រាជធានីភ្នំពេញ ៖ រថយន្តគ្លីនិកចល័តជំហានដំបូងចំនួន២០គ្រឿង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជា មានិតចិនជូនដល់ព្រះរាជាណាចក្រកម្ពុជាបានមកដល់រាជធានីភ្នំពេញហើយកាលពីថ្ងៃទី១៩ មេសា កន្លងទៅនេះ។ នៅខែតុលាខាងមុខ រថយន្ត២០គ្រឿងទៀតនឹងមកដល់ ។
លោកសាស្ដ្រាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកលី អាន ទីប្រឹក្សានៃការិយា ល័យទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញទៅទទួលក្បួនរថយន្តនៅច្រកទ្វារអន្តរជាតិបាវិតព្រំដែនកម្ពុជា-វៀតណាម ។ រថយន្តសម្រាប់ការព្យាបាលទាំងនេះ គឺផលិតតាមការវាស់វែងតួរថយន្តសម្រាប់តែប្រទេសកម្ពុជា នៅក្នុងរថយន្តបានបំពាក់បរិក្ខារពេទ្យសម្រាប់ការព្យាបាលយ៉ាងទំនើប ឆ្លងតាមការកែច្នៃប្រកបដោយជំនាញ ។ នៅក្នុងរថយន្តក្រុងដែលមានតួប្រវែង១២ម៉ែត្រ បានរៀបចំបន្ទប់ជំនាញ ព្យាបាលតាមផ្នែកជំងឺចំនួន៧បន្ទប់ និងបំពាក់បរិក្ខាចំនួន២២ប្រភេទ ។
រថយន្តមួយអាចបំពេញការព្យាបាលផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ផ្នែកសម្ភព ទន្តសាស្ដ្រ ផ្នែកជំងឺត្រចៀក ច្រមុះបំពង់ក ថតកម្មរស្មីអិច អេកូសាស្ដ្រព្រមទាំងតម្រូវការពិនិត្យ និងព្យាបាលជំងឺ ស្របតាមធាតុអាកាសដែលមានសំណើម និងក្ដៅនៅក្នុងប្រទេសកម្ពុជា។ ចំណែកដំបូលរថយន្តមានតម្លើងប៉ារ៉ាតង់ អាច លាត សន្ធឹង និងបង្រួមបាន ព្រមទាំងបានបំពាក់តុ និងកៅអីបត់បែន អាចពិនិត្យជំងឺនៅក្រោមរថយន្ត និងការព្យាបាលជំងឺនៅលើរថយន្ត ។រថយន្តគ្លីនិចចល័តទាំងនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពបែងចែកឱ្យខេត្តនានា នៅទូទាំងប្រទេសកម្ពុជា បើកសេវាកម្ម ការព្យាបាលជំងឺដោយល្បាតចល័ត បំពេញតម្រូវការរបស់ប្រជាជន ដោះស្រាយលំបាកនៅតំបន់ដាច់ស្រយាល ។ ក៏ជាការបង្ហាញយ៉ាងជាក់ស្ដែងថា នេះជាផ្លែផ្កានៃចំណងមិត្តភាពជាប្រពៃណីនៃប្រជាជនប្រទេសទាំងពីរចិន-កម្ពុជា ។
រថយន្តដែលបញ្ជូនមកជាលើកដំបូងនេះមានចំនួន២០គ្រឿង បានចេញដំណើរនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ពីក្រុងស៊ូចូវ ចេញតាមច្រកព្រំដែនភីងសៀង ខេត្តក្វាងស៊ី ឆ្លងកាត់តាមប្រទេសវៀតណាមចូលមកកម្ពុជា និងចុងក្រោយបានមកដល់រាជធានីភ្នំពេញហើយ ។ ការបើកបរតាមផ្លូវសរុបជាងប្រាំពាន់គីឡូម៉ែត្រ ក្រោមគម្រោងជំនួយរថយន្តគ្លីនិកចល័តជូនប្រទេសកម្ពុជាសរុបទាំងអស់៤០គ្រឿង ហើយរថយន្តដែលនៅសេសសល់នឹងមកដល់ក្នុងខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ