ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រប់​រថយន្ត​សង្គ្រោះ​គ្មាន​ច្បាប់​អនុញ្ញាតនឹងត្រូវ​បោសសំអាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​សហ​ការណ៍​ជាមួយ​មន្ទីរ​ជំនាញ​ផ្នែក​សុខាភិបាល​ដើម្បី «​ស្រាវជ្រាវ​បោសសំអាត​គ្រប់​រថយន្ត​សង្គ្រោះ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងអស់​» ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នានា​លើ​ដងផ្លូវ ត្រូវ​បាត់បង់​ជីវិត ។ ប្រកាស​ចាត់វិធានការ​បោសសំអាត​ឡាន​សង្គ្រោះ​បន្ទាន់​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​សហ​ការណ៍​ជាមួយ​មន្ទីរ​ជំនាញ​ផ្នែក​សុខាភិបាល​ដើម្បី «​ស្រាវជ្រាវ​បោសសំអាត​គ្រប់​រថយន្ត​សង្គ្រោះ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងអស់​» ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នានា​លើ​ដងផ្លូវ ត្រូវ​បាត់បង់​ជីវិត ។

ប្រកាស​ចាត់វិធានការ​បោសសំអាត​ឡាន​សង្គ្រោះ​បន្ទាន់​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
ក្រោយ​ពេល​កើតហេតុ មិនយូរ​ប៉ុន្មាន ស្រាប់តែ​មាន​រថយន្ត​គិលានសង្គ្រោះ​ពណ៌​ក្រហម​លា​យស ០១​គ្រឿង មក​លើក​ជន​រង​គ្រោះ​ដាក់​លើ​ហ្វ្រ​ង់​កា​សែង​ចូល​រថយន្ត ដោយ​មិន​មានការ​ពិនិត្យ ឬ​សង្គ្រោះ​បឋម និង​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ដឹក​ចេញ​ទៅ​បាត់ ដោយ​មិន​មាន​ផ្តល់​ដំណឹង​ដល់​អ្នក​ជុំវិញ​ថា នឹង​យក​ជន​រង​គ្រោះ​ទៅ​កាន់​ទីណា ។
នេះ​បើ​យោង​តាម​ការ​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដំណឹង​ជន​រង​គ្រោះ​ត្រូវ​បានដឹង​ដល់​មិត្តភក្តិ​ដែល​ជា​ក្រុម​អតីត​មិត្ត​រួម​ជំនាន់​ទស​វត្ស​ទី​៨០ នៃ​សាលា​បាក់​ទូក ។ មិត្តភក្តិ​ម្នាក់​ៗ​បាន​ទំនាក់ទំនង​គ្នា​ក្នុង​ក្រុម វ៉​ត​ស្អាប់ (WhatsApp) ស្វែងរក​ការ​ជួយ​សង្គ្រោះ​គ្រប់​មធ្យោបាយ​ដោយ​យកចិត្តទុកដាក់ និង​មាន​មិត្ត​មួយ​ចំនួន​មាន​ទាំង​វេជ្ជបណ្ឌិត​ជំនាញ​បាន​ខ្នះខ្នែង ចេញ​ស្វែងរក​ជន​រង​គ្រោះ តាម​គ្លីនិក ទាំង​ការ​ព្រួយបារម្ភ «​ស្រាប់តែ​បានលឺ​ដំណឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ពណ៌​ស ផ្សេង​មួយទៀត​ដឹក​យក​មក​ដាក់​កន្លែង​កើតហេតុ​វិញ ព្រោះតែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ​» ។

ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដដែល​បាន​បញ្ជាក់​ថា ៖ «​ទីបំផុត​ជន​រង​គ្រោះ​ឈ្មោះ តាំង សេង​លី ពិតជា​បាន​បាត់បង់​ជីវិត​ពិតប្រាកដ​មែន ហើយ​ក្នុង​ហេតុ​ការ​នោះ ជន​ងរ​ង​គ្រោះ​ថែម​ទាំង​បាត់បង់​កាបូប​ដាក់​ប្រាក់​ធំ​មួយ​ផង​ដែរ ព្រោះ​ជន​រង​គ្រោះជា​ចុងភៅ​ទើបតែ​មក​ពី​ទទួល​ថ្លៃ​ឈ្នួល​ធ្វើ​ម្ហូប​ការ​ពី​ភ្ញៀវ ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​សាច់ញាតិ​បងប្អូន​ជា​ពិសេស​មិត្ត​រួម​ជំនាន់ និង​អតីត​លោកគ្រូ​អ្នកគ្រូ​ជិត​៣០០​នាក់ មាន​ក្តី​សោកស្តាយ ដោយ​មិន​អស់ចិត្ត​គ្រប់​ៗ​គ្នា ព្រោះតែ​មិន​អាច​ជួយ​ជន​រង​គ្រោះ​បាន​ទាន់​ពេលវេលា​» ។
ព្រម​ជាមួយ​គ្នា​នោះ​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​រួម​ជំនាន់​ទស​វត្ស​ទី​៨០ នៃ​សាលា​បាក់​ទូក បាន​សហការ​ជាមួយ​មន្ទីរ​ជំនាញ សុខាភិបាល​រាជធានី បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ជួយ​សង្គ្រោះ​របស់​រថយន្ត​គិលានសង្គ្រោះ ដែល​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​បាត់ ហើយ​ដឹក​ត្រឡប់​មក​វិញ ។ ការ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា រថយន្ត​គិលានសង្គ្រោះ​ដែល​ដឹក​ជន​រង​គ្រោះ​ចេញ​ទៅ និង​ដឹក​មក​វិញ គឺជា​រថយន្ត​ពីរ​ផ្សេង​គ្នា​តែ​មាន​ថៅកែ​តែ​មួយ ហើយ​ពួក​គេ​មិនមែន​ជា​គ្រូពេទ្យ​ជំនាញ និង​ពុំ​មែន​ជា​អង្គភាព​ពេទ្យ ឬ​គ្លីនិក​ឯកជន​ណាមួយ​ទេ គឺ​ថៅកែ​ពួក​គេ​ឈ្មោះ ងួ​ន ប្រាក់​ធី ហៅ​ឌី បាន​ទិញ​រថយន្ត​មក​ចាប់​សឺ​រ៉ែ​ន​សង្គ្រោះ​ចំនួន​០៤​គ្រឿង សម្រាប់​ស៊ីឈ្នួល ដឹក​សព និង​អ្នកជំងឺ និង​ប្រចាំការ​តាម​ដងផ្លូវ​នា​ពេល​យប់ ដើម្បី​ចាំ​ដឹក​អ្នក​របួស​គ្រោះថ្នាក់​ផ្សេង​ៗ​យក​ទៅ​ដាក់​តាម​គ្លីនិក​ទទួល​ថ្លៃ​សេវា​ដឹក ។ នៅ​ក្នុង​រថយន្ត​ពួក​គេ​ក្រៅពី​ពុំ​មាន​គ្រូពេទ្យ​ជំនាញ​ហើយ​នោះ​ថែម​ទាំង​ពុំ​មាន​ឧបករណ៍​សម្ភារ បច្ចេកទេស​ពេទ្យ សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ផង​ដែរ ។

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ៖ «​ករណី​នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សហ​ការណ៍​ជាមួយ​មន្ទីរ​ជំនាញ​ផ្នែក​សុខាភិបាល ដើម្បី​ស្រាវជ្រាវ​បោសសំអាត​គ្រប់​រថយន្ត​សង្គ្រោះ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​ការពារ​ដល់​អាយុជីវិត​ជន​រង​គ្រោះ​ផ្សេង​ៗ​ទៀត​កុំ​ឲ្យ​ជួប​រឿង​អកុសល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ