មួយ​ដែល​មិន​អាច​ទទួលយក​បាន ដោយសារ​តែ​មាន​អ្នក​ខ​លម​ក​សួរ​ច្រើន​ហួសប្រមាណ​តាំង​ពី​មាន​ព័ត៌មាន​មិន​ពិត​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ