ខេត្តសៀមរាប ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងត្រូវភ្លើងឆេះអស់នៅសល់តែគ្រោងតួ បន្ទាប់ពីបានបើកក្នុងល្បឿនលឿនដូចព្រួញ ហើយអ្នកបើកបរបាត់បង់ម្ចាស់ការជ្រុលចង្កូតទៅបុករថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋមួយគ្រឿងពីក្រោយ ខណៈពេលកំពុងបើកស្របទិសគ្នាលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឱ្យមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលរាត្រី។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រភូមិគោករុន ឃុំសសរស្តម ស្រុកពួក ខេត្តសៀមរាប។ ទោះបីជាយ៉ាងណា ពុំមានសេចក្តីរាយការណ៍អំពីការស្លាប់បាត់បង់ជីវិតមនុស្សនោះទេ គ្រាន់តែដឹងថា មនុស្ស៤នាក់ជិះនៅក្នុងរថយន្តកាមរីឆ្លាមនោះបានរងរបួសធ្ងន់៣នាក់ និងស្រាលម្នាក់។
លោកអនុសេនីយ៍ឯក តុង លក្ខិណា អធិការរងស្រុកពួកទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ឱ្យដឹងថា យើងមិនទាន់បានដឹងជាក់លាក់អំពីមូលហេតុដែលបណ្តាលឱ្យកើតមានឧប្បត្តិហេតុនោះនៅឡើយទេ ព្រោះនៅមិនទាន់បានហៅភាគីជិះនៅក្នុងរថយន្តកាមរីដែលបុកឆេះនោះមកធ្វើការសាកសួរ។ គ្រាន់តែដឹងថា រថយន្តកាមរី និងរថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋនោះបានបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ លុះទៅដល់ចំណុចកើតហេតុ រថយន្តកាមរីឆ្លាមទំនងជាបើកលឿនពេកធ្វើឱ្យអ្នកបើកបរបាត់បង់ម្ចាស់ការ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តកាម៉ាស្សពីក្រោយ បណ្តាលឱ្យដាច់កង់មួយជួរ បែកផ្កាភ្លើងឆាបឆេះតែម្តង។ ក្រុមសមត្ថកិច្ចថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រស្រុកពួកនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលបណ្តាលឱ្យមានរបួស និងស្លាប់បាត់បង់ជីវិតមនុស្សអស់ជាច្រើននាក់ ក៏ប៉ុន្តែករណីគ្រោះថ្នាក់រហូតដល់ឆេះរថយន្តបែបនេះកម្រឃើញណាស់។
លោកអនុសេនីយ៍ឯក តុង លក្ខិណា បន្ថែមថា រថយន្តដែលរងការឆាបឆេះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ គឺជារថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-0561 បានឆេះអស់ទាំងស្រុង នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ អ្នករងគ្រោះទាំង៤នាក់សុទ្ធសឹងតែអ្នកជិះនៅក្នុងរថយន្តកាមរីឆ្លាម ក្នុងនោះមាន ១-ឈ្មោះហុង ម៉ាង ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបរ, ២-ឈ្មោះសុវ៉ាន រុង ភេទប្រុស អាយុ២៦ឆ្នាំ, ៣-ឈ្មោះចាន់ យី ភេទស្រី អាយុ២៦ឆ្នាំ និង៤-ឈ្មោះរ័ត្ន ភេទស្រី មិនស្គាល់ត្រកូល។ ពួកគេទាំង៤នាក់រស់នៅក្នុងភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែករថយន្តម្ខាងទៀតជារថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋ ពាក់ស្លាកលេខ ផ០០៦៦ ភព៣ បើកបរដោយឈ្មោះកែវ វាសនា ភេទប្រុស។
សាក្សីដែលជាកម្មកររថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋបានប្រាប់សមត្ថកិច្ចនគរបាលស្រុកពួកថា ពេលកើតហេតុនោះគ្មានអ្នកណាដឹងថា មានរថយន្តបុកពីក្រោយទេ គ្រាន់តែឮសំឡេងស្មានតែផ្ទុះកង់រថយន្ត ប៉ុន្តែពេលមើលទៅក្រោយស្រាប់តែឃើញមានភ្លើងឆេះរថយន្តយ៉ាងសន្ធៅសន្ធៅ ពេលនោះអ្នកបើកបរក៏បានគេចខ្លួនបាត់៕



ចែករំលែកព័តមាននេះ