ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​សវនាការ​៣​ថ្ងៃ​លើ​បណ្តឹងឧទ្ធរណ៍​របស់​អតីត​សកម្មជន​គណបក្សប្រឆាំង​​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​បណ្តឹងឧទ្ធរណ៍​របស់​លោកមា​ជ សុ​វ​ណ្ណា​រ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ខពួក​ចំនួន​១០​នាក់​ផ្សេង​ទៀត ត្រូវ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​បី​ថ្ងៃ​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែមេសា ដល់​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​បណ្តឹងឧទ្ធរណ៍​របស់​លោកមា​ជ សុ​វ​ណ្ណា​រ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ខពួក​ចំនួន​១០​នាក់​ផ្សេង​ទៀត ត្រូវ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​បី​ថ្ងៃ​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែមេសា ដល់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ កន្លង​ទៅ ។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សាលាឧទ្ធរណ៍ ។

គួរ​បញ្ជាក់​ថា កាលពី​ពាក់កណ្តាល ខែកក្កដា ឆ្នាំ​២០១៥ កន្លង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ។ តាម​មាត្រា​៤៥៧​នៃ​ក្រមព្រហ្មទណ្ឌ​និង​បទ​ដឹកនាំ​កុបកម្ម​តាម​មាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ តុលាការ​បាន​បញ្ជាក់​ថា ជនជាប់ចោទ​ចំនួន​១១​នាក់ គឺ​១- លោក មា​ជ សុ​វ​ណ្ណា​រ៉ា ២- លោក ឃិ​ន រឿ​ន ៣- លោក អាន បឋម ៤- លោក អ៊ុ​ក ពេជ្រ​សំណាង ៥- លោក ស៊ុំ ពុ​ទ្ធី ៦- លោក នាង សុ​ឃុន ៧- លោក​កែ ឃី​ម ៨- លោក​សាន សីហៈ ៩- លោក អឿ ណា​រិ​ត ១០- លោក ទេព ណា​រិ​ន និង​១១ – លោក​សាន គឹ​ម​ហេង ។

ជនជាប់ចោទ​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​កាលពី​កំឡុង​ខែកក្កដា និង​ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ សវនាការ​រយៈពេល​ពេញ​មួយ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលាឧទ្ធរណ៍​សម្រាប់​ជន​ជាប់​១១​នាក់ នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ។ គេ​មានការ​កត់​សម្គាល់ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ អនុរក្ស​ពន្ធនាគារ​បាន​នាំ​ខ្លួន​ជន​ជាប់​ទាំង​១១​នាក់​មក​ដល់​សាលាឧទ្ធរណ៍ កាលពី​វេលា​ម៉ោង​៦​ព្រឹក ដើម្បី​ចូលរួម​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងឧទ្ធរណ៍​របស់​ពួក​គាត់​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តន្ទាទោស​ពួក​គាត់​ពី​៧ ដល់​២០​ឆ្នាំ ដែល​ពួក​គាត់​ថា មិន​អាច​ទទួលយក​បាន ។

ជនជាប់ចោទ​ទាំងអស់​ត្រូវ​បាន​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​បរិវេណ​សាលាឧទ្ធរណ៍​តាំងពី​ព្រឹក​ដល់​រសៀល​សម្រាប់​ចូលរួម​សវនាការ​ដោយ​មាន​វត្តមាន​មេធាវី​ការពារ​ក្តី​របស់​ពួក​គាត់​ផង​ដែរ ។ គេ​មានការ​កត់សម្គាល់​ទៀត​ថា កាលពី​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​ជន​រង​គ្រោះ​ចំនួន​ជាង​៣០​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​ជនជាប់ចោទ​ក្នុង​ប្រព្រឹត្តិការណ៍​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ក្បែរ​វត្ត​ភ្នំ ដែល​បណ្តាល​ឲ្យ​ពួក​គាត់​ជា​ក្រុម​សន្តិសុខ​សាលា​ខណ្ឌដូនពេញ​រង​របួសធ្ងន់ និង​ស្រាល ។

ទោះបី​យ៉ាងណា​នៅ​ពេល​សវនាការ​ក្រុម​ជន​ជាប់​បាន​បដិសេធ​ថា ពួក​គាត់​មិន​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើក​ជន​រង​គ្រោះ​ទេ ។ ជនជាប់ចោទ​ថា ក្នុង​ពេល​តវ៉ា​នោះ​ក៏​មាន​ហិង្សា​កើតឡើង​ទោះជា​ពួក​គាត់​តវ៉ា​ដោយ​អហិង្សា​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​គេ​ហ៊ុម​ព័ទ្ធ​ដោយ​បន្លា​លួស ។ កាលពីមុន​ពេល​បុណ្យចូលឆ្នាំ​ខែ្ម​រ​កន្លង​ទៅ​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក​អ៊ូ ច័ន្ទ​រ័​ត្ន បាន​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​ជនជាប់ចោទ​ទាំង​១១​នាក់ និង​អ្នកទោស​មួយ​ចំនួន​ទៀត កំពុង​ជាប់​ឃុំឃាំង នៅ​ពន្ធនាគារ​ព្រៃ​ស ។

លោក​អ៊ូ ច័ន្ទ​រ័​ត្ន​បាន​ហៅ​អ្នកទោស​អតីត​សកម្មជន និង​មន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ​ថា ជា​អ្នកទោស​«​មនសិកា​» ។ លោក​អ៊ូ ច័ន្ទ​រ័​ត្ន​ធ្លាប់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅ​ពន្ធនាគារ​ថា អ្នកទោស​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​គ្រឿងញៀន​ធ្ងន់ធ្ងរ​ទេ ។ លោក​ថា « ការ​ឃុំខ្លួន​ពួក​គាត់​ប៉ះពាល់​ដល់​អនាគត និង​ជីវភាព​គ្រួសារ​ពួក​គាត់​ខ្លាំង​ណាស់ ។ ពួក​គាត់​គួរ​ត្រូវ​បាន​ដោះ​លែង​ជួប​គ្រួសារ ព្រោះ​បាន​អនុវត្ត​ទោស​ច្រើន និង​មានការ​កែប្រែ​ខ្លួន​» ផង​ដែរ ។

ក្រសួងយុត្តិធម៌​កាលពី​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​បាន​ប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​បញ្ជី​អ្នកទោស​ស្នើ​សុំ​បន្ថយ និង​លើកលែងទោស​មិន​មានឈ្មោះ​អ្នកទោស​អតីត​សកម្មជន និង​អតីតមន្ត្រី​គណបក្សប្រឆាំង​ណា​ម្នាក់​ទេ ។ ក្រោយមក​មាន​អ្នកទោស​៥០​នាក់ ត្រូវ​បាន​បន្ថយទោស​៤២​នាក់ និង​លើកលែងទោស​៨​នាក់ ។
លោក សុច សុ​ផា​ន់​ណា អគ្គនាយករង​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា ក្នុង​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​មើល​លើ​បញ្ជី​ស្នើ​សុំ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​មិន​មានឈ្មោះ​អតីត​សកម្មជន និង​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ណា​ម្នាក់​ទេ ។

លោក​ថ្លែង​បញ្ជាក់​ថា​« មិនមែន​ឈ្មោះ សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ក្នុង​បញ្ជី​ស្នើ​សុំ​នេះ​ទេ​»​។ លោក​ថា អ្នកទោស​អនុវត្ត​ទោស​បាន​ពីរ​ភាគ​បី​(២/៣) អាច​លើកលែងទោស និង​អ្នកទោស​ណា​អនុវត្ត​ទោស​បាន​មួយ​ភាគ​បី​(១/៣)​អាច​សុំ​បន្ថយទោស ៕

កែសម្រួលដោយ