ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បរទេស​គ្រោង​សង់រោង​ចក្រ​ដំឡើង​កង់​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​តម្លៃ​ទាប​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន និង​ស្រប​ពេល​ដែល​ធនធាន​ជំនាញ​ក៏​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​បាន វិនិយោគិន​មក​ពី​អឺរ៉ុប​, កា​ណា​ដា ក៏​ដូច​ជា​សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​លើ​ការ​វិនិយោគ​រោងចក្រ​ដំឡើង​កង់ ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​តម្លៃ​ទាប​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន និង​ស្រប​ពេល​ដែល​ធនធាន​ជំនាញ​ក៏​អាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​បាន វិនិយោគិន​មក​ពី​អឺរ៉ុប​, កា​ណា​ដា ក៏​ដូច​ជា​សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​លើ​ការ​វិនិយោគ​រោងចក្រ​ដំឡើង​កង់ ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​វិនិយោគិន​មក​ពី​បណ្ដា​ប្រទេស​ទាំងនោះ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ទីផ្សារ​កង់​នៅ​ក្រៅប្រទេស​កំពុង​មានការ​ពេញ​និយម​ជា​ខ្លាំង និង​មាន​តម្លៃ​ខ្ពស់​ផង​ដែរ ពិសេស​ប្រភេទ​កង់​ជិះ​ឡើង​ភ្នំ និង​ជិះ​សម្រាប់​ហាត់ប្រាណ ។ សម្រាប់​កង់​ដែល​កម្ពុជា​បាន​ផលិត​នាំ​ចេញ​​បច្ចុប្បន្ន ក៏​មានការ​ទទួលស្គាល់​ពី​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ទាំង​ការ​ដំឡើង និង​ផ្សារ​ភ្ជាប់​គ្នា ។ ដូចនេះ​ហើយ​ទើប​វិនិយោគិន​មក​ពី​បណ្ដា​ប្រទេស​ដែល​មាន​ទីផ្សារ​កង់​ទាំង​នោះ បាន​មក​កម្ពុជា​និង​ស្វែងរក​ការ​វិនិយោគ​ដំឡើង​កង់​នេះ​តែ​ម្ដង ។

លោក​បញ្ជាក់​ថា ៖« ដោយសារ​តែ​កម្លាំង​ពលកម្ម​នៅ​អា​មេ​រិ​ក កា​ណា​ដា និង​ហុងកុង ជាដើម​មាន​តម្លៃ​ខ្ពស់ ដូចនេះ វិនិយោគិន​ប្រទេស​ទាំងនោះ​ត្រូវ​ងាក​ទៅ​រក​ប្រទេស​ណា​ដែល​មាន​កម្លាំង​ពលកម្ម​ទាប​ជាង ហើយ​កម្ពុជា​គឺជា​គោលដៅ​មួយ​របស់​ពួក​គេ ព្រោះ​ទាំង​ជំនាញ ធនធាន និង​តម្លៃ​ពលកម្ម ក៏​ជា​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ដែរ » ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ៖« វិនិយោគិន​ទាំងនោះ​មាន​ជា​ច្រើន​ប្រភេទ ដោយ​អ្នកខ្លះ​ចាប់​អារម្មណ៍​លើ​ការ​ផលិត​លី​ប​កង់ អ្នកខ្លះ​ផលិត​តួកង់ និង​ច្រវាក់​កង់ ជាដើម រួច​ហើយ​យក​គ្រឿង​បង្គុំ​ទាំងនោះ​ទៅ​ដំឡើង​ជា​កង់​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ណា​ដែល​មាន​តម្រូវការ​» ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា បើសិនជា​ការ​វិនិយោគ​នេះ​បាន​សម្រេច​នោះ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​មូលដ្ឋាន អាច​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន ដូច​ជា ការងារ​ផ្ទាល់​នៅ​ក្នុង​រោងចក្រ និង​អ្នក​ប្រកប​របរ​ផ្សេង​ៗ​ទៀត​នៅ​ក្បែរ​ៗ​រោងចក្រ ជា​ពិសេស​កម្ពុជា​ក៏​មាន​ផលិតផល​ជា​ច្រើន​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ។

លោក​ថា ៖« តាម​រយៈ​ការ​ពិភាក្សា​ជាមួយ​យើង​ឃើញ​ថា ពួក​គាត់​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​សន្យា​នឹង​បណ្ដាក់ទុន​វិនិយោគ​វិស័យ​កង់​នេះ​នៅ​កម្ពុជា ដោយ​នឹង​បញ្ជូន​អ្នកជំនាញ​របស់​គេ​មក​សិក្សា​ជា​បន្តបន្ទាប់​ទៀត ។ ដោយឡែក សម្រាប់​ការងារ​សាងសង់​រោងចក្រ ក៏​ត្រូវការ​ពេលវេលា​បន្តិច​ដែរ​ដើម្បី​លេច​ចេញ​ជា​រូបរាង ក៏​ប៉ុន្តែ​យើង​ជឿ​ថា នៅ​ចុងឆ្នាំ​នេះ រោងចក្រ​ដំឡើង​ទោចក្រយាន​នឹង​មាន​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​យើង » ។

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​កង់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន​ជាង​១,៨​លាន​គ្រឿង ស្មើនឹង​ទឹកប្រាក់​ជាង​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​សរុប​ក្រោម​ការ​អនុគ្រោះ​ពន្ធ ក្នុង​ឆ្នាំ​២០១៧ (​អ្វី​គ្រប់យ៉ាង លើកលែង​អាវុធ​) មាន​ទឹកប្រាក់​សរុប​ប្រមាណ​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ