ខេត្តពោធិ៍សាត់ ៖ ក្រោយពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ បានសហការណ៍គ្នាព័ទ្ធចាប់មុខសញ្ញាចោរលួចគោបានម្នាក់ រួមទាំងវត្ថុតាងគោញីឈ្មោលចំនួន២ក្បាលផងដែរ ។ ប្រតិបត្តិការណ៍ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិព្រៃរោង ឃុំតាលោ ស្រុកបាកាន ។
លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ មឿន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ។ ឃាត់ខ្លួនរួមជាមួយវត្ថុតាងគោញីឈ្មោលចំនួន២ក្បាល មួយក្បាលអាយុ៥ឆ្នាំ និងមួយក្បាលទៀតអាយុ៣ខែ ។ លោកនាយប៉ុស្តិ៍ឲ្យដឹងថា ការដែលឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងបន្ទាប់ពីទទួលបណ្ដឹងពីស្ត្រីម្ចាស់គោឈ្មោះ វួន វឿន អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ដែលបានចោទប្រកាន់ថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ឈ្មោះ មឿន ម៉ៅ ដែលជាជនសង្ស័យនេះ បានលួចដឹកគោរបស់គាត់ពីចំណងដែលបានចងឲ្យស៊ីស្មៅនៅចំណុចខាងត្បូងផ្ទះ ចម្ងាយប្រមាណ៥០០ម៉ែត្រ ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាម រូបលោកបានចាត់វិធានការស្រាវជ្រាវជាបន្ទាន់ រហូតឃាត់ខ្លួនបាននៅវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិព្រៃរោង ឃុំតាលោ ស្រុកបាកាន ។
ជនសង្ស័យសមត្ថកិច្ចបានបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្ត ចំណែកសត្វគោទាំងពីរក្បាលបានប្រគល់ជូនម្ចាស់ដើមវិញ ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន និងស្ថាបនជំនាញ ៕
ចែករំលែកព័តមាននេះ