ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុព័ន្ធយោធា​១៣​ប្រទេសពិនិត្យមហន្តរាយប្រាសាទ​ព្រះវិហារ

15 ឆ្នាំ មុន

ខេត្តព្រះវិហារ​​ ៖ ប្រតិភូ​អនុព័ន្ធ​​យោធា​១៣​ប្រទេស​​ដែល​មាន​សមាជិក​ចំនួន​​១៧រូប បាន​ថ្លែង​​ថា អ្វី​ដែល​ជា​​ការពិត​ពួកគេ​បាន​ឃើញ​​ហើយ​ ពួកអស់​លោក​​ទាំងអស់​គ្នាសូម​​គាំទ្រ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​​​ការ​ថែទាំ​​​​ និង​គ្រប់​​គ្រង ​ប្រា​សាទ​​ព្រះ​វិហារ​ឱ្យ​បាន​ល្អ ។ នេះជា​​ការអះ​អាង​​ដោយ​​​​ចំហ​កាលពី​ព្រឹក​​ថ្ងៃទី​៣ មីនា នៅ​លើ​ប្រាសាទ​ព្រះ​វិហារ​ ខណៈ​​ពេល​​ប្រតិភូ​អនុព័ន្ធ​យោធា​បាន​ធ្វើ​​ទស្សនកិច្ច​មួយ​ដើម្បី​ពិនិត្យ​មើល​​​គ្រោះ​មហន្តរាយ​នៅ​​តំបន់​ប្រាសាទ​ព្រះ​វិហារ​​ដែល​​សៀម​​បាន​​ផ្លោង​​ដាក់​ចំនួន​​ជាង​៤០០​គ្រាប់​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​​​ពី​ថ្ងៃ​ទី​​៤​ដល់​ទី​៧ កុម្ភៈ ។​

ការធ្វើ​ទស្សនកិច្ច​របស់​អនុព័ន្ធ​យោធា​ប្រទេស​​ជាមិត្ត​ចំនួន​១៣​ ប្រទេស​នេះ ​បាន​ធ្វើ​​ឡើង​ក្រោម​ក្រសែ​ភ្នែក​​​ក្តៅ​ក្រហាយ​​ពីរាជ​រដ្ឋា​ភិបាល​ក្រុងបាងកក និង​មេទ័ព​សៀម​​ផងដែរ ​បន្ទាប់ពី​​​បាន​ធ្វើ​ការ​រារាំង​​មុនពេល​មាន​ដំណើរ​ទស្សន​កិច្ច​នេះ ដោយ​បាន​ធ្វើ​ការ​តវ៉ា​តា​មរយៈ​​​ស្ថានទូត​កម្ពុជា​​ប្រចាំក្រុង​បាងកក​ តវ៉ា​តាម​រយៈ​​​ក្រសួង​ការពារ​ជាតិ និង​តាម​រយៈ​​​បញ្ជា​ការ​ជួរ​មុខ​តំបន់​​ប្រាសាទ​ព្រះ​វិហារ ។ ​ទោះបីជា​បែប​ណា ​ការតវ៉ា​ដោយ​​សំអាង​ថា អនុព័ន្ធ​យោធា​​មិន​អាច​​ធ្វើ​ដំណើរ​​​​លើ​តំបន់​​៤,៦​ ​ស្អីណា​នោះ​មិន​មាន​​ប្រសិទ្ធភាព​ទេ ​​ផ្ទុយ​​ទៅវិញ​​​ក្បួន​រថយន្ត​ជាច្រើន​គ្រឿង​​របស់​ប្រតិភូ​អនុព័ន្ធ​យោធា​បាន​ធ្វើ​​ដំណើរ​ឡើង​ដល់​​ប្រាសាទ​ព្រះវិហារ​ដោយ​មាន​ការ​ជូនដំណើរ​ពី​មន្ត្រី​​យោធា​ជាន់​ខ្ពស់​កម្ពុជា​ផងដែរ ។ 

តាម​​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹងថា ​លោកនាយ​ឧត្តម​សេនីយ៍​នាង ផាត រដ្ឋ​លេខា​ធិការ​​ក្រសួង​ការពារ​ជាតិ​ និង​លោក​ឧត្តម​​សេនីយ៍​​ទោ ហ៊ុន ម៉ាណែត មេ​បញ្ជាការ​​រង​កងទ័ព​​ជើងគោក​​ ​បានដឹកនាំ​​​ប្រតិភូ​​​អនុព័ន្ធ​យោធា​១៣​ប្រទេស​ប្រចាំ​កម្ពុជា​ ​​ទៅធ្វើ​ទស្សន​កិច្ច​​នៅ​តំបន់​ប្រាសាទព្រះវិហារ​ និងត្រួតពិនិត្យ​​ការខូច​ខាត​សំណង់​​​ប្រាសាទ​​ព្រះ​វិហារ​​ដែលជា​បេតិកភណ្ឌ​ពិភព​លោក​ ទទួល​រងនូវ​​​​មហន្ត​រាយ​ដ៏ធ្ងន់ធ្ងរ​​ពីសំណាក់​ទាហាន​សៀម​ឈ្លានពាន​ ដែល​បាន​បាញ់​​ផ្លោង​​អាវុធ​ធុនធ្ងន់​​ដាក់​កាលពី​​ដើម​ខែ​ កុម្ភៈ ​។ ការអញ្ជើញ​​ដល់​​​នៃ​ប្រតិភូ​អនុព័ន្ធ​​យោធា​១៣​ប្រទេស​មានសមាសភាព​១៧​រូប​នេះ ​ក្រោម​ការទទួល​​បដិសណ្ឋារកិច្ច​​​ពី​សំណាក់​​លោកនាយ​ឧត្តម​សេនីយ៍​​​ជា តារា ​អគ្គ​មេបញ្ជា​ការ​រងនៃ​​កងយោធពល​ខេមរភូមិន្ទ​ និងជា​មេ​បញ្ជាការ​ឯកភាព​​​សមរភូមិ​មុខ ទិស​​យោធ​ភូមិភាគ​ទី៤ ប្រចាំតំបន់​​ប្រាសាទ​ព្រះ​វិហារ ។

នាឱកាស​​នោះ​ លោក​នាយ​ឧត្តម​សេនីយ៍​ ជា​តារា ​បានមាន​ប្រសាសន៍​​​​ស្វាគមន៍​ និងពន្យល់​ដល់​ប្រតិភូ​ ឱ្យ​បាន​ដឹងពីស្ថានការណ៍​យោធាក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ដែល​បង្ក​ឡើង​ពី​សំណាក់​យោធា​សៀម​ឈ្លាន​ពាន​កន្លងមក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​ ។ មិនតែប៉ុណ្ណោះ​ នៅពេល​​ថ្មីៗកន្លង​ទៅ សៀម​​បានបាញ់​ផ្លោង​​អាវុធ​ធុនធ្ងន់​បំផ្លិច​បំផ្លាញ​​ប្រាង្គ​ប្រាសាទ​​ព្រះ​វិហារ​​ដែលជា​បេតិកភណ្ឌពិភព​លោក​ ធ្វើ​ឱ្យ​ទទួល​រង​ការ​​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​​​ទៀតផង ។
ប្រតិភូ​​បាន​ឡើង​ទៅទស្សនា​ប្រាង្គ​ប្រាសាទ​​និងពិនិត្យ​​មើល​​ស្លាក​​​ស្នាម​​នៃ​​​មហន្តរាយ​​នៅ​​ប្រាង្គ​ប្រាសាទ​​ហើយ​​ប្រតិភូទាំងអស់​​ក៏​បាន​ចូល​​រួម​​សោក​ស្តាយយ៉ាង​​ក្រៃលែង​​និងបាន​ចូល​​ទៅ​ពិនិត្យ​មើល​​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដែល​ទទួល​រង​នូវការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ។

មុននេះ១ថ្ងៃ​​ អ្នកនាំពាក្យ​​ក្រសួង​ការពារ​ជាតិ លោក​​ឧត្តម​សេនីយ៍​​ឯក ឈុំ សុជាតិ ប្រាប់​​ឱ្យ​ដឹងថា គណៈប្រតិភូ​​អនុព័ន្ធ​យោធា​​​បរទេស​មាន​ចំនួន​១៧​រូប ​មក​ពីស្ថាន​ទូត​ចំនួន​​​១៣ ​ប្រចាំ​កម្ពុជា​ នឹង​ចេញ​ដំណើរ​តាម​ក្បួន​​រថយន្ត​ដែល​​រៀបចំ​​ដោយ​ក្រសួង​​ការពារ​ជាតិ​ ។ ក្នុង​ចំណោម​​គណៈ​​ប្រតិភូ​អនុព័ន្ធ​យោធា​​ទាំងនោះ មាន​​វត្ត​មាន​​មន្ត្រី​​យោធា​​នៃ​ប្រទេស​​មហា​អំណាច​ធំៗ ដូចជា​ បារាំង ចិន អាមេរិក រុស្ស៊ី ​អង់​គ្លេស​ កាណា​ដា ជប៉ុន សិង្ហបុរីជាដើម ។  ការដឹក​​នាំ​អនុព័ន្ធ​​យោធា​​​បរទេស​ទៅពិនិត្យ​មើល​​សមរភូមិ​ជួរមុខ​​នៅតំបន់​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ​ ត្រូវ​បាន​រៀបចំ​​ឡើង​ដូចគ្នា​​នឹង​ប្រទេស​ថៃដែរ ។

លោក​ឧត្តម​​សេនីយ៍​ឯក ឈុំ ​សុជាតិ បាន​ពន្យល់​អំពី​​គោល​​បំណង​ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រៀបចំ​ដំណើរ​ទស្សនកិច្ច​សម្រាប់​​យោធា​​​​បរទេស​ប្រចាំ​កម្ពុជា​នេះថា គឺ​ដើម្បី​​បង្ហាញ​​​ពី​ការ​​ខូចខាត​​ខ្ទេចខ្ទាំ​នៃតំបន់​​បេតិកភណ្ឌ​​ពិភព​លោក​ ដោយ​​សារ​គ្រាប់​​​ផ្លោង​​របស់​កងទ័ព​​ថៃ​កន្លង​មក។​ ​លោក​ឈុំ សុជាតិ បន្តថា កម្ពុជា​ចង់​បង្ហាញ​​​ការ​ពិត​ដល់​អន្តរជាតិ​តែប៉ុណ្ណោះ ។ ចាប់តាំងពី​មានការ​ចរចា​គ្នា​ថ្នាក់​ខ្ពស់​​ក្នុង​ក្រប​ខណ្ឌ​​យោធា​កាលពី​ថ្ងៃទី​​១៩ កុម្ភៈ​​ ដើម្បី​​​កុំ​ឱ្យ​​មាន​ការ​ផ្ទុះ​អាវុធ​ ស្ថានភាព​នៅ​តាម​ព្រំដែន​មាន​​សភាព​ស្ងប់​ស្ងាត់​ ។ ទោះបី​យ៉ាងណា​ក្តី មន្ត្រី​​យោធា​​​នានា​បញ្ជាក់​ថា កម្ពុជា​ប្រុង​ប្រយ័ត្ន​​​ជានិច្ច ។ នៅឯសមរភូមិ​ជួរមុខ​ សប្បុរសជន​ សមាជិក​រដ្ឋា​ភិបាល​ មន្ត្រី​រាជការ​នៅ​បន្ត​ដឹក​ជញ្ជូន​អំណោយ​និង​ស្បៀង​​អាហារ​ជារៀងរាល់​​ថ្ងៃ​ទៅ​ផ្តល់​ជូន​​យោធា​ជួរមុខ​។​

ក្រុម​​អ្នក​តាម​ដាន​​ស្ថានការណ៍​​នយោបាយ​​ កម្ពុជា​-ថៃ ​គេបាន​ដឹងច្បាស់​​ពីក្រយៅ​បោក​ប្រាស់​​​របស់​​នាយករដ្ឋមន្ត្រី​ថៃ ​អាប់ភីស៊ីត តាម​រយៈ​​ការស្រេកឃ្លាន​​ចង់​​តែ​​ធ្វើសង្គ្រាម ក្នុងកាលៈ​ទេសៈ ដែលពិភពលោក​​អង្វរក​រឱ្យបញ្ឈប់​​ជា​បន្ទាន់​​នូវយុទ្ធវិធីដ៏៏លាមក​នេះ ។ ជាលទ្ធ​ផល​​ក៏​បាន​​បង្ហាញ​​ចេញមក​​មែន ​គឺរដ្ឋាភិបាល​​អាប់ភី​ស៊ីត ​ត្រូវអស់​លក្ខណ៍ ដោយ​​ផែនការ​ប៉ុនប៉ង​​បិទ​ទ្វារ វាយកម្ពុជា​​ត្រូវបរាជ័យ ​ដោយសារ​ភាព​ឈ្លាស​វៃ​​របស់​​ថ្នាក់ដឹកនាំ​​​កម្ពុជា​​បានរាយការណ៍​ទាន់ពេល​​វេលាទៅ​ក្រុមប្រឹក្សា​​សន្តិសុខអង្គការ​​សហ​ប្រជា​ជាតិ​​ និងសហគមន៍​​អន្តរជាតិនានា ​ហើយ​​ទ្វា​រ​ត្រូវ​​បានបើ​កចំហ​នៅលើ​​ទីលាន​អន្តរជាតិ​ គឺ អ.ស.ប ​ក៏ដូចជា​​អាស៊ាន ​និងអង្គ​ការ​​​យូេណស្កូ ​គ្រប់គ្នា​​បាន​ងាក​មក​គាំទ្រ​​នូវ​ជំហរ​របស់​​​កម្ពុជា ដោយ​ឥត​លក្ខខណ្ឌ​​ ។​

ការភ័យ​ខ្លាច​​យន្តការ​អន្តរជាតិ​​ដោយ​ភាគីថៃ ត្រូវបាន​លោក​​អាប់ភីស៊ីត ​បន្ត​​​បង្វិល​​​សភាព​ការណ៍​​ក្រោម​​​លេស​ផ្សេងៗ ​ក្នុង​បំណង​​រា​រាំង​​មិន​​ចង់​ឱ្យ​​មាន​វត្តមាន​​អ្នកសង្កេត​ការណ៍​​របស់​ឥណ្ឌូ​ណេស៊ី ទៅពិនិត្យ​​​​​​តំបន់​​ប្រាសាទព្រះវិហារ ដែល​ថៃ​​បានបាញ់​​បំផ្លាញ​​នោះទេ ។ ប៉ុន្តែ​​សញ្ញា​ល្អ ​និង​ជា​ជោគជ័យ​​ថ្មីបន្ថែមទៀតរបស់​កម្ពុជា ​គឺ​​វត្ត​មាន​​នៃក្រុម​​​អនុព័ន្ធ​​យោធា​​១៧រូប ​តំណាង​ឱ្យ​​​១៣​ប្រទេស ​នៅថ្ងៃទី​​​៣ មីនា ​ឆ្នាំ​២០១១ ​គេ​​បាន​ទៅ​ពិនិត្យ​​ឃើញ​ដោយ​​ផ្ទាល់​ភ្នែក នូវការ​បែកបាក់​​នៃ​ប្រាសាទព្រះវិហារ ដោយកាំភ្លើង​​ថៃ ​ដោយ​ក្នុ​ងនោះមានទាំង​វត្ថុ​តាង​​មួយ​ចំនួន​​​ត្រូវ​បង្ហាញ​​ដោយភាគីកម្ពុជា ប្រាប់​ដល់​​​អនុព័ន្ធ​​យោធាទាំង​នោះ ដើម្បី​​ជា​របាយការណ៍​​ពិតនៅ​ក្នុង​​​ការពិចារណា​​រកហេតុ​ផលថា សង្គ្រាម​​​នេះ​អ្នក​ណា​​​ជាអ្នកឈ្លានពាន​ និងបង្ក​ឡើង ។​

សម្រាប់​​​ប្រជាជនកម្ពុជា គឺមាន​​មោទ​ន​ភាព​​ដ៏ក្រៃលែង ​និង​ស្វាគមន៍​​វត្តមាន​របស់អ​នុព័ន្ធ​​យោធា​​ទាំង​១៧​រូប ​ដែលកំពុង​​មាន​វត្ត​មាន​នៅ លើទឹកដីកម្ពុជា​​​ដើម្បីស្វែង​រក​​ការពិត ដែលជា​ការ​​ឆ្លុះ​បញ្ចាំង​​ពីការយកចិត្ត​ទុក​ដាក់​​ខ្ពស់ ​របស់​បណ្តា​​ប្រទេស​ដែល​​ស្រឡាញ់​​សន្តិភាព និង​លើក​ស្ទួយ​​តម្លៃ​​នៃវប្បធម៌ ​និង​ព្រះពុទ្ធ​សាសនា​​ដែលខុសពី​​រដ្ឋាភិបាល​​អាប់ភីស៊ីត ​​មានតែ​​ការ​បំផ្លាញ​​សាសនា ​និង​វប្បធម៌​​ដែលគួរ​​ត្រូវបាន​ថ្កោល​ទោស ។

ម្យ៉ាងទៀត  បើ​និយាយអំពី​​​ពុតត្បុត​​អាក្រក់​របស់ថៃ ​គឺគេអាច​​​និយាយ​​ស្តី​បន្ទោស​​ដល់​រដ្ឋាភិ​បាល​​មួយនេះបានច្រើន​​រូប​ភាព​ណាស់ ប៉ុន្តែ​​​យើងសូម​​ទាញយក​​តែ​ការ​លើកឡើង​​​ចុងក្រោយ​​នៃ​មន្ត្រី​ថៃ ដែល​​ជាមេ​បញ្ជាការ​​កងទ័ពជើង​​គោក​មួយរូប គឺលោកប្រាយុទ្ធ ​ចាន់អ៊ូចា ​ដែល​បាន​ថ្លែង​​ថា ​«ប្រទេស​ថៃ​​​នឹង​​មិនអនុញ្ញាត​​ឱ្យអ្នក​សង្កេត​ការណ៍​​ចូល​​​ទៅកាន់​​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​​នៅជិតប្រាសាទ​​​ព្រះវិហារ​នោះឡើយ ​ហើយគួរ​តែ​​អនុញ្ញាត​​ឱ្យពួកអ្នក​សង្កេត​ការណ៍​​ទៅ​ត្រួតពិនិត្យ​​​តែ​ខាង​ក្រៅ​តំបន់​​​ជម្លោះ​​​តែ​ប៉ុណ្ណោះ»។ នេះគឺជា​ការ​​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាលថៃ​​មានតែ​​លាក់លៀម ​ខ្លាច​ការ​ពិត ​និង​បន្ត​​​អូសបន្លាយ​​​ពេលវេលា​​ជា​និច្ច ដើម្បី​​ទុក​ជា​ប្រយោជន៍​​សម្រាប់ការ​​បោក​​ប្រាស់​​មហា​ជន ​ដែលទង្វើ​​បែបនេះ ​មិនមែន​ជា​​បំណងនៃ​​ការ​ចង់​បាន​របស់ប្រជា​​ជាតិ​​ទាំង​ពីរ​​កម្ពុជា​-ថៃ​ និង​សហ​គមន៍​​​អន្តរជាតិ​​នោះឡើយ ។ ​ផ្ទុយ​ទៅវិញ ​​សម្រាប់​កម្ពុជា ​គឺមាន​​សេចក្តី​ក្លាហាន​​​ដោយហ៊ាន​​បើកទ្វារ​​​ជជែក​​ពិភាក្សាគ្នា​​នៅលើ​ទីភ្លឺ ​បើកទ្វារ​ចំហ​ ដោយផ្អែក​​ទៅលើ​​តែភាពស្របច្បាប់​​ដែល​កម្ពុជា​​​មានតែ​​ប៉ុណ្ណោះ ​ហើយ​កម្ពុជា ​នឹង​បន្ត​​តស៊ូ​​គ្រប់​ដំណាក់កាល​​ក្នុង​យន្ត​ការត្រីភាគី ​ដើម្បី​ការ​ពារ​​ជានិច្ច​​នូវ​អធិបតេយ្យភាព​​​ បូរ​ណ​ភាពទឹកដី​​​ និង​វប្បធម៌ និងប្រឆាំង​​ដាច់ខាត​​​នូវ​​បរទេស​ឈ្លានពាន ។

ប្រតិភូ​​អនុព័ន្ធ​​យោធា​១៧រូប ​បាន​​វិល​​ត្រឡប់​​មក​​រាជធានី​ភ្នំពេញ​វិញ​​ក្នុង​ថ្ងៃដដែល​​នោះ​​ប្រកប​ដោយ​សុវត្ថិភាព ៕​