ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចំណេញ​យ៉ាងដូចម្ដេច​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​ជា​ថ្មី​សម្រាប់​កម្ពុជា ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច ជា​កាលានុវត្តភាព​ថ្មី​មួយ​សម្រាប់​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ។ លោក ប៉ែន សុ​វិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​សហរដ្ឋអាមេរិក​ជា​ថ្មី​សម្រាប់​កម្ពុជា ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច ជា​កាលានុវត្តភាព​ថ្មី​មួយ​សម្រាប់​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ។

លោក ប៉ែន សុ​វិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ម្សិលមិញ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សហរដ្ឋអាមេរិក​បាន​ផ្តល់​ជូន​កម្ពុជា ចាប់តាំងពី​ដើម​ទសវត្សរ៍​ទី​៩០ ហើយ​ប្រព័ន្ធ​បែប​នេះ សហរដ្ឋអាមេរិក​តែងតែ​ធ្វើ​រៀង​រាល់​២​ឆ្នាំ​ម្តង ដើម្បី​ពិនិត្យ​លើ​មុខទំនិញ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​នីមួយ​ៗ​ដែល​ស្ថិត​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​នាំ​ទំនិញ​ចូល​សហរដ្ឋអាមេរិក ។

លោក​បន្ត​ថា ៖« ក្នុង​ចំណោម​ទំនិញ​ទាំងនោះ កម្ពុជា​ផលិត​បាន​ខ្លះ និង​ទំនិញ​ខ្លះ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ផលិត​បាន​ខ្លួនឯង​ទេ ប៉ុន្តែ​ជា​រួម ការ​ផ្តល់​ការ​អនុគ្រោះ​បែប​នេះ ជា​ការ​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​វិនិយោគ​លើ​មុខទំនិញ​ទាំងនោះ ដើម្បី​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក » ។
លោក​សុ​វិជាតិ បាន​បន្ត​ថា ៖« កន្លង​មក​សហរដ្ឋអាមេរិក​បាន​ផ្តល់​ការ​អនុគ្រោះ​លើ​មុខទំនិញ​ប្រមាណ​៥.០០០​មុខ​ដល់​កម្ពុជា ប៉ុន្តែ​មិនមែន​រាល់​មុខទំនិញ​ទាំងនោះ សុទ្ធតែ​អនុគ្រោះ​ពន្ធ​ទាំងអស់​ទេ គឺ​មាន​ទំនិញ​មួយ​ចំនួន​ក៏​បាន​គិត​ពន្ធ​ក្នុង​កម្រិត​តិចតួច​ផង​ដែរ » ។

សហរដ្ឋអាមេរិក​បាន​ផ្តល់​ជូន​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​លើ​មុខទំនិញ​នាំ​ចេញ​នេះ បាន​ធ្វើ​ឡើង​តាំងពី​ដើម​ទសវត្សរ៍​ទី​៩០ មុន​ពេល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។
អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង បាន​ថ្លែង​ថា ការ​ផ្តល់​កូតា​ពី​សហរដ្ឋអាមេរិក ដើម្បី​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួម​ទាំង​កម្ពុជា​នេះ ពិតជា​ផ្តល់​នូវ​ផល​ចំណេញ​ដល់​កម្ពុជា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​ផលិត​ទំនិញ​ទាំងនោះ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ។
លោក​បន្ត​ថា ការ​ដំឡើង​ពន្ធ​ទំនិញ​របស់​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​លើ​មុខទំនិញ​មួយ​ចំនួន​ដូច​ជា ដែកថែប និង​អាលុយមីញ៉ូម ជាដើម សុទ្ធតែ​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា ទាក់ទាញ​អ្នក​វិនិយោគ​ចិន និង​អ្នក​វិនិយោគ​ដទៃ​ទៀត​មក​ផលិត​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តី​ពី H R 1625 The consolidated Appropriations Act 2018 ដើម្បី​បន្ត​ឡើង​វិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដោយ​ភ្ជាប់​ជាមួយ​ការ​ធ្វើ​ប្រតិសកម្ម ។ ការ​បន្ត​ឡើង​វិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​នេះ នឹង​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១ មក​រា ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០២០ ។ អ្នក​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក គិត​ចាប់ពី​ថ្ងៃ​ទី​១ មេ​សា អាច​មក​ស្នើ​សុំ​ដក​ប្រាក់​ពន្ធ ដែល​បាន​បង់ពន្ធ​រួច​វិញ​បាន តាម​ការ​ជូនដំណឹង​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ។
ទាក់ទង​នឹង​ការ​បន្ដ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​នេះ បើ​តាម​លោក ឡុ​ង កែម​វិចិត្រ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP) របស់​សហរដ្ឋអាមេរិក កន្លង​មក​មាន​សុពលភាព​៣​ឆ្នាំ ។ ហេតុនេះ បន្ទាប់​ពី​២​ឆ្នាំ​ហើយ សហរដ្ឋអាមេរិក​ត្រូវការ​រយៈពេល​ដើម្បី​ពិភាក្សា​ពិនិត្យ​ឡើង​វិញ និង​អនុម័ត​លើ​GSP​ថ្មី ដែល​កន្លង​មក​មិន​ដែល​ផ្អាក តែ​ជា​ការ​អស់​សុពលភាព ដែល​បន្ទាប់​ពី​ការ​ចូល​ជា​ធរមាន​នូវ​GSP​ថ្មី នឹង​មាន​ប្រតិសកម្ម​ទៅ​លើ​ការ​នាំ​ចេញ​ក្នុង​កំឡុង​ពេល​ផុត​សុពលភាព​នោះ ។

​បញ្ជាក់​ថា ៖« កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក​ប្រមាណ​៨២,៦%​នៃ​បន្ទាត់​ពន្ធ​របស់​ខ្លួន ដែល​សុទ្ធតែ​ជា​ផលិតផល​ដែល​កម្ពុជា​មិន​នាំ​ចេញ ឬ​នាំ​ចេញ​តិចតួច ។ ក្នុង​នោះ​មាន​តែ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ (Travelling Goods) ដែល​កម្ពុជា​បាន​នាំ​ចេញ​ច្រើន ហើយ​GSP​របស់​សហរដ្ឋអាមេរិក​នេះ មាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១៨ ដល់​៣១ ធ្នូ ២០២០» ។

តាម​ប្រភព​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៧ មាន​ប្រមាណ​៣.៤៦៤​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​មាន​ទឹកប្រាក់ ៣.០៦៤​លាន​ដុល្លារ ហើយ​សហរដ្ឋអាមេរិក​នាំ​ចេញ​មក​វិញ​មាន​តែ​៤០០​លាន​ដុល្លារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ