រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ មេសា ២០១៨ បានចាប់បញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់(សែកស្អុយ) ចំនួន១០ម៉ឺនដុល្លារអាមេរិកទៅម្ចាស់ដើមបណ្តឹង។ ជនជាប់សង្ស័យឈ្មោះ សេង អូ ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបរជាអ្នករកស៊ី។ សំណុំរឿងនេះស្ថិតនៅដៃលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរស្ត្រីឈ្មោះ សេង អូ ពីបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។
ដើមចមក្នុងសំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចបបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០១៧ ឈ្មោះ សេង អូ បានទៅលួងលោមឈ្មោះ កែវ វណ្ណា សុំខ្ចីប្រាក់ចំនួន១៩ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅពង្រីកអាជីវកម្មខារ៉ាអូខេ និងហាងកាត់ដេររបស់ខ្លួន ដោយសន្យារយៈពេលមួយឆ្នាំ និង បង្វិលប្រាក់សងឲ្យលោក កែវ វណ្ណា វិញ។ លុះដល់ថ្ងៃកំណត់ឈ្មោះ សេង អូ ពុំសងប្រាក់ទៅដើម បណ្តឹងវិញទេ ហើយស្ត្រីជាប់សង្ស័យបានចេញមូលប្បទានបត្រ២សន្លឹកឲ្យទៅឈ្មោះ កែវ វណ្ណា ដែលសែកនោះមានលេខ៩២៧០៥៧ ចុះថ្ងៃទី៧ មករា ២០១៨ ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក និងមូលប្បទានបត្រមួយទៀតមានលេខ ៩២៧០៥៦ ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក ប្រគល់ឲ្យទៅដើមបណ្តឹង។
ក្រោយមកឈ្មោះ កែវ វណ្ណា បានយកមូលប្បទានបត្រខាងលើនេះ ទៅបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់វិញថាជាមូលប្បទានបត្រពុំមានប្រាក់។ ពេលដឹងថា ជនសង្ស័យចេញសែកស្អុយហើយ លោក កែវ វណ្ណា បានព្យាយាមទាក់ទងទៅឈ្មោះ សេង អូ ដើម្បីនិយាយគ្នារឿងសែកស្អុយនេះ។ ប៉ុន្តែការទំនាក់ទំនងគ្នាមិនបាន ទើបលោក កែវ វណ្ណា សម្រេចចិត្តដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ