ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សាសនិក​អ៊ិ​ស្លា​ម​ត្រូវ​ត្រៀមអ្វីខ្លះ​សម្រាប់​ទទួល​ខែ​រ៉​ម៉ា​ឌ​ន​ (​បួស​)?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រ៉​ម៉ា​ឌ​ន ​(Ramadan) ជា​ខែ​ទី​៩ ​នៃ​ប្រតិទិន​មហាម៉ាត់​សករាជ​ដែល​ព្រះ​ជា​​ម្ចាស់ ​(​អ​ល់​ឡោះ​) បាន​ប្រសិទ្ធ​នាម​ថា ខែ​រ៉​ម៉ា​ឌ​ន ។…

រាជធានី​ភ្នំពេញ ៖ រ៉​ម៉ា​ឌ​ន ​(Ramadan) ជា​ខែ​ទី​៩ ​នៃ​ប្រតិទិន​មហាម៉ាត់​សករាជ​ដែល​ព្រះ​ជា​​ម្ចាស់ ​(​អ​ល់​ឡោះ​) បាន​ប្រសិទ្ធ​នាម​ថា ខែ​រ៉​ម៉ា​ឌ​ន ។ សម្រាប់​អ្នក​ដែល​កាន់សាសនា​អ៊ិស្លា​ម បាន​ចាត់​ទុក​ខែ​នេះ​ជា​ខែ​ដ៏​ប្រពៃ ជា​ខែ​ដែល​ល្អ​បំផុត​សម្រាប់​សាសនិក​អ៊ិ​ស្លា​ម​ទូ​ទៅ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​ដាក់​កាតព្វកិច្ច​បួស​ (​តម​អាហារ​)​ ពេញ​មួយ​ខែ ​(មាន​​រយៈ​​ពេល ២៩​ថ្ងៃ ឬ​៣០​ថ្ងៃ​) និង​ការ​គោរព​ប្រតិបត្តិ ផ្សេង​ៗ​ទៅ​លើ​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ទាំងអស់​លើ​សាកលលោក ។

លោក​ម៉ា​ន ស៊ួ​ត អាប់​ឌុ​ល​ឡោះ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​សាសនា​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ពី​ប្រទេស​អា​រ៉ាប់​បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​បួស​» (​តម​អាហារ​) គឺជា​ការ​ទប់ខ្លួន​នូវ​ប្រការ​អ្វីមួយ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ហាមឃាត់ ដោយ​កំណត់​ពេល​វេលា​​ច្បាស់លាស់ និង​លក្ខខណ្ឌ​ត្រឹមត្រូវ​តាម​ច្បាប់​សាសនា ។ លោក​លើក​ឡើង​ថា​៖ «បួស គឺជា​ការ​តម​មិន​ឲ្យ​ផឹកទឹក មិន​ឲ្យ​ហូប​បាយ ឬ​ហូប​អ្វី​ដែល​បញ្ចូល​តាម​មាត់ ចាប់ពី​មេឃ​ស​ខាងកើត​(​មុន​ថ្ងៃ​រះ​) រហូត​ដល់​ថ្ងៃ​លិច ព្រម​ជាមួយនឹង​កា​រនៀត​ក្នុង​ចិត្ត​(​តាំងចិត្ត​) ដោយ​មិន​ឲ្យ​លឺ​សំឡេង​មក​ខាងក្រៅ​ឡើយ​» ។

លោក​បន្ត​ថា ការ​បួស​នេះ​មិន​ត្រឹមតែ​ឲ្យ​ផ្អាក​នៃ​ការ​បរិភោគ​អាហារ ឬ​សារធាតុ​ទឹក​ទេ សូ​ម្បី​តែ​ការ​និយាយដើម​គេ ការ​ជេរ​បញ្ចោរ​គេ ឬ​ការ​អុជអាល​អ្នក​ដទៃ​ក៏​ត្រូវ​តែ​ហាម​ដែរ ។

ជា​ពិសេស​គឺ​ការ​រួម​ភេទ​ពេល​ដែល​យើង​កំពុង​បំពេញ​បួស (​បាន​ន័យ​ថា​ពេល​ថ្ងៃ​គឺ​មិន​ឲ្យ​ប្រព្រឹត្ត​នូវ​តំណម​ទាំង​លើ តែ​ពេល​យប់​គឺ​យើង​អាច​បរិភោគ ផឹកទឹក ឬ​រួមរ័ក​ជាមួយ​គ្រួសារ​របស់​យើង​បាន​ធម្មតា​វិញ​) ។

តើ​សាសនិក​អ៊ិ​ស្លា​ម គួរ​ត្រៀម​អ្វីខ្លះ​សម្រាប់​ទទួល​ខែ​រ៉​ម៉ា​ឌ​ន​ដែល​ជា​ខែ​ដ៏​វិសេសវិសាល​នេះ ?

អ្នក​ដែល​កាន់សាសនា​អ៊ិ​ស្លា​ម​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​គោរព​ពី​ព្រះ​ជា​ម្ចាស់ គឺ​គាត់​បាន​បំពេញ​នូវ​កាត​ព្វ​មួយ នៃ​ច្បាប់​អ៊ិ​ស្លា​ម ។ ក្នុង​នោះ​រួម​មាន ការ​ជឿ​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ការ​អធិដ្ឋាន​(​សំពះ​យាំង​) ការ​ដាក់​ទាន ការ​តម​អាហារ និង​ការ​ធ្វើ​ធម្ម​យាត្រា​(​ធ្វើ​ហា​ជ្ជី​)​នៅ​ទីក្រុង​ម៉ា​កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី​ដែល​ជាទី​កំណើត​របស់​ព្យា​ការី​មូ​ហា​ម៉ាត់ ។

លោក​រ៉​ស៊ី​គី​ន ហ៊ូ​សេន និស្សិត​កំពុង​បន្ត​ការ​សិក្សា​ផ្នែក​ច្បាប់​សាសនា​នៃ​សាកល​វិទ្យា​ល័យ Fatoni university ប្រទេស​ថៃ បាន​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​ថា​សម្រាប់​សាសនិក​អ៊ិ​ស្លា​ម អ្វី​ដែល​ត្រូវ​ត្រៀម​ដើម្បី​ទទួល​រ៉​ម៉ា​ឌ​ន គឺ​ការ​បួង​សួង​ទៅ​កាន់​អ​ល់​ឡោះ​ព្រះ​ជា​ម្ចាស់​ដើម្បី​ឲ្យ​គាត់​ទទួល​បាន​នួ​វ​អាយុជីវិត​ដល់​ខែ​រ៉​ម៉ា​ឌ​ន ។ បើសិនជា​គាត់​មាន​សមត្ថភាព​បង្រៀន គឺ​គាត់​អាច​បង្រៀន​ដល់​បងប្អូន​មូ​ស្ល៊ី​ម​ដែល​គាត់​មិនសូវ​ដឹង​ជ្រៅជ្រះ​ខាង​ផ្នែក​សាសនា ពី​ច្បាប់ ឬ​កាតព្វកិច្ច​នៃ​ការ​បួស​ទៅ​កាន់​ពួក​គាត់​ផង​ដែរ និង​មានការ​រៀបចំ​ប្រាក់​ផ្ទាល់ខ្លួន​សម្រាប់​អ្នកមាន​លទ្ធភាព ឬ​ក៏​ស្វែងរក​ជំនួយ​ពី​អ្នក​ដែល​មាន​សមត្ថភាព​ដើម្បី​ផ្ដល់​អាហា​សម្រាប់​អ្នកបួស​ក្នុង​ខែ​រ៉​ម៉ា​ឌ​ន​នេះ ។

គ្រូបង្រៀន​ផ្នែក​សាសនា​ក្នុង​រាជធានី​ភ្ន​ពេញ លោក​អាប់​ឌុ​លក​ឌៀ​ត ហ៊ើ​រូ​ន​បាន​បញ្ជាក់​បន្ថែម​ថា មុន​នឹង​ចូល​ដល់​ខែ​រ៉​ម៉ា​ឌ​ន យើង​ទាំងអស់​គ្នា​ត្រូវ​ត្រៀម​ជា​មុន​នូវ​រាល់​កិច្ចការ​ជា​ច្រើន​ទៀត​។ ក្នុង​នោះ​មាន​ដូច​ខាងក្រោម​៖

១-​ធ្វើ​អារម្មណ៍​ឲ្យ​រីករាយ និង​បួងសួង​សុំ​ពី​អ​ល់​ឡោះ​ជា​ម្ចាស់​ឲ្យ​យើង​ទាំងអស់​គ្នា​បាន​ជួប​ខែ​រ៉​ម៉ា​ឌ​ន ។

២-​ការ​តាំងចិត្ត​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ពេលវេលា​ឲ្យ​បាន​ល្អ​ក្នុង​កិច្ច​គោរព​សក្ការៈ និង​ការ​សាង​អំពើ​ល្អ ផ្សេង​ៗ ។

៣-​ព្យាយាម​ស្វែង​យល់​អំពី​បញ្ញត្តិ ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ខែ​រ៉​ម៉ា​ឌ​ន ។

៤-​តាំងចិត្ត​បោះបង់​រាល់​ប្រការ អាក្រក់​ៗ និង​សារភាព​រាល់​កំហុស​ជាមួយនឹង​ការ​សុំ​ក្តី​អភ័យទោស​ពី​អ​ល់​ឡោះ​ដោយ​ពិតប្រាកដ ។

៥-​ត្រូវធ្វើ​ចិត្ត​បរិសុទ្ធ​ក្នុង​ការ​បំពេញ​កិច្ច​គោរព​សក្ការៈ​ចំពោះ​អ​ល់​ឡោះ ជា​ពិសេស​ការ​បួស ។

៦- បើក​ចិត្ត​ឲ្យ​ទូលាយ និង​ផ្តល់​ក្តី​ស្រលាញ់ ការ​អធ្យាស្រ័យ​ដល់​បណ្តា​សាសនិក​អ៊ិ​ស្លា​ម និង​មនុស្សលោក​ទូទៅ ។

៧-​ចៀស​ឆ្ងាយ​រាល់​ប្រការ​ហាមឃាត់​ទាំងឡាយ ។

៨-​តាំងចិត្ត​បំពេញ​ការ​បួស និង​ប្រតិបត្តិ​សឡាត​តា​រ៉​វី​ស​(​សំពះ​យាំង​ពេល​យប់​) ដោយ​ចិត្ត​ស្មោះសរ មាន​ជំនឿ និង​ប្រកបដោយ​ក្តី​សង្ឃឹម​នូវ​កុសល​អំពី​អ​ល់​ឡោះ​ជា​ម្ចាស់ ។

រ៉​ម៉ា​ឌ​ន​ឆ្នាំ​២០១៨ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៦,១៧ ខែឧសភា ឆ្នាំ​២០១៨(​មិន​ទាន់​ច្បាស់លាស់ គឺ​អាស្រ័យ​ទៅ​លើ​ការ​មើល​ខែ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ