ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ស៊ី​រី​កា ថា ​វិស័យ​ចម្រៀង​គួរ​ឱ្យ​ខ្លាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​ផលិតកម្ម​ថោ​ន នាង​ស៊ូ ស៊ី​រី​កា បាន​ប្រកាស​បញ្ចប់​អាជីព​សិល្បៈ​ពាក់កណ្តាល​ទី បន្ទាប់​ពី​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​មួយ​នេះ​ជិត​៣​ឆ្នាំ ។ ការ​ប្រកាស​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​ពី​តារាចម្រៀង​ស៊ូ ស៊ី​រី​កា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​ផលិតកម្ម​ថោ​ន នាង​ស៊ូ ស៊ី​រី​កា បាន​ប្រកាស​បញ្ចប់​អាជីព​សិល្បៈ​ពាក់កណ្តាល​ទី បន្ទាប់​ពី​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​មួយ​នេះ​ជិត​៣​ឆ្នាំ ។

ការ​ប្រកាស​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​ពី​តារាចម្រៀង​ស៊ូ ស៊ី​រី​កា បាន​ធ្វើ​ឡើងជា​សាធារណៈ ក្នុង​ពេល​ដែល​នាង​បាន​ចាត់​ទុក​វិស័យ​មួយ​នេះ​គួរ​ឲ្យ​ខ្លាច​សម្រាប់​នាង បើ​ទោះបីជា​ពេល​នេះ​បាន​បោះ​ជំហាន​ទៅ​មុខជា​មួយ​អាជីព​សិល្បៈ​នេះ​ក៏​ដោយ ។

ស៊ូ ស៊ី​រី​កា បាន​ប្រកាស​បញ្ជាក់​បញ្ហា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ឈប់​ជា​ស្ថាពរ ទីបំផុត​ខ្ញុំ​បាន​ជីវិត​ខ្ញុំ​មក​វិញ​ហើយ វិស័យ​ដែល​គួរ​អោយ​ខ្លាច វិស័យ​តស៊ូ​គ្មាន​ន័យ ហត់​ណាស់ សង្ឃឹមថា​ការងារ​ថ្មី​របស់ខ្ញុំ​បងប្អូន​នៅ​តែ​គាំទ្រ​ហើយ​ជួយ​ទិញ​ទាំងអស់​គ្នា​ណា »​។

ការ​ប្រកាស​របស់​តារាចម្រៀង​ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​សម្តែង​ការ​សោកស្តាយ និង​មិន​ចង់​ឲ្យ​តារា​រូប​នេះ​សម្រេច​បែប​នេះ​ឡើង ព្រោះ​ស្តាយ​ទេព​កោសល្យ​ដែល​នាង​បាន​ខិតខំ​ប្រឹងប្រែង​ប្រឡង​នា​ពេល​កន្លង​មក ។

បន្ថែម​ពីលើ​ការ​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​នេះ ម្ចាស់​បទ​«​អូន​ស្នេហ៍​បង​លើស​ហើយ​» នាង​ស៊ូ ស៊ី​រី​កា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​ពិតជា​មាន​បំណង​បញ្ចប់​អាជីព​សិល្បៈ​មែន ដោយសារ​តែ​នាង​មាន​បញ្ហា​វែង​ឆ្ងាយ​ពាក់ព័ន្ធ​នឹង​អាជីព​មួយ​នេះ ។ មូលហេតុ​នៃ​ការ​ចាកចេញ​នេះ​គឺ​ដោយសារ​តែ​គេ​មិន​ផ្តល់​កិត្តិយស និង​តម្លៃ ទើប​ធ្វើ​ឲ្យ​នាង​មិន​មាន​ទឹកចិត្ត​តស៊ូ​បន្ត​ទៅ​មុខ​ទៀត​បាន ។

ស៊ូ ស៊ី​រី​កា ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ការ​ដើរ​ចេញពី​សិល្បៈ​នេះ​គឺ​មិនមែន​ដោយសារ​តែ​នាង​មាន​ផលិតកម្ម​ថ្មី​ជំនួស​ថោ​ន​នោះ​ឡើយ ពោល​គឺ​នាង​ចង់​បញ្ចប់​អាជីព​មួយ​នេះ​តែ​ម្តង ខណៈ​ពេល​ដែល​នាង​ក៏​មិន​មាន​កិច្ចសន្យា​មួយ​ផលិតកម្ម​ថោ​ន​ឡើយ ។

ម្យ៉ាងទៀត​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​តារាចម្រៀង​ស៊ូ ស៊ី​រី​កា សម្រេចចិត្ត​ដើរ​ចេញពី​ផលិតកម្ម​ថោ​ន​នោះ​ត្រូវ​នាង​លើក​ឡើង​ថា កាលពី​ចូល​ឆ្នាំ​កន្លង​ទៅ​នាង​មិន​មាន​ចេញ​បទ​ចម្រៀង ថ្មី​ៗ​ឡើយ តែ​ឆ្នាំ​នេះ​នាង​បាន​ចេញ​ដែរ ប៉ុន្តែ​បទ​ចម្រៀង​ទាំង​អស់នោះ​គឺ​សល់​ពី​ឆ្នាំ​ចាស់​ប៉ុណ្ណោះ ។

បើ​តាម ស៊ូ ស៊ី​រី​កា ការ​សម្រេច​ចាក​ចេញពី​សិល្បៈ​របស់​នាង​នា​ពេល​នេះ​គឺ​មិនមែន​ធ្វើ​ឡើង​ទាំងស្រុង​នោះ​ឡើយ ពោល​គឺ​នាង​អាច​ធ្វើ បន្តិច​ម្តង​ៗ​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ ។

ដោយឡែក បើ​ទោះបីជា​បាន​ប្រកាស​ពី​ការ​ចាក​ចេញពី​វិស័យ​សិល្បៈ​ចម្រៀង​ពី​តារា​ចម្រៀង​រូប​នេះ​ក៏​ដោយ ប៉ុន្តែ​ស៊ូ ស៊ី​រី​កា នៅ​តែ​ប្រកាន់​ជំហរ​ជា​ថ្មី​ថា នាង​នឹង​ពិចារណា​ឡើង​វិញ ប្រសិនបើ​មានការ​លើកទឹកចិត្ត​ដ៏​ល្អ​ណាមួយ​ពី​ផលិតកម្ម​របស់​នាង ។

ស៊ូ ស៊ី​រី​កា ត្រូវ​មហាជន​ជា​ច្រើន​ស្គាល់​នាង​តាម​រយៈ​ការ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​មួយ​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស តែ​មិន​ទទួល​បាន​ជយលាភី​ទេ ប៉ុន្តែ​តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ​តែងតែ​បកស្រាយ​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​បាន​ល្អ​មិន​ចាញ់​តារា​រៀមច្បង​ប៉ុន្មាន​ឡើយ ។

ស៊ូ ស៊ី​រី​កា បាន​ចូល​ច្រៀង​ផលិតកម្ម​ថោ​ន​កាលពី​អំឡុង​ចុងឆ្នាំ​២០១៥ ហើយ​នាង​ទទួល​បានការ​ចាប់អារម្មណ៍​ចំពោះ​បទ​ចម្រៀង​ជា​ច្រើន ក្រោយ​ពី​ចូល​ផលិតកម្ម​ធំ​មួយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ