ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក(World Cup)២០១៨ ដែលនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំឆ្នាំ និងជាលើកទី២១ សម្រាប់ព្រឹត្តិការណ៍ដែលមានអាយុកាល
៤ឆ្នាំម្ដងផងដែរ ។ តើការប្រកួតបាល់ទាត់ពិភពលោកដំណើរការយ៉ាងដូចម្តេច? មុនពេលឈានដល់ទិដ្ឋភាពសំខាន់សូមចាំពីរបៀបដែលការប្រកួត World Cup ដំណើរការ ។
ទាក់ទងទៅនឹងទម្រង់នៃការប្រកួតប្រជែងវាមានលក្ខណៈសាមញ្ញមិនសាំញ៉ាំទេគឺថាប្រទេសទាំង៣២ដែលមានមុខឡើងមកប្រកួតត្រូវបានបែងចែកជា៨ពូលក្នុងមួយពូលមាន៤ក្រុម ។ តាមពូលនីមួយៗមានការប្រកួតជម្រុះនៅពហុកីឡដ្ឋានជាច្រើននៃប្រទេសរុស្ស៊ីដើម្បីស្វែងរកក្រុម២ដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅវគ្គ១៦ក្រុម ឯក្រុម២ទៀតត្រូវវេចបង្វេចត្រឡប់ទៅផ្ទះវិញ ។
បន្ទាប់មកទម្រង់ប្រកួតវគ្គ៨ក្រុមឬហៅថាវគ្គ១/៤ផ្តាច់ព្រ័ត្រ,វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រគឺធ្វើដូចគ្នា ពោលគឺក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានឡើងប្រកួតនៅវគ្គបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នៅកីឡដ្ឋាន Luzhniki ស្ថិតក្នុងទីក្រុងម៉ូស្គូ ខណៈ៤ឆ្នាំមុនអាល្លឺម៉ង់ឈ្នះពានរង្វាន់ពិភពលោកនេះ ។
មុនព្រឹត្តិការណ៍នេះចាប់ផ្ដើម កោះសន្តិភាពសូមបង្ហាញសមាសភាពក្រុមបាល់ទាត់ទាំង៣២
ប្រទេសជូនប្រិយមិត្តអ្នកអានបានជ្រាបជាបន្តបន្ទាប់ដូចខាងក្រោម៖
*ពូល A
ប្រទេសរុស្ស៊ី (FIFA Ranking : ៦៥)ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់លំដាប់ពិភពលោកឆ្នាំនេះ រុស្ស៊ីនឹងត្រូវប្រឈមជាមួយក្រុមជម្រើសជាតិខ្លាំងៗជាច្រើន ដើម្បីពុះពារឡើងទៅវគ្គបន្ត ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ច-យោធាមួយនេះវិស័យកីឡាបាល់ទាត់ហាក់មានកម្រិតនៅឡើយ ។
ជាក់ស្ដែងប្រវត្តិនៃការប្រកួតនៅ World Cup ទាំង១០លើកនាពេលកន្លងមក រុស្ស៊ីធ្វើមិនទាន់បានល្អនោះទេគិតចាប់តាំងពីការបង្ហាញខ្លួនដំបូងកាលពីឆ្នាំ១៩៥៨ ។ យ៉ាងណាមិញ នៅឆ្នាំ១៩៦៦ រុស្ស៊ីមានឱកាសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់អាល្លឺម៉ង់ និងប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយព័រទុយហ្គាល់ ពួកគេក៏ចាញ់ម្តងទៀតដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ ។ ចំពោះវត្តមាននៅ World Cup ចុងក្រោយរបស់ក្រុមជម្រើសជាតិមួយនេះកាលពីឆ្នាំ២០១៤ ពួកគេមិនបានឆ្លងផុតវគ្គជម្រុះតាមពូលនោះទេ ដោយប្រកួតចាញ់បែលហ្ស៊ិក និងស្មើជាមួយអាល់ហ្សេរី និងកូរ៉េខាងត្បូង ។
ក្តីរំពឹង ៖ ស្ថិតក្នុងពូលAជាមួយប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអ៊ុយរូហ្គាយ ធ្វើឱ្យក្រុមជម្រើសជាតិដែលមានរហស្សនាមថា «ខ្លាឃ្មុំទឹកកក» នេះមានសង្ឃឹមច្រើនថាអាចឆ្លងផុតវគ្គជម្រុះ១៦ក្រុមបាន ។ ម្យ៉ាងទៀត រុស្ស៊ីគឺជាម្ចាស់ទឹកដី ដូច្នេះពួកគេមិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តត្រឹមវគ្គជម្រុះដំបូងនេះឡើយ ។
គ្រូបង្វឹក ៖ បន្ទាប់ពីមានបទពិសោធន៍ជោកជាំដឹកនាំក្លិបធំៗនៅទឹកដីរុស្ស៊ីរួចមកលោក Stanislav Cherchesov ដែលមានអាយុ៥៤ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិរុស្ស៊ីឈុតធំនៅឆ្នាំ២០១៦ជាមួយក្តីសង្ឃឹមខ្ពស់ថា នឹងអាចជួយជ្រោមជ្រែងប្រទេសនេះឱ្យបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត World Cup នេះ ។ លោក Cherchesov ក៏ជាអតីតអ្នកចាំទីក្រុមជម្រើសជាតិមួយរូបផងដែរអំឡុងឆ្នាំ១៩៩២ និង២០០២ ។ ក្រោមការដឹកនាំប្រកួតចំនួន១៨លើកនាពេលកន្លងមក លោក Cherchesov បានជួយឱ្យរុស្ស៊ីស្គាល់ជ័យជម្នះ៥ដង ស្មើ៥ដង និងចាញ់៨ដង ។
កីឡាករSuper Starប្រចាំក្រុម ៖ ខ្សែបម្រើប្រយុទ្ធ Fyodor Smolovដែលបច្ចុប្បន្នលេងឱ្យក្លិប Krasnodar ត្រូវបានប្រជាជនរុស្ស៊ីទទួលស្គាល់ថាជាកីឡាករឆ្នើមប្រចាំប្រទេស បន្ទាប់ពីបានបង្ហាញខ្លួននៅឈុតធំនេះ៣០ប្រកួត និងរកបាន១២គ្រាប់ ។ ទន្ទឹមនឹងនេះ កីឡាករប្រធានក្រុមនិងជាអ្នកចាំទីដៃស្អិតមុខស្រស់ Igor Akinfeev តែងតែផ្តល់ទំនុកចិត្តដល់ក្រុមរបស់ខ្លួនជានិច្ច ជាមួយនឹងបទពិសោធន៍ជាង១០០ប្រកួតជាមួយរុស្ស៊ី ។
បញ្ជីឈ្មោះសមាសភាពកីឡាករសរុប (បណ្តោះអាសន្ន) ៖
-អ្នកចាំទី ៖ Igor Akinfeev (CSKA Mos), Selikhov (Spartak Mos), Andrey Lunyov (Zenit), Vladimir Gabulov (Club Brugge) ។
-ខ្សែការពារ ៖ Neustädter (Fenerbahçe), Kutepov និង Kombarov (Spartak Mos), Semyonov (Akhmat Grozny), Kudryashov, Granat និង Kambolov (Rubin Kazan), Zhirkov និង Smolnikov (Zenit), Rausch (Dynamo Mos) Ignatyev (Lokomotiv Mos) ។
-ខ្សែបម្រើ ៖ Shvets (Akhmat Grozny), Glushakov, Zobnin និង Samedov ( Spartak Mos), Dzagoev និង Golovin (CSKA Mos), Miranchuk (Lokomotiv Mos), Yerokhin និង Kuzyayev (Zenit), Cheryshev (Villarreal) ។
-ខ្សែប្រយុទ្ធ ៖ Fyodor Smolov (Krasnodar), Aleksei (Lokomotiv Mos), Zabolotny (Zenit) ៕
ចែករំលែកព័តមាននេះ