ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ និង​វៀតណាមពិភាក្សា​ពី​បញ្ហា​ភូតគាមអនាម័យ​ដើម្បី​ជំរុញ​ការ​នាំចេញ​ផ្លែ​ឈើ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​របាំង​ពន្ធគយ​រវាង​ប្រទេស​ក្នុង​តំបន់​លែង​ជា​ឧបសគ្គ​សម្រាប់​ការ​នាំ​ចេញ​, ភូតគាម​អនាម័យ​បាន​ក្លាយជា​បញ្ហា​ចម្បង​វិញ​ម្ដង​សម្រាប់​ការ​នាំ​ចេញ​ទៅ​វិញ​ទៅ​មក​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​។ ដោយសារ​តែ​បញ្ហា​នេះ ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ អា​ល្លឺ​ម៉​ង់ ហៅ​កាត់​ថា​GIZ ដែល​តែងតែ​ធ្វើ​កិច្ចការ​លើ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​តំបន់​អាស៊ាន បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​មួយ​រវាង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​របាំង​ពន្ធគយ​រវាង​ប្រទេស​ក្នុង​តំបន់​លែង​ជា​ឧបសគ្គ​សម្រាប់​ការ​នាំ​ចេញ​, ភូតគាម​អនាម័យ​បាន​ក្លាយជា​បញ្ហា​ចម្បង​វិញ​ម្ដង​សម្រាប់​ការ​នាំ​ចេញ​ទៅ​វិញ​ទៅ​មក​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​។ ដោយសារ​តែ​បញ្ហា​នេះ ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ អា​ល្លឺ​ម៉​ង់ ហៅ​កាត់​ថា​GIZ ដែល​តែងតែ​ធ្វើ​កិច្ចការ​លើ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​តំបន់​អាស៊ាន បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​មួយ​រវាង​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​រួម ។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​តំបន់​នៅ​សណ្ឋាគារ​សាន់​វ៉េ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ម្សិលមិញ លោកស្រី​បណ្ឌិត ចាន់ ផល​លឿន អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​នេះ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មាន​ភាព​បន្ស៊ី​គ្នា​សម្រាប់​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម ។

លោកស្រី​បន្ត​ថា ៖« ជា​ជំហាន​ដំបូង យើង​ជួប​ពិភាក្សា​ជាមួយ​ប្រទេស​បី ហើយ​នៅ​ពេល​ដែល​យើង​ដោះស្រាយ​បាន​ហើយ យើង​នឹង​បន្ត​ទៅ​ពិភាក្សា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន ដើម្បី​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​-​នាំ​ចូល​ទៅ​វិញ​ទៅ​មក កាន់តែ​ងាយស្រួល » ។


លោកស្រី​បន្ត​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​ជំហាន​ដំបូង​នេះ​ដែរ ក្រុមការងារ​នឹង​លើកយក​ផ្លែ​ឈើ​ចំនួន​៦​មុខ​ប៉ុណ្ណោះ​មក​ពិភាក្សា និង​ដោះស្រាយ ហើយ​ត្រូវ​រក​ដំណោះស្រាយ​យ៉ាងណា​ពី​ភូតគាម​អនាម័យ ដើម្បី​ធានា​ពី​សុវត្ថិភាព​តាម​ប្រទេស​នីមួយ​ៗ ។ ផ្លែ​ឈើ​៦​មុខ​ដែល​កម្ពុជា ថៃ និង​វៀតណាម​លើកយក​មក​ពិភាក្សា​រួម​មាន ផ្លែស្វាយ ចេក គូ​លេ​ន ម្ទេស ផ្លែ​ស្រកានាគ និង​មៀន ។

លោកស្រី​បន្ថែម​ថា ភូតគាម​អនាម័យ សម្រាប់​ប្រទេស​នីមួយ​ៗ ពិតជា​មាន​សារសំខាន់​ណាស់ ដោយ​មិន​អាច​ខ្វះ​បាន​ឡើយ ដូចនេះ​ហើយ​ប្រទេស​នីមួយ​ៗ​ត្រូវ​តែ​ពិនិត្យ​មើល​ពី​ផលិតផល​មុន​នឹង​នាំ​ចេញ​-​នាំ​ចូល ។ ជា​ឧទាហរណ៍ ប្រទេស​កម្ពុជា​មាន​ភូតគាម​អនាម័យ​ល្អ​ហើយ តែ​យើង​នាំ​ចូល​ផ្លែ​ឈើ​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ដោយ​មិន​ពិនិត្យ​ត្រឹមត្រូវ ជំងឺ​នៅ​ក្នុង​ផ្លែ​ឈើ​ទាំងនោះ អាច​នឹង​ឆ្លង​រាលដាល​ទៅ​ផ្លែ​ឈើ​ក្នុងស្រុក និង​ធ្វើ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ។

លោកស្រី​បញ្ជាក់​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម មាន​និន្នាការ​កើន​ឡើងជា​លំដាប់ ហើយ​មាន​សន្ទុះ​ខ្លាំង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៦ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​មាន​ចំនួន​ជាង​៣,៦​លាន​តោន ហើយ​ក្នុង​ឆ្នាំ​២០១៧ សម្រេច​បាន​ចំនួន​៥,១​លាន​តោន ។
លោកស្រី​បញ្ជាក់​បន្ថែម​ថា ៖« ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម ១៧​ប្រភេទ​ទៅ​កាន់​ប្រទេស​ថៃ ដែល​មាន​បរិមាណ​៣​លាន​តោន ។ ចំណែក​ប្រទេស​វៀតណាម ផលិតផល​កសិកម្ម​កម្ពុជា​ចំនួន​២៧​ប្រភេទ បាន​នាំ​ចេញ​ទៅ និង​មាន​បរិមាណ​សរុប​ជាង​១​លាន​តោន » ។

លោកស្រី Ute Dannenmann អ្នកគ្រប់គ្រង​មូលនិធិ​GIZ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា អ្វី​ដែល​ត្រូវ​ពិភាក្សា​រួម​ក្នុង​កិច្ចប្រជុំ​នា​ពេល​នេះ គឺ​ត្រូវ​ឈ្វេងយល់​ពី​បរិមាណ​ជាតិពុល ជាតិ​គីមី​នៅ​ក្នុង​ផ្លែ​ឈើ​ដែល​បម្រុង​នឹង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ណាមួយ ហើយ​ក៏​ត្រូវ​ដឹង​ថា ប្រទេស​ទាំងនោះ​កំណត់​យក​បរិមាណ​សារធាតុ​គីមី​នោះ​កម្រិត​ណា ដើម្បី​ឲ្យ​ការ​នាំ​ចេញ​របស់​ប្រទេស​នីមួយ​ៗ​មិន​មាន​បញ្ហា និង​ឧបសគ្គ ។
លោកស្រី​និយាយ​ថា ៖« ប្រទេស​ទាំង​បី​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​សម្រាប់​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដទៃ​ទៀត ដូចនេះ ពួក​គេ​ត្រូវ​តែ​ដឹង​ឲ្យ​បាន​ច្បាស់ មុន​នឹង​ផលិត​ហើយ​នាំ​ចេញ ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា ក្រោយ​ពេល​ប្រទេស​មួយទៀត​បដិសេធ​ផលិតផល​ដែល​បាន​នាំ​ចេញ​ទៅ » ។

គួរ​បញ្ជាក់​ថា តាម​សេចក្តី​ប្រកាស​របស់ GIZ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ថៃ និង​វៀតណាម អាច​នឹង​មិន​ទាន់​ប្រើប្រាស់​សក្ដានុពល​អស់​ឲ្យ​ពី​លទ្ធភាព ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ពួក​គេ​នៅឡើយ ។ ការ​សម្របសម្រួល​ពាណិជ្ជកម្ម ដោយ​ឆ្លងកាត់​នីតិវិធី​ពាណិជ្ជកម្ម​ត្រឹមត្រូវ អាច​កាត់​បន្ថយ​ពេលវេលា និង​តម្លៃ​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ដល់​អ្នក​ផលិត ពាណិជ្ជករ ក៏​ដូច​ជា​អតិថិជន ជា​ពិសេស អ្នក​ក្រីក្រ ដែល​អាច​រក​ចំណូល​បាន​បន្ថែម​ទៀត ដោយ​មាន​ទីផ្សារ​ថ្មី​ៗ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម ។ ម្យ៉ាងវិញទៀត គោលនយោបាយ​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​អារម្មណ៍​សុវត្ថិភាព និង​ទទួល​បាន​ទំនិញ​ដែល​មាន​គុណភាព​សម្រាប់​ប្រើប្រាស់​រាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ