ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សល់​៥​ថ្ងៃ​ទៀត​ទេ បើ​នៅ​មិន​គោរព​កិច្ចសន្យា​គឺ​រឹបអូស​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ចុះ​ពិនិត្យ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​កិច្ចសន្យា​មួយ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ផលិត​ទឹក​ទឹកម្ទេស ទឹកសៀង និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ទៀត ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ក្រុម​ទី​៧ ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រុះរើ​ទីតាំង​របស់​ខ្លួន​ចេញ ក្រោយ​ពី​អាជ្ញាធរ​រក​ឃើញ​ថា មាន​ផល​ប៉​ពាល់​ច្រើន​ដល់​ការ​រស់នៅ របស់​ពលរដ្ឋ​ក្បែរ​ខាង​។ ការ​ចុះ​ពិនិត្យ និង​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​រុះរើ ឬ​ប្តូរ​ទីតាំង​ចេញ​ដោយ​ខ្លួនឯង​ខាងលើ​នេះ គឺ​ធ្វើ​ឡើងជា​លើក​ទី​២​ហើយ ខណៈ​ដែល​លើក​ទី​១ អាជ្ញាធរ​ទុក​រយៈពេល​២​ខែ​ឲ្យ​ម្ចាស់​ទីតាំង​រុះរើ​សម្ភារ​ចេញ ឬ​ប្តូរ​ទីតាំង​អាជីវកម្ម​ទៅ​កាន់​កន្លែង​ផ្សេង​។ ប៉ុន្តែ​គិត​តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៧ មក​ទល់​នឹង​បច្ចុប្បន្ន ម្ចាស់​ទីតាំង​មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឡើយ ពិសេស​នោះ មិន​គោរព​ទៅ​តាម​កិច្ចសន្យា​ដែល​ខ្លួន បាន​យល់ព្រម​ថា​នឹង​បញ្ឈប់​សង្វា​ក់​អាជីវកម្ម​នេះ​ដោយ​ខ្លួនឯង​ក្រោយ​អាជីវកម្ម​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​បងប្អូន​ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​។

អភិបាលរង​ខណ្ឌមានជ័យ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ទាំង​៦​ចំណុច ដែល​ពលរដ្ឋ​ប្តឹង​នោះ​រួម​មាន​៖ ១.​ចំហាយ​ម្ទេស​ចេញពី​ឡ​ចំហុយ បង្ក​ជា​ក្លិន​ឆួល​ខ្លាំង ស្ទើរ​ទ្រាំ​ពុំ​បាន​ដល់​អ្នក​រស់នៅ ជិតខាង រហូត​កន្លង​មក​ធ្លាប់​មាន​អ្នក​ឈឺ​ជា​បន្តបន្ទាប់ ព្រោះតែ​សុខភាព​ខ្សោយ​មិន​អាច​ទ្រាំទ្រ​ក្លិន​ឆួល​នេះ​បាន ២. ម្រែងភ្លើង​ហ៊ុយ​ចេញពី​ឡ​ចំហុយ ហុយ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​។ ៣.​សំ​ឡេ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់ ដែល​ពុំ​មាន សឺ​ម៉ាំង​ត្រឹមត្រូវ ៤.​សំឡេង​លើកដាក់​ឥ​វ៉ា​ន់ ៥.​សំឡេង​កម្មករ ស្រែក​ឡូឡា ទាំងថ្ងៃទាំងយប់ ៦.​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់ ចត​ពាសពេញ​ផ្លូវ​។ យ៉ាងណាមិញ ការ​ចុះ​ពិនិត្យ​លើក​ទី​២​នេះ អាជ្ញាធរ​សម្រេច​ទុក​រយៈពេល​៥​ថ្ងៃ ឲ្យ​ម្ចាស់​ទីតាំង​រុះរើរ​សម្ភារ និង​អីវ៉ាន់​ទាំងអស់​ដែល​មាន​ក្នុង​ទីតាំង​របស់​ខ្លួន​។ បើ​ពុំ​ដូច្នោះ​ទេ កម្លាំង​អាជ្ញាធរ នឹង​ចុះ​មក​រឹបអូស​រាល់​សម្ភារ ឬ​ទំនិញ​ទាំងអស់​ដែល​នៅ​សល់​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ជាក់​ជា​មិន​ខាន​។ ក្រោយ​ការ​ធ្វើ​កំណត់ហេតុ​រួច​មក ម្ចាស់​អាជីវកម្ម​យល់ព្រម​ធ្វើ​តាម​ការ​ពន្យល់​ណែនាំ​របស់​អាជ្ញាធរ ដោយ​មាន​ស្នាម​មេដៃ​លើ​កំណត់ហេតុ​កិច្ចសន្យា​ជា​ភស្តុ​តាង​។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ គណៈ​ក​ម្មា​ការ​ចម្រុះ មាន​មន្ត្រី​ភូមិ សង្កាត់ ខណ្ឌ រួម​ជាមួយ​មន្ត្រី​កាំកុងត្រូល ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​ពិនិត្យ​ម្តង​រួច​មក​ហើយ ដោយ​រក​ឃើញ​ថា ទីតាំង​ផលិត​ទឹកសៀង ទឹកម្ទេស ទឹកត្រី​កោះកុង ទឹកខ្មេះ និង​ទឹក​ប្រេងខ្យង នៅ​ទីតាំង​អាជីវកម្ម​មួយ​នេះ ពិតជា​មាន​ផល​ប្រឈម​ច្រើន ដូច​ពាក្យបណ្តឹង​របស់​បងប្អូន​ពលរដ្ឋ​ប្រាកដ​មែន​។ កំឡុង​ការ​ចុះ​ពិនិត្យ​លើក​ទី​១​ដដែល​នោះ លោក គង់ វុ​ទ្ធី អនុប្រធាន​ផែស្ងួត​ចុង​ទី នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​មន្ត្រី​ជំនាញ​ធ្វើការ​ពិសោធន៍ លើ​ទំនិញ​ទាំង​៥​មុខ ដូចដែល​មាន​រៀបរាប់​ពី​ខាងលើ​រួច​មក ឃើញ​ថា​ទំនិញ​២​មុខ ក្នុង​នោះ​មាន​ទឹកត្រី​កោះកុង និង​ទឹកខ្មេះ គឺ​ពុំ​មាននូវ​សារធាតុ​ខុស​ប្រក្រតី​ឡើយ គឺ​បាន​លាយឡំ​ត្រឹមត្រូវ​តាម​សារធាតុ​ផ្សំ​។ ដោយឡែក​៣​មុខ​ផ្សេង​ទៀត​មាន ទឹកម្ទេស ទឹកសៀង និង​ទឹក​ប្រេងខ្យង គឺ​មន្ត្រី​ជំនាញ​មិន​អាច​ធ្វើការ​ពិសោធ​នៅ​នឹង​កន្លែង​បាន​ឡើយ មាន​តែ​យក​ទៅ​កាន់​ឡា​បូ ឬ​ហៅ​ថា​មន្ទីរពិសោធន៍​ទើប​អាច​ពិនិត្យ​ដឹង​ថា ទំនិញ​ទាំង​៣​មុខ​នេះ មាន​លាយឡំ​សា​ធារ​តុ​គីមី​អ្វីខ្លះ ហើយ​មាន​មេរោគ​ច្រើន​ប៉ុណ្ណា​ក្នុង​ទំនិញ​៣​មុខ​នេះ​។

ទន្ទឹម​នឹង​នោះ​លោក គង់ វុ​ទ្ធី បញ្ជាក់​ថា បើ​ទោះបីជា​ទំនិញ​ទាំង​៣​មុខ​ខាងលើ មិន​ទាន់​បាន​យក​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ក៏​ដោយ ប៉ុន្តែ​ក្រុម​ជំនាញ​របស់​លោក​អាច​វាយតម្លៃ​បាន​ថា ទំនិញ​ទាំង​៣​មុខ​នេះ គឺ​គ្មាន​អនាម័យ​ត្រឹមត្រូវ​ឡើយ ព្រោះ​សង្វា​ក់​ផលិតកម្ម គ្មាន​ការ​វេច​ខ្ចប់​ទុកដាក់​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​មន្ទីរ និង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ឡើយ​។ ជុំវិញ​ចំណាត់ការ​របស់​មន្ត្រី​អាជ្ញាធរ​ខណ្ឌមានជ័យ បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​ជុំវិញ ទីតាំង​ផលិត​ទឹកសៀង និង​ទឹកម្ទេស​ខាងលើ មានការ​សាទរ​ជា​ខ្លាំង​លើ​ចំណាត់ការ​នេះ ដែល​កន្លង​មក​ពួក​គាត់ រស់នៅ​ជាមួយ​បញ្ហា​ជា​ច្រើន​ខាងលើ​មក​ជា​ច្រើន​ឆ្នាំ​ហើយ​។

លោក ឌី រ័​ត្ន​ខេ​ម​រុណ មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​មន្ត្រី​បម្រើ​រាស្ត្រ អាជ្ញាធរ​មូលដ្ឋាន មិន​ដែល​មាន​គោ​ការណ៍ និង​គំនិត​ណាមួយ​ទៅ​បិទ​អាជីវកម្ម​រកស៊ី របស់​បងប្អូន​ពលរដ្ឋ​ឡើយ ប៉ុន្តែ​សូម​បងប្អូន​ដែល​មាន​អាជីវកម្ម​ផលិត​ទំនិញ​ទាំងអស់ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ មេត្តា​ធ្វើ​អ្វីមួយ​ឲ្យ​ស្រប​តាម​លក្ខណៈ​ច្បាប់​ដែល​អាច​ធានា​បាន​មិន​មាន​ជា​ការ​ប៉ះពាល់​ដល់​អ្នក​ដទៃ​។ បងប្អូន​ចង់​ជំ​ណេ​ញ​បាន​ប្រាក់​កាក់​ច្រើន​ចេញពី​អាជីវកម្ម​រកស៊ី​របស់​ខ្លួន តែ​ភ្លេច​គិត​ពី​ផល​ប៉​ពាល់​ដល់​ពលរដ្ឋ​ដទៃ ដូច្នេះ​ហើយ​រាល់​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​ធ្វើ​ខុស​ពី​ច្បាប់ និង​បង្ក​ជា​ផល​ប៉ះពាល់​ច្រើន​ដល់​ពលរដ្ឋ​ទូទៅ ជា​ច្រើន​ក្នុង​មូលដ្ឋាន អាជ្ញាធរ​នឹង​ប្រើ​វិធាន​ការណ៍​រុះរើ ក៏​ដូច​ជា​បិទ​ទីតាំង​អាជីវកម្ម​ចោល​តែ​ម្តង ជាក់ស្តែង​ដូច​ករណី​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ