ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅខេត្ត​ប៉ៃលិនធ្វើបែបណា ខណៈ​ដំណាំ​ឆ្នាំ​នេះ​លូតលាស់​ល្អ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​រដូវ​ដាំ​ដុះ​ដើមឆ្នាំ​នេះ អាកាសធាតុ​ពិតជា​អំណោយផល​ដល់​ដំណាំ​កសិកម្ម ពិសេស ពោតក្រហម និង​ដំឡូង​មី និង​ដំណាំ​រួម​ផ្សំ​ដទៃ​ទៀត ធ្វើ​ឲ្យ​កសិករ​ក្នុង​ក្រុងប៉ៃលិន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដំណាំ​របស់​ពួក​គាត់​លូតលាស់​ល្អ…

ខេត្ត​ប៉ៃលិន ៖ នៅ​រដូវ​ដាំ​ដុះ​ដើមឆ្នាំ​នេះ អាកាសធាតុ​ពិតជា​អំណោយផល​ដល់​ដំណាំ​កសិកម្ម ពិសេស ពោតក្រហម និង​ដំឡូង​មី និង​ដំណាំ​រួម​ផ្សំ​ដទៃ​ទៀត ធ្វើ​ឲ្យ​កសិករ​ក្នុង​ក្រុងប៉ៃលិន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដំណាំ​របស់​ពួក​គាត់​លូតលាស់​ល្អ មិន​មានការ​ខូចខាត​ដូច​ឆ្នាំ​មុន​ៗ នាំ​ឱ្យ​ពួក​គាត់​មាន​សង្ឃឹមថា ពេល​ប្រមូល​ផល​នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ ។

លោក សាន្ត សុខា កសិករ​រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ តម្លៃ​ទីផ្សារ​ពោតក្រហម និង​ដំឡូង​មី ឡើងថ្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ធ្វើ​ឱ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត និង​ប្រញាប់​ធ្វើការ​ដាំ​ដុះ​ឡើង​វិញ​ឲ្យ​ទាន់​រដូវ ។
លោក​និយាយ​ថា ៖« អាកាសធាតុ​ឆ្នាំ​នេះ ពិតជា​អំណោយផល​មែន ក្រោយ​ពី​ដាំ​រួច ភ្លៀង​បាន​ធ្លាក់​មក​ជាប់​ៗ​គ្នា​រាល់ថ្ងៃ ធ្វើ​ឱ្យ​ដំណាំ​ដុះ​ល្អ ទាំង​ពោតក្រហម និង​ដើម​ដំឡូង​មី ដោយ​មិន​បាន​ទិញ​ពូជ ឬ​យក​ដើម​ទៅ​ដាំ​ជួស​បន្ថែម​ថ្មី​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ » ។

លោក សាន្ត សុខា បាន​កត់​សម្គាល់ថា កន្លង​មក ពួក​គាត់​ម្នាក់​ៗ​ដែល​ធ្លាប់តែ​រអ៊ូ​រឿង​ជំពាក់​បំណុល​អង្គការ ឬ​ធនាគារ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន រហូត​អ្នកខ្លះ​ប្រកាស​លក់​ដី ទៅ​ទូទាត់​ការ​ខាតបង់​ចម្ការ​នោះ តែ​ពេល​នេះ លែង​សូវ​ឮ​មាត់​ដូច​សព្វមួយដង​ហើយ ពោល​គឺ​ស្ងាត់​តែ​ម្តង ។

លោក​មាន​សុទិដ្ឋិនិយម​ថា ៖« បើសិនជា​អាកាសធាតុ​អំណោយផល​តាំងពី​ដើមឆ្នាំ​រហូត​ដល់​ពេល​ប្រមូល​ផល ហើយ​ទីផ្សារ​កសិផល​យើង​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដូច​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា កសិករ​ទូ​ទាំង​ប្រទេស នឹង​អាច​សងបំណុល​ដែល​ជំពាក់​គេ​នោះ​អស់ ហើយ​ក៏​អាច​មាន​ជីវភាព​ធូរធារ​បន្តិច​ម្តង​ៗ​សា​ជា​ថ្មី​ឡើង​វិញ​ដែរ » ។

លោក​ក៏​បាន​សម្ដែង​នូវ​អំណរ​គុណ​ដល់​មន្ទីរ​ពាក់ព័ន្ធ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ពិសេស​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ចរចា​ជាមួយ​ឈ្មួញ​ឱ្យ​រក្សា​តម្លៃ​ទីផ្សារ​កសិផល​នៅ​ខ្ពស់​ដដែល​ផង​ដែរ ។

សូម​បញ្ជាក់​ថា តម្លៃ​ទីផ្សារ​ដំឡូង​មី​បច្ចុប្បន្ន​មានការ​ឡើងថ្លៃ​ខ្លាំង ដោយ​កន្លែង​ខ្លះ ដំឡូង​មី​ស្រស់ ឈ្មួញ​ទិញ​១​គីឡូក្រាម​រហូត​ដល់​៣​ទៅ​៤​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​ជាង​៣០០​ទៅ​ជាង​៤០០​រៀល ។ ចំណែក​ដំឡូង​មី​ស្ងួត តម្លៃ​ពី​៧​ទៅ​៨​បាត​ក្នុង​១​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ខុស​គ្នា​យ៉ាង​ខ្លាំង ដោយ​ដំឡូង​មី​ស្រស់​១​គីឡូក្រាម ត្រឹមតែ​០,៩​ទៅ​១,៥​បាត ហើយ​ចំណិត​ដំឡូង​មី​ស្ងួត តម្លៃ​ត្រឹមតែ​៤​ទៅ​៥​បាត​ប៉ុណ្ណោះ​។ ហេតុ​ដូច្នេះ​ហើយ ទើប​រហូត​មក​ដល់​ពេល​នេះ កសិករ​ម្នាក់​ៗ​ខំប្រឹង​ប្រែង​ដាំដំឡូង​មី​ស្ទើរ​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ