ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ សុខចិត្ត​រស់នៅ​ឆ្ងាយ​ភរិយា​ដើម្បី​ប្រដាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​សម្ភាសន៍ជា​ថ្មី​ក្រោយ​ពី​ដូរ​ក្លិប​ប្រដាល់​មក​កាន់​ក្លិប​នៅ​រាជ ធានី​​ភ្នំពេញ កីឡាករ​ល្បីឈ្មោះ​លោក យុគ យក្ស​ផ្លែ ដែល​ត្រូវ​គេ​ស្គាល់​ថា​ទើបតែ​បាន​ក្លាយជា​ឪពុក​របស់​កូនប្រុស​ក្រោយ​ពេល​រៀបការ​នោះ បាន​អះអាង​ថា លោក​កាន់តែ​ចង់​ប្រដាល់​ឱ្យ​បាន​យូរ​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​សម្ភាសន៍ជា​ថ្មី​ក្រោយ​ពី​ដូរ​ក្លិប​ប្រដាល់​មក​កាន់​ក្លិប​នៅ​រាជ
ធានី​​ភ្នំពេញ កីឡាករ​ល្បីឈ្មោះ​លោក យុគ យក្ស​ផ្លែ ដែល​ត្រូវ​គេ​ស្គាល់​ថា​ទើបតែ​បាន​ក្លាយជា​ឪពុក​របស់​កូនប្រុស​ក្រោយ​ពេល​រៀបការ​នោះ បាន​អះអាង​ថា លោក​កាន់តែ​ចង់​ប្រដាល់​ឱ្យ​បាន​យូរ​ថែម​ទៀត ដើម្បី​ដោះស្រាយស្ថានភាព​ជីវភាព​ដែល​នៅ​ខ្វះខាត​ច្រើន​នៅឡើយ ដោយពេល​មានការ​ប្រដាល់​ម្ដង​ៗ លោកក៏​បាន​ត្រាំត្រែង​ស្នាក់​នៅ​ភ្នំពេញ ហើយ​ឡើងប្រដាល់​សន្សំ​លុយ​ទុក​ឱ្យ​ប្រពន្ធ​កូន​ទៀត​ផង ។ លោក​ថា សុខចិត្ត​រស់នៅ​បែក​គ្រួសារឱ្យ​តែ​មានការ​ផ្គូផ្គង​ច្រើន​ឡើង ជា​ពិសេស​លោក​ក៏​ចង់​ចំណាយពេល​ហ្វឹកហាត់​នៅ​ភ្នំពេញព្រោះតែ​ការ​ឡើង​ចុះ​បាត់ដំបង​ញឹក​ពេក ក៏​មានការ​ប៉ះពាល់​ផង​ដែរ។

លោក យុគ យក្ស​ផ្លែ និយាយ​ថា តាំងពី​លោក​ចាប់ផ្ដើម​ទទួលយក​ការ​ប្រដាល់​ខ្លាំងក្លា លោក​ត្រូវ​ត្រាំត្រែង​នៅ​ភ្នំពេញ​ច្រើន​គួរសម ជា​ពិសេស​ក្នុង​ពេល​ដែល​លោក​មានការ
ផ្គូផ្គង​ញឹកញាប់​ម្ដង​ៗ ។ យ៉ាងណាមិញ លោកថា មិន​បាន​បោះបង់​មុខរបរ​ដាំ​បន្លែ​នោះ​ទេ ដោយ​លោក​នៅ​តែ​ឡើង​ចុះ​ទៅ​ដាំ​ជាមួយនឹងភរិយា ដោយ​គ្រាន់តែ​ក្នុង​ពេល​ថែទាំ​លោកងាក​មក​ប្រដាល់​នៅ​ភ្នំពេញ​ច្រើន​ជាង​ហើយទុក​ឱ្យ​ភរិយា​មើលថែ​ម្នាក់ឯង​សិន ស្របគ្នាដែល​មុខរបរ​ដាំ​បន្លែ គឺ​ហត់​តែ​ពេល​លើក​រង និង​ដាំ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ថែទាំ​រហូត​ដល់​៣​ខែ​ក្រោយ​ទើប​អាច​ប្រមូល​ផល ។

លោក​ថា ក្នុង​ពេល​ដំណើរការ​លោក​នៅ​តែ​ធ្វើ​ក្នុង​នាម​ជា​មេ​គ្រួសារ​ដដែល​ទេ ប៉ុន្តែ​នៅ​ពេល​ថែទាំ​បើ​លោក​មិន​មានការ​ប្រកួត លោក​នឹង​ឡើង​ទៅ​ជួយ​ដិត​ដល់ ប៉ុន្តែ​បើ​ជាប់​ប្រកួត ឬ​ជាប់​ហ្វឹកហាត់​គឺ​ភរិយារបស់​លោក​អាច​ចាត់ចែង​បាន ។ លោក​ថា តាំងពី​រៀប​ការ​ហើយ​លោក​បាន​ចាក​ចេញពី​ស្រុកកំណើត​ស្ថិត​នៅ​ទីរួមខេត្ត​បាត់ដំបង ទៅ​រស់នៅ​តាម​ភរិយា​នៅ​ស្រុក​បាណ​ន់​ប្រមាណ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មុខរបរ​ដាំ​បន្លែ​របស់​លោក ក៏​កាក់កប​ដែរ​ដ្បិតថា​មិន​បាន​ច្រើន​ៗ​ដូចពេល​ឡើង​រេញ ។ រាល់ថ្ងៃ​លោក និង​ភរិយាដាំ​បន្លែ​ច្រើន​មុខ​ដោយ​ក្នុង​រដូវ​ត្រូវ​ស្ពៃ ក៏​ដាំ​ស្ពៃ ហើយ​រដូវ​ត្រូវ​ត្រកួន ឬ​ត្រូវ​នឹង​បន្លែ​ផ្សេង​ទៀតក៏​ដាំ​បន្លែ​ប្រភេទ​នោះ​តម្រូវ​ទៅ​តាម​ទីផ្សារ ។ ក្នុង​មួយ​រដូវ​លោក​ថា​ត្រូវ​ចំណាយ​ពេល​ពី​២​ខែ​ទៅ​៣​ខែ​ទើប​អាច​កាត់​បន្លែ​លក់​ម្ដង ដោយក្នុង​ការ​ប្រមូល​ផល​ម្ដង​ក៏​បាន​តែ​២៥​ទៅ​៣០ម៉ឺន​រៀល​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​លោក​ពិបាក​បោះបង់ការ​ប្រដាល់ ។ លោក​ថា តាមតែ​លំបាកលោក​មិន​ចង់​ប្រដាល់​ទេ​ដោយសារ​តែ​ការ​ឡើងវ៉ៃ​ម្ដង​ៗ ក៏​តម្រូវ​ឱ្យ​លោក​ប្រថុយ​នឹង​គ្រោះថ្នាក់ហើយ​ក្នុង​ពេល​ខ្លះ​ក៏​ធ្វើ​ឱ្យ​លោក​ឈឺខ្លួន​ច្រើនថ្ងៃ ។ ប៉ុន្តែ​មក​ពី​លោក​អត់​មាន​អ្វី​រំពឹង​ក្រៅពី​ការប្រដាល់ ទើប​លោក​ចេះ​តែ​បន្ត​ការ​ប្រដាល់ ដោយ​សុខចិត្ត​ឡើង​ចុះ​ៗ និង​ចំណាយពេលហ្វឹកហាត់​ទាំង​លំបាក​ដើម្បី​បាន​ឡើង​រេញ​។

លោក​ថា រាល់ថ្ងៃ​ប្រាក់​ចំណូល​ដែល​លោកទទួល​បាន​គឺ​បាន​ពី​ការ​ប្រដាល់​ច្រើន​ជាង ដោយសារ​តែ​ការ​ដាំ​បន្លែ​រង់ចាំ​ដល់​ជាង​២​ឬ​៣​ខែទើប​ប្រមូល​លុយ​បាន​ម្ដង​ហើយ​ក៏​បាន​តែ​៣០ម៉ឺន​រៀល​យ៉ាងច្រើន ដែល​មិន​ដូច​ការ​ប្រដាល់ដ្បិតថា​ពិបាក​ខ្លួន​បន្តិច​មែន ប៉ុន្តែ​មួ​យស​ប្ដា​ហ៍ឬ​កន្លះ​ខែ​ម្ដង គឺ​បាន​ដល់​៤០​ម៉ឺន​រៀល​ឬ​ច្រើនជាង​នេះ ដែល​បាន​ល្អ​ជាង​ដាំ​បន្លែ ។

ដោយសារ​តែ​តម្រូវការ​ជីវភាព​កាន់តែ​ខ្ពស់​ក្រោយភរិយា​បង្កើត​បានកូន​ប្រុស លោក​ថា ការ​ដាំ​បន្លែ លែង​ទប់ទល់​ឈ្នះ​ដូច​មុន​ទៀត​ហើយ ទើប​លោក​បន់​ឱ្យ​តែ​មាន​ការ​ផ្គូផ្គង​ឡើង​រេញ​ច្រើន​ជាងដើម្បី​បាន​លុយ​រាល់​អាទិត្យ ឬ​រាល់​កន្លះ​ខែ​ម្ដង​។ លោក​នៅ​តែ​អះ​អាង​ថា ខ្លួន​មានការ​សប្បាយចិត្ត​ដែល​មានឈ្មោះ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើងឯក​របស់​ប៉ុស្ដិ៍​លេខ​៥​បើ​ទោះជា​ការ​ប្រកួត​បន្តបន្ទាប់​នៅ​មិន​ទាន់​ដឹង​ថា​មាន​សំណាង​ឬ​មិន​មានសំណាង​លើក​ពាន ។

ក្នុង​នោះ​លោក​ក៏​មាន​សិទ្ធិ​ឡើង​ប្រកួត​នៅ​ឯ​ប៉ុស្ដិ៍​ផ្សេង ក្នុង​ពេល​ដែល​លោក​ត្រូវ​អង្គុយ​រង់ចាំ​តែ​ទាល់តែ​ការ​ប្រកួត​ជុំ​ថ្មី​ចាប់ផ្ដើម​ក្រោយ​ការ​ប្រកួត​ឈ្នះ ហើយ​ត្រូវ​មក​អង្គុយ​ចាំ​អ្នក​ឈ្នះ​ទាល់តែ​អស់​ទើប​អាច​ប្រកួត​គ្នា​នោះ​ផង​ដែរ ។ លោក​និយាយ​ថា​៖ «​រាល់ថ្ងៃ​ចង់​ឱ្យ​តែ​គេ​ហៅ​(​ឡើង​ប្រកួត​)​ញឹក​ទេ ដើម្បី​បាន​លុយ តែបើ​ថាឱ្យ​ចង់​ប្រកួត​គឺ​មិនប៉ុន្មាន​ទេ»។ លោក​ថា មក​ទល់​ពេល​នេះ​កូនប្រុសរបស់​លោក​មាន​វ័យ​២​ឆ្នាំ​ហើយ ហើយ​តម្រូវការលុយកាក់​ក្នុង​គ្រួសារ​ក៏​កើនឡើង​ច្រើន​ជាង​មុនផង​ដែរ​ទើប​លោក​បង្ខំចិត្ត​ទទួល​ប្រដាល់​ឱ្យបាន​ច្រើន​បន្ថែម​ពីលើ​ការ​ដាំ​បន្លែ​ដែល​ជា​មុខរបរប្រចាំ​គ្រួសារ ។

លោក​មិន​ទាន់​ដឹង​ថា តើ​ត្រូវធ្វើ​អ្វី​ឱ្យ​មាន​ចំណូល​រឹង​មាំ​ហើយ​អាច​ប្រកាស​ឈប់​ពី​ការ​ប្រដាល់​បាន​ទេ ក្នុង​ពេល​ដែល​លោកយល់​ថា បើ​គ្មាន​ការ​ប្រដាល់​គឺ​ពិតជា​មិន​អាច​រក​លុយ​ចិញ្ចឹម​ប្រពន្ធ​កូន​ឱ្យ​រស់​ស្រួល​បាន​ទេ​។ លោក​និយាយ​ថា​៖«​កូន​កាន់តែ​ធំ​ចំណាយ​ច្រើន​ណាស់ ទាល់តែ​ប្រដាល់​ច្រើន​ទើបបាន​លុយ បើ​ពឹង​លើ​បន្លែ​៣​ខែ​បាន​តែ​៣០​ម៉ឺន​រៀល​អីហ្នឹង​!»​។ មក​ទល់​ពេល​នេះ លោក​មានផ្ទៃដី​ដាំ​បន្លែ​តែ​ប្រមាណ​ជា​២​អា​ស្មើនឹង​ក្បាល២០​ជម្រៅ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ទើប​លុយដែល​បាន​ពី​ការ​ប្រមូល​ផល​គឺ​មិន​ច្រើន ។

លោកថា ខ្លួន​ចង់​ចិញ្ចឹម​ជ្រូក និង​ចង់​បង្កើត​មុខរបរមួយ​ផ្សេង​ដើម្បី​អាច​មាន​លំនឹង​ជីវិត​បាន​ល្អជាង​នេះ ប៉ុន្តែ​ផ្អែក​តាម​ស្ថានភាព​គឺ​មាន​តែបន្ត​ការ​ប្រដាល់​ឱ្យ​ច្រើន​ប៉ុណ្ណោះ​ទើប​អាច​ឱ្យលោក​មាន​លុយ ។ លោក​ទទូច​ឱ្យ​មានការ​ផ្គូផ្គង​លោក​ច្រើន ដើម្បី​ឱ្យ​លោក​អាច​មាន​លទ្ធភាព​ពង្រឹង​ជីវភាព​បាន​ល្អ​ក្រោយ​មាន​ប្រពន្ធកូន ។

លោក​នៅ​តែ​អះអាង​ថា ការ​ប្រដាល់​គឺជាជម្រើស​ដែល​លោក​ចង់បាន​លុយកាក់​ជា​ជាង
ចង់​ប្រឡូក ទើប​លោក​រមែង​ប្រឹងប្រែង​ហ្វឹកហាត់ដើម្បី​ឡើង​រេញ​ម្ដង​ៗ​កុំឱ្យ​បរាជ័យ ហើយ​មានឱកាស​ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ឡើង​រេញ​បាន​ញឹក ។ លោក​ថា ភរិយា​របស់​លោកមិន​ដែល​ជំទាស់​នឹង​ការ​ឡើង​រេញ​របស់​លោក​នោះ​ទេ ប៉ុន្តែ​លោក​ថា​មិន​មាន​ស្ត្រី​ណា​ម្នាក់​ចង់ឱ្យស្វាមី​របស់​ខ្លួន​ឡើង​វ៉ៃ​បែក​មុខ​បែក​មាត់ បើសិន​ស្ថានភាព​គ្រួ​សារបាន​ល្អ​ជាង​នេះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ស្ថានភាព​ជីវភាព​នៅ​មិន​ទាន់​អាច​បោះបង់​ចោល​មុខរបរ​នេះ​បាន ទើប​មាន​តែ​ការពង្រឹង​ការ​ប្រដាល់​ឱ្យ​បាន​ច្រើន ដើម្បី​កុំឱ្យធ្លាក់​ការ​ផ្គូផ្គង​ហើយ​មិនសូវ​មានឱកាស​បាន​ឡើង​រេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ