ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ប្រជុំ​ជំរុញ​ដោះស្រាយ​ផល​ប៉ះពាល់​ផែនការ​សាងសង់​ស្ពាន​អាកាស​ចោម​ចៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បន្ទាប់​ពី​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់ និង​រង្វង់​មូល​ចោម​ចៅ​ស្ថាបនា​រួច បញ្ហា​កកស្ទះ​ចរាចរ​នឹង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​តំបន់​រង្វង់​មូល​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បន្ទាប់​ពី​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់ និង​រង្វង់​មូល​ចោម​ចៅ​ស្ថាបនា​រួច បញ្ហា​កកស្ទះ​ចរាចរ​នឹង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​តំបន់​រង្វង់​មូល​ចោម​ចៅ មាន​បញ្ហា​ប្រឈម​ជាមួយ​ការ​កកស្ទះ​ចរាចរ ចំណែកឯ​ស្ពាន​អាកាស​ក្បាលថ្នល់​ក៏​នៅ​តែ​កកស្ទះ​ខ្លះ​ដែរ ទោះជា​មាន​អាកាស​រួច​ហើយ​ក្តី ប៉ុន្តែ​នៅ​មិន​ទាន់​បំពេញ​តាម​តម្រូវការ​នៃ​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​នៅឡើយ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​នៃ​ការ​កកស្ទះ​ចរាចរ​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ និង​នៅ​តំបន់​ក្បាលថ្នល់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ បាន​កោះ​ប្រជុំ​ជាមួយ​មន្ត្រី​ជុំនាញ ដើម្បី​ជំរុញ​ផែនការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ឈាន​ទៅ​ដល់​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ទាំង​ពីរ​ទីតាំង​នេះ ឲ្យ​បាន​លឿន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អង្គប្រជុំ ស្ដី​ពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​គម្រោង​សាងសង់​ស្ពាន​អាកាស​ចោម​ចៅ និង​ស្ពាន​អាកាស​ក្បាលថ្នល់​ក្នុង​នោះ​ប្រធាន​អង្គប្រជុំ​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​តំបន់​ទាំង​ពីរ​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​អាច​ធ្វើការ​ស្ថាបនា​បាន​ឆាប់ សំដៅ​សម្រួល​បានការ​កកស្ទះ​នៅ​តំបន់​ក្បាលថ្នល់ និង​រង្វង់​មូល​ចោម​ចៅ ហើយ​នា​ពេល​ដ៏​ខ្លី​ខាង​មុន​នេះ ។

មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បើ​តាម​គម្រោង​ការដ្ឋាន​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោម​ចៅ គ្រោង​នឹង​ចំណាយពេល​ប្រមាណ​២០​ខែ ដើម្បី​ស្ថាបនា​ឲ្យ​រួចរាល់ ហើយ​តំបន់​រង្វង់​មូល​ចោម​ចៅ និង​តំបន់​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​មិន​មានការ​កកស្ទះ​ចរាចរ​ទៀត​ទេ បន្ទាប់​ពី​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ​នេះ​បាន​ស្ថាបនា​រួច ។

ចំណែកឯ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​វិញ មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា ដោយសារ​បញ្ហា​កកស្ទះ​ចរាចរ​នៅ​តែ​កើត​មាន នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​១​បន្ថែម​ទៀត ដើម្បី​កែ​លម្អ និង​ដោះស្រាយ​បញ្ហា​ចរាចរ​ឲ្យ​កាន់តែ​មាន​ភាព​រលូន​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​តែ​ម្តង ។ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​ស្ថាបនា​នោះ មាន​ចំនួន​៤ គឺ​ទី​១.​សង់​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម បត់​ឆ្វេង​ឡើង​ភ្ពា​ប់​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ទី​២.​ត​ភ្ជាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ បត់​កោង​ស្តាំ​ឡើង​ទៅ​ចាក់​អង្រែ ទី​៣.​ហោះ​ស្រប​ពីលើ​មហាវិថី​ព្រះ​មុនី​វង្ស បត់​ទៅ​នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ទី​៤.​ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត​ពី​ចាក់​អង្រែ ទៅ​ចេញ​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​តែ​ម្តង ។

មន្ត្រី​ដដែល​បាន​បញ្ចា​ក់ថា ចំពោះ​ស្ពាន​អាកាស​ដែល​ហោះ​ខាងលើ​នេះ មាន​បណ្ដោយ​មិន​ស្មើគ្នា​នោះ​ទេ គឺ​ចាប់ពី​២២០​ទៅ​២៤០​ម៉ែត្រ ទទឹង​ចាប់ពី​៥​ទៅ​៧​ម៉ែត្រ ចំណែក​ផ្លូវ​ក្រោម​ដី​មាន​បណ្ដោយ​៣០៦​ម៉ែត្រ ហើយ​បន្ទាប់​ពី​ស្ថាបនា​រួច​ការ​ធ្វើ​ចរាចរ​នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់ នឹង​មាន​ភាព​ប្រសើ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ