ម្តាយខ្ញុំម្តាយគេ ជីដូនខ្ញុំជីដូនគេ ពិតមិនចង់ឱ្យលំបាក​​ឡើយ


ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​អាណិត អាសូរ​ណាស់ ខណៈ​ដឹង​ថា​ដូន​ចាស់​ម្នាក់​អាយុ​៧៥​ឆ្នាំទៅ​ហើយ នៅ​ភូមិ​បល្ល័ង្ក ឃុំ​រអាង ស្រុក​កំពង់សៀម កំពុង​ពុះពារ​តស៊ូ​ក្នុង​ឆាកជីវិត​ចុង​ក្រោយ​របស់​គាត់​ដើម្បី​ចិញ្ចឹម​ចៅ​ប្រុស​-ស្រី​ចំនួន​៥​នាក់ ដោយ​ប្រកប​របរ​លក់​ស្វាយ​ទុំ ។ សួរ​ថា តើ​គាត់​រក​កម្រៃ​បាន​ប៉ុន្មាន​ទៅ​ដើម្បី​ចិញ្ចឹម​ចៅ​របស់​គាត់?

ដោយ​ដៃ​ម្ខាង​កាន់​ឈើច្រត ់និង​ដៃ​ម្ខាង​ទៀតកាន់​កញ្ច្រែង​ទូល​ស្វាយ​ទុំ​ដើរ​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្រោម​កម្តៅថ្ងៃ​ក្តៅហែង តាម​ផ្ទះល្វែង​នៅ​ជុំវិញ​ផ្សារ​ក្រុង​កំពង់ចាម អ្នកខ្លះ​អាណិត​ក៏​ជួយ​ទិញ​គាត់ ខ្លះ​ក៏​មិន​ទិញ ។ ដូន​ចាស់​រូប​នេះ​ឈ្មោះ អុ​ឹ​ម វ៉ា​ត មាន​ប្រសាសន៍​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ពីរ​នាក់​ប្រុស​១ ស្រី​១ ឯ​ប្តី​គាត់​បាន​ស្លាប់​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប្រឈម​នឹង​ជីវភាព​ក្រីក្រ​នេះ គាត់​បាន​តស៊ូ​ដើរ​លក់​នំ​នៅ​តាម​ភូមិ​ចិញ្ចឹម​កូន​ៗ​រហូត​ដល់​កូន​ធំ​ដឹងក្តី និង​មាន​ប្រពន្ធ​កូន​គ្រប់​គ្នា ។

សព្វថ្ងៃ កូន​បង​បាន​ទៅ​រស់នៅ​ឯ​ខេត្តមណ្ឌលគិរី ចំណែក​កូនស្រី​វិញ​រៀប​ការ​ហើយ​បានកូន​ប្រុស​ស្រី​៥​នាក់ តែ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រត់​ចោល​កូន​បាត់ ទុក​ឱ្យ​គាត់​ទទួល​រ៉ាប់រង​ចិញ្ចឹម់​ដែល​ចៅ​តូច​ជាងគេ​ពេល​នេះ​ទើប​មាន​អាយុ​៨​ខែ​ប៉ុណ្ណោះ។ដូន​ចាស់​កម្សត់​រូប​នេះ​រៀបរាប់​ទៀត​ថា ទុក្ខ​ត្រួត​លើ​ទុក្ខ ក្រ​ហើយ​ចិញ្ចឹម​ចៅ​ដល់​ទៅ​៥​នាក់​ទៀត តែ​គាត់​គិត​ថា​នេះ​គឺជា​ព្រហ្ម​លិខិត​និង​មាន​តែ​ការ​ប្រឹងប្រែង​តស៊ូ ដោយ​ទៅ​ទិញ​ផ្លែស្វាយ​ពី​គេ​នៅ​ក្នុងភូមិ​យក​មក​បន្ទុំ​សម្រាប់​លក់ ។ រៀង​រាល់​ព្រឹក គាត់​ត្រូវ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពីផ្ទះ​នៅ​ភូមិ​បល្ល័ង្ក ឃុំ​រអាង ឆ្ពោះ​មក​កាន់​ផ្សារ​សាលា​ចិន​ក្នុងក្រុង​កំពង់ចាម និង​ដើរ​ទូល​កញ្ច្រែង​ស្វាយ​លក់​តាម​ផ្ទះ ដោយ​ស្វាយ​ទុំ​១​ផ្លែ​លក់​បាន​១.០០០​រៀល ហើយ​ក្នុង​១​កញ្ច្រែង​មាន​ស្វាយ​១​ផ្លូន ។

ដោយសារ​ឃើញ​គាត់​ចាស់ គេ​ក៏​ជួយ​ទិញ​ស្វាយ​គាត់​អស់​ៗ​ពី​កញ្ច្រែង តែ​ក៏​មាន​ថ្ងៃ​ខ្លះ​លក់ដាច់​រហូត​ដល់​៣​ផ្លូន​(១​ផ្លូន​ស្មើ​៤០)​ក៏​មាន និងទទួល​បាន​ប្រាក់​ពី​៣​ទៅ​៤​ម៉ឺន​រៀល​ដែរ ។ដូន​ចាស់​រូប​នេះ​បញ្ជាក់​ថា មក​ដល់​សព្វថ្ងៃចៅប្រុស​បង​គេ​មាន​អាយុ​២៥​ឆ្នាំ​ហើយ បាន​ស៊ីឈ្នួល​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ឱ្យ​គេ​នៅ​ក្នុង​ក្រុង​កំពង់ចាម​គ្រាន់​នឹង​បាន​ប្រាក់​កម្រៃ​ខ្លះ​ជួយ​ដោះស្រាយ​ជីវភាព ។ មាន​ពេល​ខ្លះ​គាត់​មិន​ស្រួលខ្លួន​មិន​បាន​ទៅ​លក់ គឺ​ចៅ​បង​គេ​ជា​អ្នក​ចេញ​ទៅ​រក​លុយ​មក​ទិញ​ម្ហូបអាហារ​ជំនួស ។ដូន​ចាស់​បាន​រំឭក​ថា ពេល​មួយ​ដោយសារ​តែ​អ្នក​ក្រុង​កំពង់ចាម​ឃើញ​គាត់​ក្រ​ ក៏​បាន​ជួយ​ផ្តល់​កង់​១​គ្រឿង​សម្រាប់​ទុក​ឱ្យ​ចៅ​ជិះ​ទៅ​រៀន​។ស្ទើរតែ​ពេញ​មួយ​ជីវិត​ទៅ​ហើយ ដែល​គាត់​ប្រកបរបរ​លក់​ស្វាយ​ទុំ​នេះ ដែល​មក​ដល់​បច្ចុបន្ន​អាយុ​៧៥​ឆ្នាំ​ហើយ​ក៏​នៅ​តែ​បន្ត​របរ​ដើរ​លក់​ស្វាយ​ទុំ​នេះដែរ ។

យ៉ាងណា​ក៏​ដោយ ពេល​ណា​ផុត​រដូវស្វាយ គាត់​នឹង​ទិញ​បន្លែ​គេ​ដើរ​លក់​តាម​ផ្ទះ​នៅ​ក្នុង​ក្រុង​កំពង់ចាម​ម្តង លុះត្រា​ណា​គាត់​ដើរ​មិន​រួចទើប​ឈប់​រក បើ​ពុំនោះ​ទេ​ចៅ​ៗ​នឹង​ជួប​ការ​លំបាកហើយ ។ នេះ​ជា​ជីវិត​តស៊ូ​មួយ​ដែល​ពេល​ដឹង​ថា​គាត់​លំបាក​បែប​ណា ពេល​យើង​ហូប​គុយទាវ​១​ចាន កាហ្វេ​១​កែវ យ៉ាង​ហោច​ណាស់​ក៏​អស់​ជាង​១​ម៉ឺន​រៀល​ដែរ តេ​ប្រាក់​ដែល​យើង​ចំណាយ​នេះ​បើ​សម្រាប់​លោកយាយ​វិញ​គឺ​ប្រហែលជា​យក​ទៅ​ចម្អែត​ក្រពះ​ជីដូន​និង​ចៅ​បាន​១​ថ្ងៃ​ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ