ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ… ជួយជីវិតគាត់អត់បាន​មែន

5 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដំរី​ឈ្មោល​ឈ្មោះបឹ​កគុក អាយុ​៣៥​ឆ្នាំ បាន​ងាប់​ហើយ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា ក្រោយ​ដួល​សន្លប់​ពេញ​មួយ​ថ្ងៃ ព្រោះតែ​កង្វះ​ការ​ថែទាំ ដោយ​សាវា​ចុះប្រេង…

ខេត្តមណ្ឌលគិរី ៖ ដំរី​ឈ្មោល​ឈ្មោះបឹ​កគុក អាយុ​៣៥​ឆ្នាំ បាន​ងាប់​ហើយ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា ក្រោយ​ដួល​សន្លប់​ពេញ​មួយ​ថ្ងៃ ព្រោះតែ​កង្វះ​ការ​ថែទាំ ដោយ​សាវា​ចុះប្រេង និង​ការ​ផ្តល់​ចំណីអាហារ​មិន​គ្រប់គ្រាន់ ។

លោក ធី យ៉ាង ប្រជា​ការពារ​ភូមិ​ពូ​តាំង​បានឱ្យដឹង​ថា ដំរី បឹ​ក គុក បាន​ដួល​សន្លប់ ​កាលពី​ល្ងាចថ្ងៃ​​ទី​២១
មេ​សា នឹង​បាន​ងាប់​នៅ​ថ្ងៃ​បន្ទាប់ ។ ម្ចាស់ដំរី​ឈ្មោះ ចុច ចេ​ល អាយុ​៥៣​ឆ្នាំ ជនជាតិ​ភាគតិច​ព្នង និង​អ្នក​ភូមិ​បាន​ខិតខំ​ជួយ​សង្គ្រោះ​ដែរ តែ​មិន​អាច​ជួយ​បាន ព្រោះតែ​សុខភាព​របស់​បឹ​កគុក បាន​ចុះ​ខ្សោយ​ខ្លាំង​ពេក ។ លោក​បន្ត​ថា កាលពី​មិន​ទាន់​ចុះប្រេង​ដំរី​មួយ​ក្បាល​នេះ គឺជា​ដំរី​ដែល​បានចូលរួម​ចំណែក​រក​ប្រាក់​ចំណូល​សម្រាប់​អ្នក​ភូមិ វា​មាន​សុខភាព​ល្អ ព្រមទាំង​នៅ​ពេញកម្លាំង​ ព្រោះ​ទើប​មាន​អាយុ​៣៥​ឆ្នាំប៉ុណ្ណោះ ។ បើ​កុំ​តែ​ម្ចាស់​យក​ទៅ​ចង​ទុក​ចោល​នៅ​មួយ​កន្លែង ម្ល៉េះ​ក្រោយ​ចុះប្រេង​ដំរី​មួយ​ក្បាលនេះ​ មិន​ស្លាប់​នោះ​ទេ ។

ក្រុម​មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា ការ​ស្លាប់​របស់​ដំរី​ឈ្មោះ បឹ​ក គុក នេះ​ បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​ផ្ទាល់ យក​វា​ទៅ​ចង​ជាប់​ដើមឈើ​ហើយ មិន​ផ្តល់​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​មិន​ស្វែងរក​កិច្ច​សហ​ការ​ជាមួយ​ក្រុម​ការងារ​ជំនាញ ទើ​បណ្តាល​ឲ្យ​សត្វ​ដ៏​កម្រ​នេះ​បាត់បង់​គួរ​ឱ្យ​សោកស្តាយ​ជាទី​បំផុត ។
បើ​តាម​ការ​បញ្ជាក់​​ពី​អ្នក​ភូមិ ខ្មោច​ដំរី​ខាងលើ​អាច​នឹង​មិន​ត្រូវ​បាន​គេ​កប់​នោះ​ទេ ព្រោះតែ​កន្លែង​ដែល​ងាប់​នោះ នៅ​ក្នុង​ព្រៃ​ជាប់មាត់​អូរ​ឆ្ងាយ​ពី​ភូមិ ។ ហើយ​មិន​អាច​យក​គ្រឿងចក្រ​ ឬ​មធ្យោបាយ​ណាមួយ​ចូល​ទៅ​ជីក​កប់​បាន​ឡើយ ដោយសារ​ដំរី​នេះ​ មាន​មាឌធំ ពិបាក​សែង​ចេញ និង​នៅ​តំបន់​នោះ​សុ​ទ្ធ​​តែ​ថ្មដា​មិន​អាច​ជីក​បាន ។ ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ភ្លុក​របស់​ដំរី​ត្រូវ​បាន​ក្រុម​ឈ្មួញ​នៅ​រាជធានី​ភ្នំពេញ​ទទួល​ទិញ ក្នុង​តម្លៃ​៨០០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដោយ​ភ្លុក​មួយ​អាច​មាន​ទម្ងន់​ចាប់ពី​១០​គីឡូក្រាម ។

តែ​ទោះជា​យ៉ាងណា ភ្លុក​ដំរី​ដែល​ទើបងាប់​ខាងលើ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ម្ចាស់​នឹងយក​ទៅ​លក់​ដូច​ករណី​ដំរី​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់ ព្រោះតែ​មិន​អាច​គ្រប់គ្រង​បាន​កាលពី​ឆ្នាំ​២០១៧​ដែរ​ ឬ​យ៉ាងណា​នោះ​ទេ ? ព្រោះម្ចាស់​រវល់​ជាប់​រៀបចំ​ពិធីបុណ្យ​ឲ្យ​សព​ដំរី​នៅមាត់​អូរ​តេ​ក្នុង​ព្រៃ មិន​អាច​សុំ​ការ​បំភ្លឺ​បាន ។
តាម​​របាយ​ការ​ណ៍​របស់​មន្ទីរ​ទេសចរណ៍​នៃ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងភូមិ​ពូ​តាំង​មាន​ដំរី​១០ ក្បាល​បម្រើ​ផ្នែក​វិស័យ​ទេសចរ​ណ៏ប្រើប្រាស់​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​ទៅ​តាម​តំបន់​នានា​ក្នុង​ព្រៃ​ភ្នំ​ពេល​កន្លង​មក ។

គួរ​បញ្ជាក់​ថា មាន​ដំរី​ទេសចរណ៍​ចំនួន​៣១​ក្បាល​ហើយ ដែល​បាន​ងាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ដែល​បាន​បង្ក​ឲ្យ​មានការព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​បរិមាណ​របស់​សត្វមាន​មាឌធំ​ដ៏​កម្រ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នា​ពេល​អនាគត ។ ជាមួយ​នេះ ស្ទើរ​១០០%នៃ​ដំរី​ទេសចរណ៍​ទាំងនោះ មិន​អាច​បង្កើត​កូនចៅ​បាន ដោយសារ​តែ​ប្រពៃណី​ដ៏​តឹងតែងរ​បស់បងប្អូន​ជនជាតិ​ដើម​ភាគតិច ។រយៈពេល​ប្រហែល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដំរី​ស្រុក​នៅ​ខេត្តមណ្ឌលគិរី​បាន​ងាប់​ជា​បន្តបន្ទាប់ ខណៈ​ដំរី​ស្រុក​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ពុំ​មានឱកាស​ក្នុង​ការ​បង្ក​កំណើត​ថ្មី ដែល​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​កំពុងព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​វត្តមាន​សត្វ​ដំរី​ស្រុក​នា​ពេល​ខាង​មុខ​ដ៏​ខ្លី ។

មន្ត្រី​អភិរក្សសត្វ​ដំរី ក៏​កំពុង​រក​វិធីសាស្ត្រ​ដើម្បី​ស្ដារ​ចំនួន​ដំរី​ឡើង​វិញ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​ខាង​សត្វ​ដំរី​ថា
មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ គ្រា​ដែល​សត្វ​ដំរី​ទាំងនោះ​មាន​វ័យ​កាន់តែ​ជរា​ទៅ​ហើយ មិន​អាច​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បន្ត​ពូជ​បាន ។ប្រធាន​អង្គការ​សត្វ​ដំរី​ខេត្តមណ្ឌលគិរី លោកឃុន ឌី​យូ​៉​ន បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៧នៅ​ខេត្តមណ្ឌលគិរី មាន​ដំរី​ស្រុក​រហូត​ដល់​៧៣ក្បាល​ឯណោះ តែ​វា​បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ជំងឺ​និង​អាយុកាល​របស់​វា ។ បច្ចុប្បន្ន​ដំរី​នៅសល់​ប្រហែល​៤២​ក្បាល ឬ​អាច​ក្រោម​នេះ​ទៀត ។ដំរី​ស្រុក​ដែល​នៅ​សល់​ក្នុង​ខេត្តមណ្ឌលគិរី គឺ​មានវ័យចាស់​ៗ​អស់ហើយ គឺ​កំលោះ​ចាស់ ក្រមុំចាស់ដែល​​វ័យ​របស់​ពួក​វា​ពិបាក​នឹង​មាន​លទ្ធភាព​បង្កកំណើត​បាន​ណាស់ ។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ដំរី​ទាំង​៤២​ក្បាល​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ដែល​នៅ​រស់ វា​មានអាយុ​ចន្លោះ​ពី​៣៨​ឆ្នាំទៅ​៨០​ឆ្នាំ ក្នុង​នោះ​ដំរី​ញី​ភាគច្រើន​គឺ​មាន​វ័យ​ចំណាស់​ជាង​ដំរី​ឈ្មោល ដែល​មិន​អាច​បង្ក​កំណើត​បាន ។ កន្លង​មក ខាង​អង្គការ​សត្វ​ដំរី​ធ្លាប់​បាន​សិក្សា​យក​មេជី​វិត​របស់ដំរី​មក​ពី​ប្រទេស​ថៃ​មក​ចាក់​បញ្ចូល​ដំរី​ញី​ទាំងនោះដើម្បី​ឲ្យ​វា​បង្ក​កំណើត តែ​ត្រូវ​បរាជ័យ ដោយសារ​ដំរី​ញី​នៅ​ខេត្តមណ្ឌលគិរី គឺ​ចូល​ដល់​វ័យចាស់​ជរា​ទៅ​ហើយ ៕