ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តតូចផ្ទាល់ខ្លួន បានសម្តែងប្រតិកម្មទៅនឹងដចម្លង ពីកំពង់ឆ្នាំងទៅស្រុកកំពង់លែងថា បានយកតម្លៃថ្លៃពេកអាចលើសពីសៀវភៅបន្ទុកទៅទៀត។ ហេតុនេះ ពួកគាត់សំណូមពរដល់ឯកឧត្តមអភិបាលខេត្ត សូមមេត្តាជួយអន្តរាគមន៍លើបញ្ហានេះផង ព្រោះតែសព្វថ្ងៃនេះ អ្នកចង់ជិះរថយន្តផ្ទាល់ខ្លួនទៅស្រុកកំពង់លែង ត្រូវចំណាយ៤ម៉ឺនរៀល ឬស្មើនឹង ១០ដុល្លារ ពេលត្រលប់មកវិញត្រូវចំណាយ១០ដុល្លារទៀត ដូចច្នេះទៅមកស្មើនៅ៨ម៉ឺនរៀល ស្មើនឹង២០ដុល្លារគឺថ្លៃណាស់។ ប្រជាពលរដ្ឋបានលើកឡើងថា ពេលខែបុណ្យទាន ខ្លះត្រូវយករថយន្តផ្ទាល់ខ្លួនដើម្បីបន្តដំណើរផ្លូវឆ្ងាយ ប៉ុន្តែពួកគាត់ត្រូវចំណាយថ្លៃចម្លងរថយន្ត៨ម៉ឺនរៀល សម្រាប់ចម្លងដទទឹងទៅ និងមក។ ខ្លះទៀតបានលើកឡើងថា ពេលនេះផ្លូវពីស្រុកកំពង់លែង បានដល់ខេត្តកំពង់ធំហើយ គាត់ចង់ទៅលេងខេត្តកំពង់ធំ សៀមរាប តែត្រូវចំណាយប្រាក់ឆ្លងដទទឹង ថ្លៃពេក បើគិតចំណាយលើការចាក់សាំងលើផ្លូវវាងមិនខុសគ្នាប៉ុន្មានទេ។
ចំណែកខ្លះទៀតបានលើកឡើងថា កាលមុនដទទឹងត្រូវបើកផ្លូវវាងតាមកោះមានចម្ងាយឆ្ងាយ និងត្រូវប្រើពេលយូរអាចថា ស្រឡាងចំណាយប្រេងច្រើន តែដំណាក់កាលចុងក្រោយនេះ ប្រមុខរាជ រដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណៈការបានជីកព្រែក និងស្តារដីយកជម្រៅជ្រៅកាត់ទទឹងកោះ ចំនួនពីរ ដើម្បីឲ្យស្រឡាងដទទឹងដឹកអ្នកដំណើរបានលឿនឆាប់រហ័ស និងងាយស្រួលទៀត ដោយគ្រាន់តែចំណាយពេលប្រមាណជាង១៥នាទីឆ្លងផុតហើយមិនគួរអ្នកម៉ៅការចម្លងដទទឹង នៅតែយកថ្លៃបែបនេះឡើយ។ ដោយហេតុនេះហើយ ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយដោះស្រាយបញ្ហានេះផង ព្រោះតាមដឹងតម្លៃនេះ គឺលើសសៀវភៅបន្ទុកហើយ ម្យ៉ាងវិញទៀត បន្ទាប់ពីមានផ្លូវតភ្ជាប់ពីស្រុកកំពងលែងទៅខេត្តកំពង់ធំមក ចរាចរណ៍កាត់ទទឹងនេះក៏មមាញឹកដែរ។ ពាក់ព័ន្ធបញ្ហានេះដែរលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្តកំពង់ឆ្នាំងបានឆ្លើយប្រាប់ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងថា រឿងតម្លៃយកថ្លៃដូចមិនមានដល់ប៉ុណ្ណឹងទេ ព្រោះបានសម្របសម្រួលអស់ហើយ លើកលែងតែមានរថយន្តខ្លះហួសម៉ោងអីអាចយកលើសនឹងមែន។ ប៉ុន្តែរឿងនេះ បើចង់ដឹងច្បាស់ សូមសួរទៅលោកអនុប្រធានមន្ទីរលោកទៅព្រោះបានប្រគល់ការងារនេះ ឲ្យគាត់ចុះទៅសម្របសម្រួលហើយ។ ជាមួយគ្នានេះដែរលោក ហ៊ិន សុវណ្ណនី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់ថា ក្រុមប្រឹក្សាខេត្តក៏បានឲ្យខាងមន្ទីររបស់លោក ឆ្លើយបំភ្លឺដែរតែលោកមិនទាន់បានបំភ្លឺ ព្រោះកាលពីប្រជុំថ្ងៃមុនចុងម៉ោងប្រជុំដល់ម៉ោង១រសៀល ម្លោះហើយត្រូវទុកសិនអាចនឹងបំភ្លឺជូនក្រុមប្រឹក្សាខេត្តវិញនៅសប្តាហ៍ក្រោយនេះ ហើយបញ្ហានេះដែរ គឺមានហេតុផលច្រើនដែលត្រូវបំភ្លឺ។ ប៉ុន្តែរឿងនេះលោក បានបំភ្លឺជូនជូនអ្នកកាសែតមួយចំនួនហើយ តែពេលនេះលោកមិនអាចបំភ្លឺតាមទូរសព្ទ័បានទេ បើចង់ដឹងសូមទៅជួបលោកផ្ទាល់។
ជុំវិញបញ្ហានេះ ភ្នាក់ងារយើងបានទូរស័ព្ទទៅឯកឧត្តម ឈួរ ច័ន្ទឌឿន ដើម្បីជម្រាបជូនពីបញ្ហាប្រជាពលរដ្ឋ មិនសប្បាយចិត្តរឿងដចម្លងយកថ្លៃលើសសៀវភៅបន្ទុកនេះដែរ ហើយឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ចាំសួររឿងនេះទៅមន្ទីរជំនាញឲ្យ។ សរុបសេចក្តីទៅ ទាំងលោកប្រធាន ទាំងលោកអនុប្រធានសេដ្ឋកិច្ច និងហិរញវត្ថុខេត្តកំពង់ឆ្នាំង គឺមិនបានផ្តល់ចម្លើយជាក់លាក់ច្បាស់លាស់ ថា តើការយកតម្លៃ៤ម៉ឺនរៀលនឹងខុសសៀវភៅបន្ទុកដែរឬអត់ ហើយបើលើសសៀវភៅបន្ទុក ត្រូវធ្វើយ៉ាងម៉េច ដូចបានចែងក្នុងសៀវភៅបន្ទុកស្រាប់ហើយមិនបាច់វែងឆ្ងាយនោះទេ។ សង្ឃឹមថា ឯកឧត្តមអភិបាលខេត្តនឹងមិនព្រងើយទុកឲ្យឈ្មួញចម្លងដទទឹង បន្តយកថ្លៃលើសសៀវភៅបន្ទុក ដែលធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយនោះឡើយ៕
https://youtu.be/B87eUCcOOaY
ចែករំលែកព័តមាននេះ