ខេត្តបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងដែលមានទំហំ៤ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស្បូវ ដំបូលប្រក់ស្បូវ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកគ្មានសល់ រួមទាំងស្រូវ-អង្ករ មាស ប្រាក់ និងសំភារប្រើប្រាស់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៦ មីនា នៅភូមិទៀនកាំខាងជើង ឃុំទៀនកាំ ស្រុកព្រះនេត្រព្រះ ។
តាមប្រភពពីលោកអនុសេនីយ៍ឯក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះនោះឈ្មោះឈូ សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ លោកអធិការនគរបាលស្រុកបានដកស្រង់សម្តីពីម្ចាស់ផ្ទះឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដុតដើមស្វាយដែលងាប់នៅខាងជើងផ្ទះចម្ងាយប្រហែល៥ម៉ែត្រ ពេលដុតឆេះហើយគាត់ក៏ដើរទៅបង់ត្រី ឯប្រពន្ធនៅផ្ទះម្នាក់ឯងរហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបត្រឡប់មកវិញ ស្រាប់តែផ្ទះគាត់ត្រូវភ្លើងឆេះអស់ទៅហើយ ។
បើតាមស្ត្រីជាប្រពន្ធបានប្រាប់ថា ពេលប្តីគាត់ទៅបាត់នោះ ភ្លើងបានឆេះដើមស្វាយ ស្របពេលមានខ្យល់ខ្លាំង ហើយផ្កាភ្លើងហោះធ្លាក់ទៅលើដំបូលផ្ទះ ទើបបណ្តាលឱ្យឆាបឆេះផ្ទះអស់តែមួយពព្រេចភ្នែកប៉ុណ្ណោះគ្មានសល់អ្វីឡើយ សូម្បីតែអ្នកជិតខាង និងប៉ូលិសប៉ុស្តិ៍ក៏រត់មកជួយអន្តរាគមន៍ពន្លត់ពុំទាន់ដែរ ។ រីឯសំភារទ្រព្យសម្បត្តិដែលខូចខាតមានស្រូវចំនួន៣បាវ អង្ករ១បាវ មាស២ជី និងសំភារប្រើប្រាស់ត្រូវភ្លើងឆេះទាំងស្រុង ។ លោកអនុសេនីយ៍ឯកកែវ ប៊ុនយឿន បានបញ្ជាក់ថា ក្នុងករណីកើតមានអគ្គីភ័យនេះពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ ឆេះតែផ្ទះ សំភារប្រើប្រាស់និងទ្រព្យសម្បត្តិប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ