ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​នឹង​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បែងចែក​សេវា​ហិរញ្ញវត្ថុ​ឲ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​ក្នុង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា​(AFI) ត្រៀម​បើក​កិច្ច​ពិភាក្សា​មួយ ដើម្បី​រៀបចំ​គោលនយោបាយ និង​ដាក់​ចេញ​នូវ​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បែងចែក​សេវា​ហិរញ្ញវត្ថុ​ឲ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​ក្នុង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា​(AFI) ត្រៀម​បើក​កិច្ច​ពិភាក្សា​មួយ ដើម្បី​រៀបចំ​គោលនយោបាយ និង​ដាក់​ចេញ​នូវ​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​មាន​តម្លៃ​សមរម្យ និង​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​គ្នា ដោយ​មាន​កិច្ច​ការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា ។

អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោក រ័​ត្ន សុវណ្ណ​នរៈ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ មេ​សា ថា កិច្ច​ពិភាក្សា​នេះ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤-២៧ មេ​សា ដែល​នឹង​រៀបចំ​នៅ​ខេត្តសៀមរាប ដោយ​មាន​តំណាង​ធនាគារកណ្តាល និង​ក្រសួង​ហិរញ្ញវត្ថុ​ប្រមាណ​៤៣​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក​ចូលរួម ក្នុង​គោលបំណង​ដាក់​ចេញ​វិធីសាស្ត្រ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​អាច​ទទួល​បាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មាន​តម្លៃ​សម​ស្រប និង​មាន​កិច្ច​ការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ។

លោក​ថ្លែង​ថា ៖« ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ​នេះ គឺ​មាន​អាទិភាព​ច្រើន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​អត្រា​ការ​ប្រាក់​ទាប និង​សេវារដ្ឋបាល​នានា ព្រមទាំង​មានការ​គាំពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ផង​ដែរ » ។
លោក​បន្ដ​ថា ៖« កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​អង្គការ​ដៃគូ បាន​ធ្វើការ​សិក្សា​មួយ ហើយ​យើង​ទទួល​បាន​លទ្ធផល​ថា ប្រជាពលរដ្ឋ​៧១%​នៃ​ពលរដ្ឋ​ពេញវ័យ​សរុប ទទួល​បានការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​។ អីចឹង ពី​មុន​មក កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​យើង​នៅ​ទាប តែ​មក​ដល់​ឆ្នាំ​២០១៥​ឃើញ​ថា មានការ​កើនឡើង » ។

លោក​បញ្ជាក់​ថា ៖« បរិ​យា​ប័ន្ន​ហិរញ្ញ វត្ថុ មាន​ន័យ​ថា ធ្វើ​យ៉ាងណា ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​សេវា បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដូច​ជា ប្រាក់​កម្ចី បញ្ញើ និង​ការ​ផ្ទេរ​ប្រាក់ ជាដើម ឱ្យ​គាត់​មាន​លទ្ធភាព​ប្រើប្រាស់​សេវា​នេះ​បាន​គ្រប់​គ្នា » ។
លោក​ថា ៖« ជា​ទិស​ដៅ​នៅ​ពេល​បច្ចុប្បន្ន យើង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហើយ​នៅ​ក្នុង​នោះ យើង​មាន​ជា​គោលនយោបាយ​និង​វិធីសាស្ត្រ​ផ្សេង​ៗ​ដើម្បី​ជំរុញ​កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ នៅ​ពេល​យើង​ដាក់​ចេញ នឹង​មាន​ភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ » ។

នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក យុន សុ​វ​ណ្ណា មាន​ប្រសាសន៍​ដែរ​ថា ៖« បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ​មាន​សារសំខាន់ និង​ជា​ទិស​ដៅ​មួយ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ។ កាល​នៅ​ចុងឆ្នាំ​២០១៦ និង​ដើមឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​កម្ពុជា​ពេញវ័យ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ សន្សំ កម្ចី និង​សេវា​ផ្សេង​ទៀត​ពី​គ្រឹះស្ថាន​នៅ​ក្នុង​ប្រព័ន្ធ​ទទួល​បាន​អាជ្ញាប័ណ្ណ និង​ការ​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា » ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ធនាគារជាតិ​នៃ​កម្ពុជា និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ នឹង​បើក​កិច្ចប្រជុំ​ក្រុមការងារ​ចំនួន​២​គឺ ៖ ១-​ក្រុមការងារ​រៀបចំ​យុទ្ធសាស្ត្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (Financial Inclusion Strategy Peer Learning Group – FISPLG) និង ២-​ក្រុមការងារ​រៀបចំ​បទដ្ឋាន​រួម​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (Global Standards Proportionality Working Group – GSPWG) ក្នុង​គោលបំណង​ពិភាក្សា​លើ​ការងារ​រៀបចំ​គោលនយោបាយ​ដើម្បី​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ