ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ FTB និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ​ ​ចុះ MoU លើ​សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ​២០១៨ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម…

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ​២០១៨ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី​អិ​ល​ស៊ី (AMK) បាន​ចុះ​អនុ​ស្ស​រណៈ​យោគយល់​គ្នា​មួយ ដើម្បី​សហ​ប្រ​តិ​ប​តិ្ត​ការ លើ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស ជូន​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី​អិ​ល​ស៊ី ក្រោម​ការ​អនុញ្ញាត​ពី​ធនា​គារជាតិ​នៃ​កម្ពុជា ។ ឥឡូវនេះ អតិថិជន​អាច​រីករាយ​ទទួល​ប្រាក់​ពី​បង ប្អូន សាច់ញាតិ ឬ​ដៃគូ​អាជីវកម្ម​នៅ​ក្រៅប្រទេស​ដែល​មាន​សុវត្ថិភាព​ខ្ពស់ សេវា​លឿន​រហ័ស និង​តម្លៃ​សមរម្យ​។​

កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​ស្ថាប័ន​ទាំង​ពីរ​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែម​ទៀត​ក្នុង​វិស័យ​​ធនាគារ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ជិត ៧០ ម៉ឺន​នាក់ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី​អិ​ល​ស៊ី ដែល​ជា​អតិថិជន​សក្តានុពល​ក្នុង​ការ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ភី​អិ​ល​ស៊ី មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០​កន្លែង និង​មាន​ភ្នាក់ងារ​ផ្ទេរ​ប្រាក់ ជាង​៣.០០០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​។

ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ជា​ធនាគារពាណិជ្ជ​ដំបូង​គេ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​ពី​អតិថិជន ជា​ពិសេស​ភាព​ខ្លាំង​របស់​ធនាគារ​ក្នុង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មីៗ​​នៅ​ពេល​បច្ចុប្បន្ន​។ ដោយឡែក អេ អឹ​ម ខេ ភី​អិ​ល​ស៊ី ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឈាន​មុខ​គេ​មួយ មាន​បណ្តាញ​ទូលំទូលាយ​ទូ​ទាំង​ប្រទេស​។ ការ​ចាប់​ដៃគូ​នេះ នឹង​ផ្តល់​ភាព​​ងាយស្រួល និង​អត្ថប្រយោជន៍​ជូន​ប្រជា ពលរដ្ឋ​ខ្មែរ​យើង​ដែល​មាន​អាជីវកម្ម​ ឬ​ធ្វើ​ការ​នៅ​ក្រៅប្រទេស ហើយ​ចង់​ផ្ញើ​ប្រាក់​មក​ឲ្យ​ឱ​ពុក​ម្តាយ ឬ​បងប្អូន ឫ​ដៃគូ​នៅ​ស្រុក​ខ្មែរ​ដែល​ភាគច្រើន​នៅ​តាម​ទី​ជនបទ​។ សេវា​នេះ​ផ្តល់​ភាព​ងាយស្រួល មាន​សុវត្ថិភាព ចំណេញ​​ពេលវេលា និង​មិន​ចំណាយ​សោហ៊ុយ​ធ្វើ​ដំណើរ ដោយ​ពួក​គាត់​អាច​ទៅ​ដក​ប្រាក់​នៅ​ជិត​ផ្ទះ​គាត់​បាន​។ សេវា​ផ្ទេរ​ប្រាក់​នេះ​ក៏​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ប្រាក់ និង​ផ្ទេរ​​ប្រាក់​ទៅ​មក​គ្រប់​ប្រទេស ដោយសារ​ធនាគារ FTB មាន​ដៃគូ​ជាមួយ​ធនាគារ​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក​។​

​អេ អឹ​ម ខេ មាន​ផលិតផល និង​សេវាកម្ម​ជា​ច្រើន កំពុង​ផ្តល់​ជូន​អតិថិជន​ដូច​ជា ​៖ សេវា​ប្រាក់​កម្ចី ប្រាក់​សន្សំ ផ្ទេរ​ប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានា​រ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​

ធនាគារពាណិជ្ជ FTB ដែល​ផ្តោត​សំខាន់​លើ​ផលិតផល និង​សេវាកម្ម​ខ្នាត​មធ្យម និង​ធំ មាន​ទីតាំង​ភាគច្រើន​នៅ​ខេត្ត​ក្រុង​ធំ​ៗ មាន​ផលិតផល និង​សេវា​ដូច​ជា​ ៖ ប្រាក់​កម្ចី ប្រាក់​សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​ធនាគារ​តាម​អ៊ីនធឺ​ណែ​ត សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត សេវា​គ្រប់គ្រង​សាច់ប្រាក់ និង​សេវា​ធនា​គារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ