ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​ច្រក​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​នាំ​ចូល​ទំនិញ​សព្វសារពើ​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ។ បច្ចុប្បន្ន​កំពង់​ផែ​មួយ​នេះ កាន់តែ​ដើរតួ​សំខាន់​ឡើង​ៗ និង​កំពុង​ពង្រីក​វិសាលភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ ខណៈ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​កំពុង​មាន​កំណើន​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​ច្រក​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​នាំ​ចូល​ទំនិញ​សព្វសារពើ​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ។ បច្ចុប្បន្ន​កំពង់​ផែ​មួយ​នេះ កាន់តែ​ដើរតួ​សំខាន់​ឡើង​ៗ និង​កំពុង​ពង្រីក​វិសាលភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ ខណៈ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​កំពុង​មាន​កំណើន​ខ្ពស់ ។ តួយ៉ាង ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ បរិមាណ​ទំនិញ ឆ្លងកាត់​បាន​កើនឡើង​ប្រមាណ​២២% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ។

ប្រធាន​ការិយាល័យ​ស្ថិតិ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៣ មេ​សា កន្លង​មក​ថា បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​នេះ មាន​ចំនួន​សរុប​ជាង​១,២​លាន​តោន កើនឡើង​ប្រមាណ​២២,៨៦% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ។
លោក អ៊ុ​ក សុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ​រូប​នេះ​បន្ដ​ថា ៖« នៅ​ត្រីមាស​ទី​១​កន្លង​ទៅ​នេះ ទំនិញ​ដែល​យើង​នាំ​ចេញ​ច្រើន​ជាងគេ មាន សម្លៀក​បំពាក់ អង្ករ រួម​នឹង​កសិផល​មួយ​ចំនួន ។ ដោយឡែក ទំនិញ​នាំ​ចូល​វិញ រួម​មាន សម្ភារ​ប្រើប្រាស់​បម្រើ​នៅ​ក្នុង​វិស័យ​កាត់ដេរ គ្រឿង​អេ​ឡិច​ត្រូ​និក និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ទៀត » ។

បច្ចុប្បន្ន សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​នៅ​ក្នុង​កំពង់​ផែ​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង​ៗ ហើយ​ដើម្បី​បំពេញ​តាម​តម្រូវការ កំពង់​ផែ​បាន​បន្ថែម​គ្រឿងចក្រ​លើកដាក់​ទំនិញ និង​ពង្រីក​ផ្ទៃដី​ឲ្យ​កាន់តែ​ទូលាយ ដើម្បី​សម្រួល​ដល់​ការ​លើកដាក់​ទំនិញ​មិន​ឲ្យ​កកស្ទះ និង​ទាន់​ពេលវេលា ។
លោក​សុ​មេធី បន្ត​ថា ៖« យើង​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​បង្កើន​ផលិតភាព​កំពង់​ផែ​។ ដូច្នេះ​ហើយ ការ​ដឹក​ទំនិញ​ឆ្លងកាត់​កាន់តែ​មាន​សកម្មភាព​មមាញឹក​ទៅ​ៗ ហើយ​នៅ​ខែឧសភា​ខាង​មុខ​នេះ យើង​នឹង​ដាក់​ឱ្យ​ដំណើរការ​ផែ​ពហុ​បំណង​, ពង្រឹង​ផលិតភាព​ការងារ និង​ការ​បណ្តុះបណ្តាល​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​, មាន​ផែនការ​បំពាក់​គ្រឿងចក្រ​លើកដាក់ និង​ដឹក​ជញ្ជូន​បន្ថែម​ទៀត និង​មាន​គម្រោង​ធ្វើ​ផែ​កុងតឺន័រ​ថ្មី​មួយទៀត​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នា​ពេល​ខាង​មុខ និង​ដើម្បី​ទាក់ទាញ​ឱ្យ​មាន​អ្នក​ប្រើប្រាស់​ផែ​កាន់តែ​ច្រើន » ។

ក្រោម​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន កម្ពុជា​កំពុង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត​មាន​ជម្រៅ​ជាង​១៤​ម៉ែត្រ ដែល​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ទំនិញ​នៅ​ក្នុង​តំបន់​ប្រហែល​៩៣%​ចូល​ចត​ដោយ​គ្មាន​ឧបសគ្គ ។ បន្ទាប់​ពី​ស្ថាបនា​រួច នឹង​ជួយ​ឲ្យ​តម្លៃ​សេវា​ដឹក​ទំនិញ​តាម​ផ្លូវ​សមុទ្រ​ថយ​ចុះ​ច្រើន ខណៈ​បច្ចុប្បន្ន បើ​ធៀប​នឹង​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​ក្នុងស្រុក គឺ​នៅ​ថ្លៃ​ជាង​នៅឡើយ ។ នៅ​ថ្ងៃ​អនាគត ប្រសិនបើ​ថ្លៃ​សេវា​ដឹក​ជញ្ជូន​តាម​សមុទ្រ​ថយ​ចុះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក្នុងស្រុក​មាន​លក្ខណៈ​កាន់តែ​ប្រកួតប្រជែង ហើយ​មាន​កំណើន​បន្ថែម​ទៀត ។
តាម​ការ​បញ្ជាក់​ពី​លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ខែមីនា
កន្លង​មក​ថា ៖« នៅ​ឆ្នាំ​២០២២ ការ​សាងសង់​ផែ​ទឹក​ជ្រៅ​នឹង​រួចរាល់ ហើយ​ចំនួន​កុងតឺន័រ​នឹង​កើនឡើង​ប្រមាណ​លើស​ពី​៧០០​ពាន់​កុងតឺន័រ នាវា​ធុន​ធំ​អាច​ចូល​ចត​បាន​តាម​លក្ខណៈ​ស្តង់ដា​គុណភាព ហើយ​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ នឹង​មាន​លក្ខណៈ​ល្អ​ដូច​ប្រទេស​នៅ​ជុំវិញ​យើង » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ -​នាំ​ចូល​របស់​កម្ពុជា​ភាគច្រើន គឺ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ ដូច្នេះ វា​ជា​ច្រក​ផ្លូវទឹក​មួយ​ដ៏​សំខាន់​សម្រាប់​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ទាំងមូល ។
សេដ្ឋវិទូ​រូប​នេះ​បន្ដ​ថា ៖« អ្វី​ដែល​ខ្ញុំ​បានដឹង​ពី​មតិ​មួយ​ចំនួន ពី​សហគមន៍​វិនិយោគ​មួយ​ចំនួន​គេ​តែង​គិត​ថា ថ្លៃ​ដឹក​ជញ្ជូន​ទៅ​តាម​ផែ​ហ្នឹង គឺ​នៅ​តែ​មាន​តម្លៃ​ខ្ពស់ ជាមួយនឹង​មូលហេតុ​ផ្សេង​ៗ​។ វា​មិនមែន​ជា​រឿង​ផែ​ខ្លួនឯង តែ​ជា​រឿង​បន្ថែម​ពីលើ​ហ្នឹង ដូច​ជា សេវា​ដឹក​ជញ្ជូន​ទូទៅ​នៅ​ស្រុក​យើង គឺ​នៅ​មាន​តម្លៃ​ខ្ពស់ ។ អីចឹង ការ​ជួយ​ពង្រឹង និង​ពង្រីក​សេវាកម្ម​របស់​ផែ ក៏​អាច​ជា​ផ្នែក​មួយ​ជួយ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ផង​ដែរ » ។

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​១២​ខែ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំណូល​ប្រមាណ​ជិត​៥៧​លាន​ដុល្លារ កើនឡើង​៨,៨១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ មាន​ប្រមាណ​ជាង​៦​លាន​ដុល្លារ ថយ​ចុះ​៥,៩២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៧​នេះ​ដែរ ទ្រព្យសកម្ម​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំនួន​ជាង​៣២០​លាន​ដុល្លារ កើនឡើង​១៨,២៤% និង​មូលធន​សរុប​មាន​ចំនួន​ជាង​១៦១​លាន​ដុល្លារ កើនឡើង​២០,៩៥% ។ នេះ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ