អម្រឹត ទទួល​បាន​អាជ្ញា​បណ្ណ​សហការ​ជាមួយ អេ អាយ អេ ខេ​ម​បូ​ឌា


រាជធានី​ភ្នំពេញ​ ៖ អម្រឹត​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា​ដែល​បាន​ទទួល​លិខិតអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​និង​អាជ្ញា​បណ្ណ​ពី​​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង ក្នុង​ការ​ណែនាំ​ដំណោះស្រាយ​ធានា​រ៉ាប់រង​ជូន​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​។

ដូច្នេះ​អម្រឹត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា​ អម្រឹត​នឹង​ចាប់​ដៃគូ​ជា​មួយនឹង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក («​អេ អាយ អេ ខេ​ម​បូ​ឌា​») ដើម្បី​បង្កើន​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​លើក​ស្ទួយ​សុខុមាលភាព​របស់​អតិថិ​ជន​របស់​ខ្លួន ទូ​ទាំង​ប្រទេស​កម្ពុជា​។

ការ​សហការ​នេះ នឹង​ផ្តល់​ជូន​អតិថិជន​របស់ អម្រឹត ប្រមាណ​៤​សែន​នាក់ នូវ​ឱកាស​ដើម្បី​​ទទួល​បាន​ដំណោះស្រាយ​ធានា​រ៉ាប់រង​ជីវិត​ឈានមុខ​គេ​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ដំណោះស្រាយ​ទាំងនោះ​ រួម​មាន​ជា​ពិសេស​នូវ​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ ដូច​ជា​ជំងឺមហារីក គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ជាដើម​។

លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មាន​ប្រសាសន៍​ថា​៖ «យើងខ្ញុំ​សូម​អរគុណ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ចំពោះ​ការ​អនុញ្ញាត ហើយ​និង​ក្រសួង
សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ចំពោះ​ការ​ផ្តល់​អាជ្ញា​បណ្ណ​នេះ​។ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ធ្វើ​ឲ្យ​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​យើង​មាន​លក្ខណៈ​កាន់តែ​ប្រសើរ តាម​រយៈ​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​ជីវិត​របស់ អេ អាយ អេ ខេ​ម​បូ​ឌា​»​។

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា ក៏​បាន​លើក​ឡើង​ថា ៖ «​យើងខ្ញុំ​រីករាយ​ចំពោះ​ការ​ទទួល​បាន​ឱកាស​ធ្វើការ​សហការ​ជាមួយ អម្រឹត​។ អម្រឹត មាន​​សាវតា​យ៉ាង​ល្អ​ក្នុង​ការ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ ដែល​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​។ តាម​រយៈ​ការ​ចាប់​ដៃគូ​នេះ យើង​នឹង​ជួយ​ការពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ សម្រាប់​អតិថិជន អម្រឹត និង​គ្រួសារ​របស់​គាត់ ឲ្យ​បាន​កាន់តែ​ប្រសើរ​»​។

សូម​បញ្ជាក់​ថា អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក («អេ អាយ អេ ខេ​ម​បូ​ឌា») គឺជា​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited («AIA» or the «Group») ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត ចុះបញ្ជី​ជា​សាធារណៈ​ឯករាជ្យ​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី និង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​ធំ​ជាងគេ​ទី​ពីរ​នៅ​លើ​ពិភពលោក​ដោយ​​យោង​តាម​ទីផ្សារ​មូលធននីយកម្ម​។

សម្ព័ន្ធ AIA មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ក្នុង​នោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ចិន កូរ៉េ ហ្វី​លី​ពី​ន អូស្ត្រាលី ឥណ្ឌូ​នេ​ស៊ី តៃវ៉ាន់ វៀតណាម ណូ​វែ​ល​ហ្សេ​ឡង់ ម៉ា​កាវ ប្រ៊ុ​យណេ កម្ពុជា ព្រមទាំង​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ ៩៧ ភាគរយ​នៅ​សិរី​លង្កា ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម ៤៩ ភាគរយ​នៅ​ឥណ្ឌូ​នេ​ស៊ី និង​ការិយាល័យ​តំណាង​នៅ​មី​យ៉ា​ន់​ម៉ា​។

AIA គឺជា​ក្រុមហ៊ុន​នាំមុខ​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (​លើកលែង​ជប៉ុន​) ដោយ​យោង​​លើ​បុព្វលាភ​ធានា​រ៉ាប់រង​ជីវិត និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ភាគ​ច្រើន​​របស់​ខ្លួន​។ AIA មានទ្រព្យ​សរុប ២១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ តាម​រយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធានមនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានា​រ៉ាប់រង​ច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានា​រ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង ១៦​លាន​នាក់​។

អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានា​រ៉ាប់រង​ជីវិត​ដែល​ត្រូវ​គ្នា​នឹង​តម្រូវការ​សម្រាប់​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង ដែល​កំពុង​តែ​កើន​ឡើង​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​យូរអង្វែង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ