ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​​​ចាស់វស្សាមួយ​ចំនួន​​ឆ្លងកាត់​ជីវិត​ប្រេះឆា​ក្រោយ​ក្លាយជា​កីឡាករ​ល្បី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ក្នុង​អាជីព កីឡាករ​ប្រដាល់​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ពី​ការ​បរាជ័យ​រាប់​មិន​អស់​នៅ​ក្នុង​ជីវិត គ្រាន់តែ​ពួក​គេ​មិន​ចង់ឱ្យ​គេ​ដឹងប៉ុណ្ណោះ ។ កីឡាករ​ខ្លះ​ត្រូវ​បាន​គ្រួសារ​បោះបង់​ព្រោះតែ​ចង់​ប្រដាល់​និង​ខ្លះ​ទៀត​ត្រូវ​បាន​កន្លែង​ការងារ​រើសអើង​រហូត​ឈាន​ដល់​បញ្ឈប់​តែម្ដង​។ ក្នុង​នោះ​ជីវិត​ស្នេហា​របស់​កីឡាករ​មួយ​ចំនួន ក៏​ត្រូវ​បាន​ប្រេះឆា​ក្រោយ​ពេល​កីឡាករ​ទាំងនោះ​ជម្នះ​បន្ត​ការ​ប្រកួត​រហូត​ដល់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ផង​ដែរ​។ ប្រភព​ពី​អ្នក​ប្រកប​អាជីព​ជា​កីឡាករ​ប្រដាល់​បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ភាព​ជោគជ័យ​ក្នុង​អាជីព កីឡាករ​ប្រដាល់​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ពី​ការ​បរាជ័យ​រាប់​មិន​អស់​នៅ​ក្នុង​ជីវិត គ្រាន់តែ​ពួក​គេ​មិន​ចង់ឱ្យ​គេ​ដឹងប៉ុណ្ណោះ ។ កីឡាករ​ខ្លះ​ត្រូវ​បាន​គ្រួសារ​បោះបង់​ព្រោះតែ​ចង់​ប្រដាល់​និង​ខ្លះ​ទៀត​ត្រូវ​បាន​កន្លែង​ការងារ​រើសអើង​រហូត​ឈាន​ដល់​បញ្ឈប់​តែម្ដង​។ ក្នុង​នោះ​ជីវិត​ស្នេហា​របស់​កីឡាករ​មួយ​ចំនួន ក៏​ត្រូវ​បាន​ប្រេះឆា​ក្រោយ​ពេល​កីឡាករ​ទាំងនោះ​ជម្នះ​បន្ត​ការ​ប្រកួត​រហូត​ដល់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ផង​ដែរ​។

ប្រភព​ពី​អ្នក​ប្រកប​អាជីព​ជា​កីឡាករ​ប្រដាល់​បាន​អះអាង​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​ដែល​​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ទៅ​បាន ពួក​គេ​បាន​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង ដោយ​កីឡា​ករ​ទាំងនោះ​បញ្ជាក់​ថា​កើតឡើង​ពី​គ្រួសារ និង​អ្នក​រស់នៅ​ជុំវិញ​ខ្លួន​មិនសូវ​គាំទ្រ​ការ​​ប្រដាល់​ដែល​ទទួល​បាន​កម្រៃ​តិច ហើយ​ប្រើ​ពេល​ច្រើន​តែ​ជាមួយនឹង​ការ​ហ្វឹកហាត់​មិនសូវ​មាន​ពេល​សម្រាប់​គ្រួសារ ។ យ៉ាងណា​ក៏​ដោយ​ធៀប​នឹង​ការ​ប្រដាល់​ពេល​បច្ចុ​ប្បន្ន កីឡាករ​ភាគច្រើន​និយាយ​ថា សម័យនេះ​ល្អ​ជាង​សម័យ​មុន​ដាច់​ឆ្ងាយ​ដោយសារ​តែ​ការ​ប្រដាល់​របស់​កីឡាករ​បាន​តម្លៃ​ខ្លួន​ថ្លៃ ហើយ​ម្នាក់​ៗ​រកតែ​កម្លាំង​ឡើង​ប្រកួត​ស្ទើរ​តែ​មិន​បាន ដែល​ខុស​កាលពី​៥​ឆ្នាំ​មុន គឺ​ក្នុង​មួយ​ខែ​សឹងតែ​គ្មាន​ការ​ផ្គូផ្គង ដោយសារ​តែ​មិនសូវ​សំបូរ​សង្វៀន​ប្រដាល់​នៅ​តាម​ប៉ុស្ដិ៍ ។

អ៊ីចឹង​ហើយ​ទើប​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​ក្នុងអំឡុងពេល​ប៉ុស្ដិ៍​លេខ​៥ មានការ​ប្រដាល់​តែ​ម្នាក់ឯង ច្រើន​មិនសូវ​ធូរធារ ហើយ​កីឡាករ​ទាំងនោះ​បាន​ហៅ​ស្ថានភាព​របស់​ខ្លួន​ថា​មិន​មានសំណាង និង​បាន​ត្រឹមតែ​ឈរ​មើល​កីឡាករ​សម័យ​បច្ចុប្បន្ន ដែល​មានសំណាង​ល្អ​ជាង​ប៉ុណ្ណោះ ។ កីឡាករ​ជើង​ចាស់​ស្ទើរ​ទាំង​អស់​​បាន​អះអាង​ថា ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ កីឡាករ​ម្នាក់​ៗ​បាន​ត្រឹមតែ​ល្បីឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​រឿង​លុយកាក់ គឺ​មិនសូវ​នោះ​ទេ ដោយ​កីឡាករ​ខ្លះ​ក្រោយ​ពេល​ល្បីឈ្មោះ​ត្រូវ​បាន​គ្រួសារ​បោះបង់ ហើយ​ក្លាយជា​បុរស​ពោះម៉ាយ ព្រោះតែ​ភរិយា​មិន​ពេញចិត្ត​ឱ្យ​បន្ត​ប្រឡូក​ជាមួយនឹង​អាជីព​មួយ​នេះនោះ​ផង​។

ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​ក៏​មាន​ស្ថានភាព​បែប​នេះ​កើតឡើង​ចំពោះ​អ្នក​ជ្រក​ក្នុង​វិស័យ​កីឡា​ផង​ដែរ ដោយ​គ្រាន់តែ​មិនសូវ​កើតឡើង​ចំពោះ​អ្នក​ប្រដាល់​ដែល​សំបូរ​ការងារ ប៉ុន្តែ​ច្រើន​កើត​មាន​ឡើង​ចំពោះ​អតីត​កីឡាករ​ដែល​បាន​ត្រឡប់​មក​ជ្រក​ក្នុង​អាជីព​ជា​គ្រូបង្វឹក ឬ​គណៈកម្មការ​ផ្ដល់​ពិន្ទុ ដែល​មិនសូវ​ទទួល​បាន​ចំណូល​ខ្ពស់​នោះ​វិញ​។

ប្រភព​ដែល​បាន​ទម្លាយ​ចេញ​បាន​អះអាង​ថា នៅ​ក្នុង​វិស័យ​ប្រដាល់​មាន​អ្នក​ប្រឈម​រង​គ្រោះ​បែប​នោះ​៣​ប្រភេទ​គឺ កីឡាករ​ដែល​បាន​លាឈប់​ពី​ការ​ប្រដាល់​ដាច់​ប៉ិត អ្នក​ដែល​បាន​ប្រឡូក​អាជីព​ជា​គ្រូបង្វឹក និង​កីឡាករ​ដែល​នៅ​ប្រឡូក​ប្រដាល់ ។ អតីត​កីឡាករ គ្រូបង្វឹក និង​កីឡាករ​ដែល​ត្រូវ​គេ​ទម្លាយ​ថា​ក្រោយ​ពី​បាន​ល្បីឈ្មោះ​ហើយ​ប្រឈម​នឹង​ការ​បែកបាក់​ស្នេហា​រួម​មាន​៖

+ ឡុ​ង សុ​ភី ៖ កីឡាករ​ល្បីឈ្មោះ​រូប​នេះ ត្រូវ​គេ​ដឹង​ថា​មាន​ភរិយា​តាំងពី​មុន​ប្រឡូក​ការ​ប្រដាល់ ដោយ​លោក និង​អតីត​ភរិយា​ត្រូវ​គេ​ដឹង​ថា​មានកូន​មួយ​ជាមួយ​គ្នា ប៉ុន្តែ​ក្រោយ​ពេល​ដែល​លោក​ជម្នះ​តស៊ូ​នៅ​ក្នុង​អាជីព​មួយ​នេះ ក៏​ត្រូវ​ជួប​ព្យុះ​ភ្លៀងហើយ​ទីបំផុត​លោក​ក៏​ត្រូវ​គេ​ដឹង​ថា​បាត់បង់​ជីវិត​ស្នេហា​មួយ​ដែល​បាន​រៀប​ការ​តាំងពី​កំលោះ​ក្រមុំ ។

មានការ​ទម្លាយ​ថា លោក និង​ភរិយា​ក្រោយ​ពេល​បែក​គ្នា គឺ​អតីត​ភរិយា​របស់​លោក​បាន​ក្លាយជា​អ្នកគ្រប់គ្រង​ផ្ដាច់មុខ ហើយ​លោក​ក៏​បន្ត​ប្រឡូក​នៅ​ក្នុង​អាជីព​ប្រដាល់​រហូត​សន្សំ​​បាន​លុយកាក់​ច្រើន​ក្នុង​ដៃ ហើយ​ក៏​បាន​ស្ដីដណ្ដឹង​ភរិយា​បច្ចុប្បន្ន​មក​រៀប​ការ​ជំនួស​។ លោក​បាន​រៀប​ការ​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១៦ ជាមួយ​ភរិយា​ទី​២ គឺ​អ្នក​នាង ផ​ន ស្រី​នី ដោយ​មក​ទល់​ពេល​នេះ ទំនាក់ទំនង​គូស្នេហ៍​របស់​លោក​កាន់តែ​ល្អូកល្អិន ថ្វី​ដ្បិតតែ​ឡុ​ង សុ​ភី នៅ​បន្ត​អាជីព​ប្រដាល់​មិន​ខុស​គ្នា​កាលពី​ពេល​ដែល​លោក​មាន​ភរិយា​ទី​១​ក្ដី​។

+ នួន សូ​រិ​យា ៖ អតីត​កីឡាករ​រូប​នេះ ដ្បិតថា​ជោគជ័យ​ក្នុង​ការ​កសាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​អាជីព​ប្រដាល់ តែ​លោក​ក៏​ទទួល​បរាជ័យ​ក្នុង​ជីវិត​ស្នេហា​ផង​ដែរ ដោយសារ​តែ​ក្រោយ​ពេល​ចាប់ផ្ដើម​មានកេរ្តិ៍ឈ្មោះ ហើយ​ត្រូវ​បាន​គេ​ធានា​ឱ្យទៅ​បង្វឹក​សិស្ស​នៅ​អា​មេ​រិ​ក ក៏​មាន​ភរិយា​នៅ​ទីនោះ​ហើយ​ក៏​នៅ​តែ​បែក​គ្នា​ទៀត ដោយ​ក្នុង​ពេល​នេះ​លោក​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា​។ លោក​ត្រូវ​គេ​ស្គាល់​ថា​ជា​គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប​ប្រដាល់​មួយ​កន្លែង តែ​មិន​ទាន់​ដឹង​ថា​លោក​បាន​បន្ត​ទំនាក់ទំនង​ជាមួយ​អតីត​ភរិយា​នៅ​អា​មេ​រិ​ក​វិញ ឬ​មាន​ស្នេហា​ជាមួយ​អ្នក​ថ្មី​នោះ​ទេ ក្នុង​ពេល​ដែល​លោក​មិន​មាន​ចំណូលចិត្ត​ទម្លាយ​ពី​រឿង​ឯកជន​របស់​ខ្លួន​។

+ សៅ ប៊ុ​ន​នឿ​ន ៖ អតីត​កីឡាករ​រូប​នេះ ក៏​ត្រូវ​បាន​គេ​អះអាង​ថា​បាន​បែកបាក់​ប្ដី​ប្រពន្ធ ក្រោយ​ពេល​ល្បីឈ្មោះ​ផង​ដែរ ។ អតីត​ភរិយា​របស់​លោក​ត្រូវ​គេ​ដឹង​ថា​ជា​កូនស្រី​របស់​លោក មាស សុខ​គ្រី តែ​គេ​មិន​ទាន់​ដឹង​ថា​អ្វី​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​គូស្នេហ៍​មួយគូ​នេះ​បែកបាក់​គ្នា​នោះ​ទេ ដោយ​គ្រាន់តែ​មានការ​អះអាង​ថា​លោក​ក៏​មានជីវិត​បែកបាក់​គ្រួសារ​ផង​ដែរ ថ្វី​ដ្បិតតែ​លោក​ល្បីឈ្មោះ​មក​ទល់​នឹង​ពេល​ឈប់​ប្រដាល់​នា​ពេល​នេះ​។

+ គ្រឿ​ល វុ​ទ្ធី ៖ លោក​គណៈកម្មការ​ផ្ដល់​ពិន្ទុ និង​ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​មាស​សុខ​គ្រី​រូប​នេះ ក៏​ត្រូវ​គេ​ទម្លាយ​ថា​ធ្លាប់​ប្រទះ​នឹង​ជីវិត​បាក់បែក​ផង​ដែរ តាំងពី​បាន​ល្បីឈ្មោះ​នៅ​ក្នុង​អាជីព​​ប្រដាល់​។ ក្នុង​ពេល​ដែល​លោក​មិន​ទាន់​ក្លាយជា​គ្រូបង្វឹក និង​ជា​អ្នក​ផ្ដល់​ពិន្ទុ លោក​​មាន​ភរិយា​ក្រមុំ​កំលោះ​រួច​ហើយ ដោយ​មាន​ទាំង​កូនស្រី​ម្នាក់​គួរ​ឱ្យ​ស្រឡាញ់​ទុកជា​ចំណងដៃ​ផង ប៉ុន្តែ​ដោយសារ​តែ​ភាព​មិន​ចុះសម្រុង​គ្នា​ក៏​មានជីវិត​បែកបាក់ ហើយ​ចុង​ក្រោយ​លោក​ក៏​បោះបង់​ការ​ប្រដាល់​មក​ធ្វើ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល ដោយ​ទើបតែ​មាន​ភរិយា​ថ្មី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។

+ ឈិ​ន ក្វា​ន់​ចៃ ៖ អតីត​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ ក៏​ត្រូវ​គេ​ដឹង​ថា​បាន​ពើបប្រទះ​នឹង​ជីវិត​បែកបាក់​ភរិយា​កម្សត់កម្រ​ផង​ដែរ ក្រោយ​ពេល​ល្បីឈ្មោះ ដោយ​លោក និង​ម្ដាយ​របស់​កីឡាករ ឈិ​ន ក្វា​ន់​ង៉ុ​យ បាន​ផ្ដាច់ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​ជា​យូរ​មក​ហើយ តែ​នៅ​តែ​ទាក់ទង​គ្នា​ជា​ប្រក្រតី រហូត​លោក​ផ្ចុងផ្ដើម​ឈិ​ន

ក្វា​ន់​ង៉ុ​យ ឱ្យ​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​ស្នង​តំណែង​លោក​ទៀត​ផង ។ លោក​រៀប​ការ​ជាមួយ​ភរិយា​ក្រោយ គឺ​ទន្ទឹម​នឹង​ជីវិត​ប្រដាល់​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​លោក​ថា​ជីវិត​ស្នេហ៍​បែកបាក់​របស់​លោក​កើតឡើង​ដោយសារ​តែ​អស់​និស្ស័យ​នឹង​គ្នា​ប៉ុណ្ណោះ គឺ​មិនមែន​ព្រោះតែ​អតីត​ភរិយា​របស់​លោក​ជំទាស់​រឿង​ប្រដាល់ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ