ខេត្តពោធិ៍សាត់ ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង គឺជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានចម្ងាយ៤១គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ។ ដែលភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅលេងកម្សាន្ដនៅទីនោះបានទាំងរថយន្ដតូច និងរថយន្ដធំ ។
ពេលធ្វើដំណើរមកដល់ទីរួមស្រុកក្រគរ នៅខាងលិចស្ពានថ្មចម្ងាយប្រហែល៣០ម៉ែត្រមានផ្លូវបែកជាបួន ហើយផ្លូវដែលចូលទៅរមណីយដ្ឋាន គឺផ្លូវទិសខាងត្បូង ។ ធ្វើដំណើរទៅកាន់ទីនោះ ពីមុនមានការលំបាកខ្លាំងណាស់ ប៉ុន្តែឥឡូវនេះបានស្ថាបនាជាផ្លូវគ្រួសក្រហមហើយ ហើយនៅឆ្នាំ២០១៨នេះនឹងចាប់ផ្ដើមក្រាលកៅស៊ូដែលជាថវិការរបស់សម្ដេចតេជោហ៊ុន សែន ។
លោកធឹម ង៉ុក មេឃុំឈើតុំបានប្រាប់ឲ្យដឹងថា មានភ្ញៀវទេសចរណ៍ទៅលេងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀងនេះរៀងរាល់ថ្ងៃ ពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយបើថ្ងៃចូលឆ្នាំខ្មែរ ចូលឆ្នាំចិន និងបុណ្យភ្ជុំបិណ្ឌវិញ គឺមនុស្សច្រើនណាស់មកពីគ្រប់ទីកន្លែងមានទាំងភ្ញៀវបរទេសទៀតផង ។ ភ្ញៀវទេសចរណ៍ទៅទីនោះនឹងបានងូតទឹកជ្រោះធ្លាក់ពីលើភ្នំថ្លាយង់ ត្រជាក់ដូចទឹកអំរិទ្ធិ មានផ្ទាំងថ្មតូចធំ ដូចក្បាច់ចំលាក់ មានដើមឈើជាម្លប់ដ៏ត្រឈឹងត្រឈៃសម្រាប់ភ្ញៀវទេសចរណ៍ជ្រកកោន ។ មានលក់ម្ហូបអាហារឆ្ងាញ់ៗដូចជា មាន់ដុត ប្រហុកអាំង ត្រីអាំង ជាដើម ដោយតម្លៃសមរម្យ និងមានអនាម័យ ។
លោកសំ ឃីមប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅខេត្តពោធិ៍សាត់មានរមណីយដ្ឋានច្រើនដែរ ទាំងរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃ ប៉ុន្តែរមណីយដ្ឋានដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេនោះ គឺមានតែរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងរមណីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿងជំទាវខាន់ខៀវទេ ។ មន្ទីរបានដាក់ស្លាកសញ្ញាសម្គាល់ផ្សេងៗ ពង្រីកចំណតរថយន្ត រៀបចំកន្លែងលក់ដូរ កន្លែងភ្ញៀវអង្គុយ និងពង្រីកកន្លែងកម្សាន្តបន្តមកក្រោមទៀត តាមបណ្ដោយស្ទឹងដែលមានល្បាក់ទឹកហូរលើថ្ម គួរជាទីគយគន់ ។
លោកសំ ឃីមឲ្យដឹងថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងមាន០៨ដំណាក់ គឺដំណាក់យាយចំអន់តា ដំណាក់ទឹកឈូរ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្ដូន ដំណាក់ព្រះ ដំណាក់ជ្រៃក្រឹម ដំណាក់សុបិន្ត និងដំណាក់ទឹកធ្លាក់ ។ ភ្ញៀវដែលទៅលេងកម្សាន្តគិតត្រឹមមនុស្សពេញវ័យឡើងទៅម្នាក់១.០០០រៀល ថ្លៃផ្ញើរម៉ូតូ២.០០០រៀល និងរថយន្តពី៣.០០០ទៅ១០.០០០រៀល ។ មិនអនុញ្ញាតឲ្យភ្ញៀវយកភេសជ្ជៈប្រភេទដបចូលទៅទេ និងបានណែនាំឲ្យទុកដាក់កាកសំណល់នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវចៀសវាងបោះចូលក្នុងទឹក នាំឲ្យខូចអនាម័យ និងប៉ះពាល់បរិស្ថាន ។
ភ្ញៀវទេសចរណ៍ដែលបានទៅលេងកម្សាន្ដនៅទីនោះបានវាយតម្លៃថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្រុកក្រគរ ខេត្តពោធិ៍សាត់នេះមានលក្ខណៈ និងសក្ដានុពលល្អជាងរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា ។ ហើយជារមណីយដ្ឋានធម្មជាតិមានទឹកធ្លាក់ខួបប្រាំងខួបវស្សា មិនដែលដាច់សោះឡើយ បង្កលក្ខណៈឲ្យបងប្អូនភ្ញៀវទេសចរណ៍មកងូតទឹកលេងកម្សាន្តបានគ្រប់ពេលវេលា ។
ដោយសារផ្លូវធ្វើដំណើរស្រួល ដោយរយៈពេលពីរបីឆ្នាំនេះ គេសង្គេតឃើញភ្ញៀវទេសចរណ៍ទាំងអ្នកនៅក្នុងខេត្ត ក្រៅខេត្តមកពីភ្នំពេញ និងភ្ញៀវទេសចរណ៍បរទេសផងដែរ បានទៅលេងកម្សាន្ដនៅទីនោះច្រើនមែនទែន ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការប្រែប្រួលគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ