ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងខែមេសានេះ រថភ្លើងបុករថយន្ត៣គ្រឿងហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​រង​របួស និង​រថយន្ត​៣​គ្រឿង​រង​ការ​ខូចខាត​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍រថភ្លើង​បុក​រថយន្ត​តូច​ធំ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ ចាប់តាំងពី​រថភ្លើង​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ក្រុង​សិរី​សោភ័ណ និង​ពី​ក្រុង​សិរី​សោភ័ណ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មាន​រយៈពេល​មិន​ទាន់​បាន​១​ខែ​ផង ។ ករណី​ផ្ទួន​ៗ​ខាងលើ​នេះ​ពិត​ធ្វើ​ឱ្យ​មានការ​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចាត់វិធានការ​ឆ្លើយ​តប​ហើយ…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​រង​របួស និង​រថយន្ត​៣​គ្រឿង​រង​ការ​ខូចខាត​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍រថភ្លើង​បុក​រថយន្ត​តូច​ធំ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ ចាប់តាំងពី​រថភ្លើង​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ក្រុង​សិរី​សោភ័ណ និង​ពី​ក្រុង​សិរី​សោភ័ណ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មាន​រយៈពេល​មិន​ទាន់​បាន​១​ខែ​ផង ។

ករណី​ផ្ទួន​ៗ​ខាងលើ​នេះ​ពិត​ធ្វើ​ឱ្យ​មានការ​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចាត់វិធានការ​ឆ្លើយ​តប​ហើយ ។ មានការ​កត់សម្គាល់​ជុំវិញ​ឧបទ្ទវហេតុ​ទាំង​៣​ករណី​គឺ នៅ​ឃុំ​កូប ស្រុក​អូរ​ជ្រៅ​កាលពី​ថ្ងៃ​ទី​៧ មេ​សា រថភ្លើង​បុក​រថយន្ត​កាម​រី​បា​ឡែ​ន ខណៈ​រថភ្លើង​បើកបរ​មក​ពី​ទិស​ខាងកើត និង​រថយន្ត​បើកបរ​មក​ពី​ទិស​ខាងត្បូង ប៉ុន្តែ​ប៉ះ​គ្នា​តិចតួច​គ្មាន​អ្នក​រង​របួស​ទេ ។ ចំណែក​២​កន្លែង​ទៀត​កើតឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​២១ មេ​សា នៅ​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត រថភ្លើង​បុក​រថយន្ត​នី​ស្សាន់​២​បាំង​កន្លះ និង​ករណី​ចុង​ក្រោយ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។
ករណី​​ទាំង​៣​ខាងលើ ២​ករណី​ដំបូង​ខូចខាត​តែ​ខាង​ភាគី​រថយន្ត ដោយឡែក​ករណី​ទី​៣​នេះ​ភាគី​រថភ្លើង​ខូចខាត​ធ្ងន់ធ្ងរ​មិន​អាច​បន្តដំណើរ​បាន​ឡើយ ដោយសារ​ធ្លាយ​ធុង​ទឹក​ហើយ​រ៉ា​ឌី​យ៉ា​ទ័​រ​ខូចខាត​ធ្ងន់ធ្ងរ​តែ​ម្តង។

ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកបើកបរ​រថភ្លើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា បាន​ប្រាប់​ថា យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវដែក​តំបន់ មិនមែន​ទីប្រជុំជន អ្នកបើកបរ​យានយន្ត​មុន​ឆ្លងកាត់​ផ្លូវ​រថភ្លើង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​មើល​ឆ្វេង​មើល​ស្តាំ លើកលែងតែ​តំបន់​មាន​អ្នក​ធ្វើ​ចរាចរណ៍​ច្រើន ។ លោក​បន្ត​ថា ករណី​លើក​ទី​៣​នេះ​គឺ​រថភ្លើង​រង​ការ​ខូចខាត​មិន​អាច​ដំណើរការ​បាន ព្រោះ​ធ្លាយ​ធុង​ទឹក​និង​រ៉ា​ឌី​យ៉ា​ទ័​រ ហើយ​ថ្នាក់ដឹកនាំ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ឱ្យ​ក្រុមការងារ​គិតគូរ​ធ្វើ​យ៉ាងណា​ជួសជុល​រថភ្លើង​ឡើង​វិញ​ឱ្យ​បាន​ឆាប់​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​រលូន​មិន​ចំណាយ​ប្រាក់​តទៅ​ទៀត ។ តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ជំនាញ​ចរា​ចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ផ្លូវ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​នៅ​ទូ​ទាំង​៣​សង្កាត់ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​៣៤​ខ្សែ​(​ផ្លូវលំ​៣៣​និង​ផ្លូវជាតិ​១) ។

តើ​អាជ្ញា​ធរមាន​វិធានការ​យ៉ាងណា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​រថយន្ត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ។ លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវគោក​ប្រាប់​តាម​ទូរស័ព្ទ​ថា ខាង​សមត្ថកិច្ច​គ្រាន់តែ​ជា​ផ្នែក​មួយ​ខាង​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ មិន​អាច​ដឹង​រឿង​ផ្សេង​បាន​ទេ ។ ដោយឡែក​លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បែរជា​និយាយ​ថា បើ​ចង់​ដឹង​ច្បាស់​គួរ​សាកសួរ​ទៅ​លោក​ឧកញ៉ា គិត ម៉េ​ង ព្រោះ​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រែ​ល​វេ ហើយ​ថា​ខាង​លោក​មិនដឹង​ទេ​បញ្ហា​ហ្នឹង ។

គួរ​កត់​សម្គាល់ថា ក្នុង​រយៈពេល​មិន​ទាន់​បាន​១​ខែ​ផង ក្រោយ​រថភ្លើង​ដំណើរការ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​កាន់​ក្រុង​សិរី​សោភ័ណ និង​ពី​ក្រុង​សិរី​សោភ័ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត លើ​កំណាត់​ផ្លូវ​ប្រវែង​៣០​គីឡូម៉ែត្រ បាន​កើត​មាន​ហេតុការណ៍​បុក​រថយន្ត​បន្តបន្ទាប់ ។ ប្រភព​នានា​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​សំណូមពរ​សុំ​ឱ្យ​អាជ្ញាធរ​ផ្លូវដែក​កម្ពុជា មេត្តា​ធ្វើ​បា​រ៉ា​ស់​តាម​ចំណុច​នីមួយ​ៗ និង​មាន​អ្នក​ចាំ​ធ្វើ​ចរាចរ មុន​ពេល​រថភ្លើង​ដល់ទី​ប្រជុំជន​ក្រុង​ខេត្ត​ទាំងមូល ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ ៕ ​

អត្ថបទសរសេរ ដោយ