ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​វិនិយោគ​លើ​ការ​ផលិត​ខ្សែភ្លើង និង​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ចិន​មក​ពី​ខេត្ត​ក្វា​ង​ស៊ី បាន​បង្ហាញ​ពី​គោលបំណង​វិនិយោគ​លើ​ការ​ផលិត​ខ្សែភ្លើង និង​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​កែប និង​ខេត្តកំពត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ជំនួប​រវាង​លោក ឆឹ​ន…

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​ចិន​មក​ពី​ខេត្ត​ក្វា​ង​ស៊ី បាន​បង្ហាញ​ពី​គោលបំណង​វិនិយោគ​លើ​ការ​ផលិត​ខ្សែភ្លើង និង​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​កែប និង​ខេត្តកំពត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ជំនួប​រវាង​លោក ឆឹ​ន អ៊ូ (Chen Wu) អភិបាលខេត្ត​ក្វា​ង​ស៊ី ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ មេ​សា កន្លង​មក ។

លោក ឆឹ​ន អ៊ូ បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម ជួយ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ខេត្ត​ក្វា​ង​ស៊ី និង​កម្ពុជា​ផង​ដែរ ហើយ​លោក​សន្យា​នឹង​ខិតខំ​កៀងគរ​វិនិយោគិន​ខេត្ត​ក្វា​ង​ស៊ី មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ។

លោក​ថា ៖« ខ្ញុំ​នឹង​ខិតខំ​កៀងគរ​វិនិយោគិន​ខេត្ត​ក្វា​ង​ស៊ី ឲ្យ​ចូល​មក​បណ្តាក់ទុន​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន » ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​នូវ​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​វិនិយោគ​របស់​ខេត្ត​ក្វា​ង​ស៊ី និង​បាន​សន្យា​ជួយ​សម្រួល​គម្រោង​នេះ​ឲ្យ​លេច​រូបរាង​ឡើង​នា​ពេល​អនាគត​។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​លោក​អភិបាលខេត្ត និង​វិនិយោគិន​ខេត្ត​ក្វា​ង​ស៊ី ពិចារណា​វិនិយោគ​លើ​ការ​សាងសង់​ឡ​ស​ម្ងួ​ត​ទិន្នផល​កសិកម្ម និង​កែ​ច្នៃ​កសិផល​មួយ​ចំនួន​ដូច​ជា ស្រូវ ស្វាយ ពោត និង​ដំឡូង​មី ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទី​៣ បន្ថែម​ទៀត ។

លោក​បន្ត​ថា ៖« ចិន​ពិតជា​ដៃគូ​ដ៏​មាន​សារសំខាន់​ណាស់ មិន​ត្រឹមតែ​ផ្តល់​ជំនួយ​ធំ​ជាងគេ​ដល់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រទេស​ដែល​បាន​និង​កំពុង​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា ហើយ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា ក៏​ច្រើន​ជាងគេ​ផង​ដែរ » ។

គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ខេត្ត​ក្វា​ង​ស៊ី មក​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​អញ្ជើញ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១២-១៥ ខែកញ្ញា ឆ្នាំ​២០១៨ ខាង​មុខ នៅ​ទីក្រុង​ណា​ន​នី​ង​នៃ​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី ក្រោម​ប្រធានបទ « រួម​គ្នា​កសាង​វិ​ថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ លើ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ច្នៃប្រឌិត​ថ្មី ចិន​-​អាស៊ាន » ។ ពិព័រណ៍​លើក​នេះ កម្ពុជា​ត្រូវធ្វើ​ជា​ប្រទេស​កិត្តិយស បន្ទាប់​ពី​ព្រុយ​ណេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ