ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារ​ចម្រុះ​រួម​មាន មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប៉ូលិស​បេតិកភណ្ឌ អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប បាន​ចុះ​ពិនិត្យ​មើល​ការ​កាប់​ទន្ទ្រានព្រៃ​នៅ​ក្នុង​ឧទ្យាន​អង្គរ នា​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ ក្រុមការងារ​ចម្រុះ​រួម​មាន មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប៉ូលិស​បេតិកភណ្ឌ អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប បាន​ចុះ​ពិនិត្យ​មើល​ការ​កាប់​ទន្ទ្រានព្រៃ​នៅ​ក្នុង​ឧទ្យាន​អង្គរ នា​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ខាងកើត​កន្លែង​ត្រួតពិនិត្យ​សំបុត្រ​ភ្ញៀវ​ទេសចរណ៍ ចំណុច​អក្សរ​តេ​ផ្លូវ​៦០​ម៉ែត្រ​។ លោក បេង ប៊​ន មន្ត្រី​ទទួល​បន្ទុក​ព្រៃឈើ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានឱ្យ​ដឹង​ថា សកម្មភាព​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ នៅ​ខាងកើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​សំបុត្រ​៦០​ម៉ែត្រ បាន​ចាប់ផ្តើម​តាំងពី ឆ្នាំ​២០១៧​មក​ម្លេះ តែ​ក្រោយ​ការ​ទប់ស្កាត់​ឃើញ​ថា សកម្មភាព​ទាំងនោះ​បាន​បញ្ឈប់​ហើយ​។ ដោយឡែក​ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​មកនេះ សកម្មភាព​កាប់​ទន្ទ្រាន​ដុត​ព្រៃ​បាន​កើត ឡើង​ម្តងទៀត​។ ជន​ដែល​សកម្ម​ក្នុង​ការ​កាប់​ព្រៃ​នេះ មានឈ្មោះ ថៃ ធឿ​ង ដែល​បាន​លួច​កាប់ ទន្ទ្រាន​ដី​ព្រៃ​នោះ​មាន​ទំហំ​ប្រមាណ​ជា​កន្លះ​ហិ​កតា នៅ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន រួម​នឹង​កន្លែង​ផ្សេង​ៗ ជា​ច្រើន​កន្លែង​ទៀត​។

មួយ​ចំណុច​ទៀត​នៅ​ឆៀង​មុខ​ផ្ទះ ថៃ ធឿ​ង មាន​ទំហំ​ប្រមាណ​៣០​ម៉ គុណ​នឹង​៤០​ម៉ ដែល​បង្ក​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​។ លោក បេង ប៊​ន បាន​បញ្ជាក់​ទៀត​ថា​៖ ការ​លួច​កាប់​នេះ ធ្វើ​ឡើង​ពេល​ក្រុមការងារ​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​អវត្តមាន​ដូច​ជា​ពេល​បុណ្យចូលឆ្នាំ​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ចន្លោះ​មុន និង​ក្រោយ​ពេល​ចូល និង​ចេញ​ធ្វើការ​របស់​ក្រុមការងារ​។ ពួក​គេ​តែង​លួច​កាប់​បន្តិច​ម្តង​ៗ​ជា​រៀងរាល់ថ្ងៃ លុះ​ពេល​ហាមឃាត់ ហើយ​សួរនាំ​ក៏​ឆ្លើយ​ថា គ្រាន់តែ​ដើរ​កាប់​ដើម្បី​ហាត់ប្រាណ ឬ​ក៏​ប្រើ​ពាក្យ​ជេរប្រទេច​តប​មក​ក្រុមការងារ ហើយ​អះអាង​ថា ព្រៃ​ទាំង​អស់នេះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ទាំង​ដែល​ខ្លួន​ត្រឹម​ជា​អ្នក​ចំណូលស្រុក​ប៉ុណ្ណោះ ហើយ​អ្នកខ្លះ​ទៀត​ត្រូវ​ចៅសង្កាត់​អះអាង​ថា មិន​មានឈ្មោះ​ជា​ប្រជាជន​ស្ថិត​ក្នុងភូមិ​ស្រុក​របស់​ខ្លួន​ឡើយ​។

ដោយ​មូលហេតុ​នេះ​ហើយ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ដាក់​ទោសទណ្ឌ ចំពោះ​ជន​បង្ក​បទល្មើស ក៏​តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ៗ ដើម្បី​ជួយ​ទប់ស្កាត់​ផង​ដែរ​។ លោក ង៉ា ចុង ចៅសង្កាត់​នគរធំ ក៏​បាន​រំឭក​ថា ច្រើន​ដង​ណាស់ ដែល​លោក​ហៅ ថៃ ធឿ​ង ទៅ​ជួប​ដើម្បី​និយាយ​គ្នា តែ​ជន​នេះ​មិនសូវ​ទៅ ហើយ​ក៏​ធ្លាប់​ធ្វើ​កិច្ចសន្យា នឹង​បុគ្គល​នេះ​ច្រើន​ដង​ដែរ​កន្លង​មក តែ​ធ្វើ​រួច​ជន​នោះ​នៅ​តែ​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ដដែល​។ លោក​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​ឱ្យ​បាន ក្រុមការងារ​ទាំងអស់ ពិសេស​មន្ត្រី​ប៉ូលិស​បេតិកភណ្ឌ ត្រូវ​ដាក់​កម្លាំង​តាម​គ្រប់​ជំហាន និង​បង្ក្រាប​លើ​បទល្មើស​ជាក់ស្តែង ហើយ​ដាក់ទោស​ឱ្យ​សម​នឹង កម្រិត​ទោស​ទើប​រាងចាល ដោយ​មិន​អាច​យោគយល់​បាន​ឡើយ ព្រោះ​កន្លង​មក​ការ​យោគយល់ គឺ​គ្មាន​ប្រសិទ្ធិ​ភាព​ចំពោះ​ជន​នោះ​ទេ​។

ចំណែក មន្ត្រី​ប៉ូលិស​បេតិកភណ្ឌ បាន​អះអាង​ថា ចំពោះ​ករណី​ដុត​ព្រៃ និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នេះ គឺ​មិន​បានដឹង​ព័ត៌មាន​ឡើយ តែ​ពី​ពេល​នេះ​ទៅ ក្រុមការងារ​នឹង​ចុះ​ល្បាត ហើយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​មូលដ្ឋាន ដោយ​ការ​ចុះ​ល្បាត​ឱ្យ​បាន​ញឹកញាប់ ពិសេស​បន្ថែម​លើ​ម៉ោង​ការងារ​ដែល​ក្រុម អាជ្ញាធរ​ជាតិ​អប្សរា​ផុត​ម៉ោង​ធ្វើការ​។ សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ចុះ​ពិនិត្យ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ចម្រុះ​មិន​បានឃើញ​មាន​អ្នក​បង្កហេតុ​ឡើយ ព្រោះ​ពួក​គេ​បាន​គេចខ្លួន​អស់ហើយ និង​សម្ងំ​ក្នុងផ្ទះ​។ ហើយ​ការ​កាប់​នោះ​នៅ​តែ​មាន​ទៀត ដែល​តាម​ការ​ស្មាន​គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ទៅ​ពីរ​ថ្ងៃមុន​នេះ ពេល​ក្រុមការងារ​ផុត​ម៉ោង​ការងារ ទើប​ពួក​នោះ​លួច​ចូល​មក​កាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ