ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់​ថា សម្តេច​មិនមែន​ជា​នាយក​រដ្ឋមន្ត្រី​លោភលន់​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ចេញ​បញ្ជា​ផ្ទាល់មាត់​ភ្លាម​ៗ​ជូន​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ឲ្យ​ដោះសារ​បញ្ហា​ដីធ្លី​កំពុង​មាន​ទំនាស់​នៅ​កោះ​រ៉ុ​ង សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា​នេះ​ថា សម្តេច​មិនមែន​ជា​នាយក​រដ្ឋមន្ត្រី​លោភលន់​ទេ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ចេញ​បញ្ជា​ផ្ទាល់មាត់​ភ្លាម​ៗ​ជូន​រដ្ឋមន្ត្រីក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ឲ្យ​ដោះសារ​បញ្ហា​ដីធ្លី​កំពុង​មាន​ទំនាស់​នៅ​កោះ​រ៉ុ​ង សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា​នេះ​ថា សម្តេច​មិនមែន​ជា​នាយក​រដ្ឋមន្ត្រី​លោភលន់​ទេ ហើយ​សម្តេច​ក៏​គ្មាន​ដី​នៅ​លើ​កោះ​រ៉ុ​ង និង​ក្រុងភ្នំពេញ​ដែរ ហើយ​សម្តេច​ក៏​បាន​ប្រមា​ន​ដល់​អ្នកមាន​អំណាច និង​មាន​លុយ​ដែល​នៅ​ពីក្រោយ​ទំនាស់​ដី​នៅ​កោះ​រ៉ុ​ង​ឲ្យ​ដក​ខ្លូ​ន​ចេញ​ផង​ដែរ ។

សម្តេច​នាយ​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ « The Royal Sands Koh Rong » ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សុខសាន្ដ សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ​ថា សម្តេច​បាន​ចេញ​អនុក្រឹត្យ​កន្លង​មក​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​កោះ​រ៉ុ​ង​ដែល​កន្លង​មក គឺ​មាន​១២២១ ក្បាលដី ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ ហើយ​ក្នុង​នោះ​បាន​ប្រគល់​សម្រាប់​៦៣៧ ក្បាលដី ដែល​មាន​ទំហំ​៥២៥,៣៧ ហិ​កតា ពាក់ព័ន្ធ​ជាមួយនឹង​ប្រជាជន​២០៤ គ្រួសារ ដែល​រស់នៅ​អចិន្ត្រៃយ៍​នៅ​លើ​កោះ​នេះ ត្រូវ​បាន​ផ្តល់​រួច​មក​ហើយ ។ ប៉ុន្តែ​នៅ​សល់​ចំនួន ៥៨៤ ក្បាលដី​ទៀត ពុំ​ទាន់​បាន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​បាន ដោយសារ​ក្បាលដី​ខ្លះ​នៅ​មាន​វិវាទ ក្បាលដី​ខ្លះ​កំពុង​បន្ត​ពិនិត្យ​អត្តសញ្ញាណ ។

សម្តេច​តេ​ជោ បាន​បញ្ជា​ឯកឧត្តម ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ឲ្យ​ពិនិត្យ​មើល និង​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​អះអាង​កាន់កាប់​ដី​នៅ​កោះ​រ៉ុ​ង ព្រោះ​សម្តេច​បញ្ជា​រក​ឲ្យ​ឃើញ​ថា មុន​ឆ្នាំ​២០០៨ មាន​ប្រជាជន​ប៉ុន្មាន​គ្រួសារ​រស់នៅ និង​កាន់កាប់​ពិតប្រាកដ​លើ​ដី​កោះ​រ៉ុ​ង ហើយ​តើ​អ្នកកាន់កាប់​ដីធ្លី​លើ​កោះ​នេះ​មាន​ប៉ុន្មាន​ពិតប្រាកដ ។
សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​ថា ៖ «​ការ​ពិត រឿង​នេះ គឺជា​រឿង​នៃ​ការ​ទន្ទ្រាន​កាន់កាប់ ដោយ​ប្រជាពលរដ្ឋ ។ ហើយ​អ្នក​ខ្លះមក​ពី​ចំងាយ​ឯណោះ​ទេ យក​នាម​ប្រជាជន​នៅ​លើ​កោះ តែ​ខ្លួន​នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ផ្សេង​ៗ ហើយ​បោះទុន នោះ​ហើយ​ជា​បញ្ហា ។ ខ្ញុំ​មិន​ជឿ​ថា​ប្រជាពលរដ្ឋ​នៅ​កោះ​រ៉ុ​ង​នេះ គឺ​មាន​ដីធ្លី​ច្រើន​ដល់​កម្រិត​ប៉ុណ្ណឹង​ទេ […] អ​ញ្ចឹ​ង​ទេ​បញ្ហា​នេះ​ត្រូវ​តែ​បញ្ឈប់ បញ្ឈប់​ការ​ទន្ទ្រាន​កាន់កាប់ កាប់​យក​ដី បំផ្លាញ​ឆ្នេរ នេះ​ជា​ស្ថានភាព​ដែល​បាន​កើតឡើង​មិន​ត្រឹមតែ​នៅ​កោះ​រ៉ុ​ង​ទេ តែ​នៅ​បណ្តា​កោះ​ផ្សេង​ទៀត ក៏​បាន​កើត តែ​កោះ​រ៉ុ​ង​នេះ កើត​ច្រើន​ជាងគេ ។ ព្រោះ​បញ្ហា​ដី​នៅ​កោះ​រ៉ុ​ង មិនមែន​កើត​តែ​ជាមួយនឹង​ក្រុមហ៊ុន​លោក គិត ម៉េ​ង​ទេ តែ​ជាមួយ​កងទ័ព​ក៏​ទើប​មាន​បញ្ហា​ថ្មី​ៗ​ថែម​ទៀត ។

សម្តេច​បាន​បញ្ជាក់​ថា «​បើ​តាម​ខ្ញុំ​ទទួល​បាន​ព័ត៌មាន មូលដ្ឋាន​កងទ័ពជើងទឹក ក៏​ត្រូវ​ប្រជាពលរដ្ឋ​ទៅ​អះអាង​ថា ជា​កម្ម​សិទ្ធ​របស់​គាត់​» ។ «​ប៉ុន្តែ​ឥឡូវ​គួរតែ​ត្រូវ​ឲ្យ​ឯកឧត្តម ជា សុ​ផា​រ៉ា ដោះស្រាយ​មួយ​កោះ​នេះ​តែ​ម្តង មិនមែន​ដោះស្រាយ​ត្រឹម​មួយ​កន្លែង​នេះ​ទេ […] ពិនិត្យ​មើល​អ្នក​ណា​មក​មុន អត្តសញ្ញាណ​របស់​មនុស្ស​និង​ពិតប្រាកដ​នៅឯណា​ពិតប្រាកដ មក​ពី​កន្លែង​ណា ។ បើ​មិន​អ​ញ្ចឹ​ង​ទេ យើង​អង្គុយ​បក់ផ្សែង ។ យើង​ត្រូវ​ពន្លត់ភ្លើង តែ​មិន​ត្រូវ​អង្គុយ​បក់ផ្សែង​នោះ​ទេ​» ។ សម្តេច​មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​មក​កោះ​រ៉ុ​ង​ថ្ងៃនេះ ក្រៅពី​មក​សម្ពោធ ខ្ញុំ​ចង់​មក​ពន្លត់ភ្លើង​នៅ​លើ​កោះ​រ៉ុ​ង ។ បើ​មិន​ដូច្នោះ​ទេ កោះ​រ៉ុ​ង​នៅ​តែ​មាន​ភ្លើង​ឆាបឆេះ ។ ហើយ​ខ្ញុំ​ក៏​ចង់​មើល​មុខមន្ត្រី​ដែល​មាន​អំណាច មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង ហើយ​ក៏​ខ្ញុំ​ចង់​ឃើញ​អ្នក​ដែល​មាន​ប្រាក់​កាស​មួយ​ចំនួន​ដែល​នៅ​ពីក្រោយ​ខ្នង​ដែរ បានជា​ខ្ញុំ​មក​កាន់​ទី​នេះ » ។ ហើយ​និយាយ​គ្នា​ឲ្យ​ច្បាស់​ៗ ។ ល្មម​គ្រប់គ្រាន់​ហើយ​អស់លោក ទ្រព្យសម្បត្តិ​របស់​ជាតិ គឺ​ត្រូវ​បាន​យក​កន្លែង​នេះ​ម្នាក់​ៗ​មាន​ដី​រាប់រយ រាប់​ពាន់​ហិ​កតា​ច្រើន​ណាស់​ហើយ ច្រើន​ជាង​នាយក​រដ្ឋមន្ត្រី ដែល​នាយក​រដ្ឋមន្ត្រី​ឥត​មាន​ដី​នៅ​ភ្នំពេញ … ឥត​មាន​ដី​ធ្វើ​ផ្ទះ​ផង​» ។

សម្តេច​បញ្ជាក់​ថា ៖ «​ប៉ុន្តែ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ខ្ញុំ​មិន​លោភលន់ ។ ដោយសារ​ខ្ញុំ​មិន​លោភលន់​នឹង​ហើយ បានជា​ខ្ញុំ​នៅ​មាន​សម្តី នៅ​មាន​ទឹកមាត់ប្រៃ ដើម្បី​នឹង​ចង្អុល​អ្នក​ដែល​ទន្ទ្រាន​កាន់កាប់​ដី​របស់​គេ​» ។ សម្តេច​បន្ថែម​ថា ដី​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​សាង់សង់​រួច​ហើយ យើង​អាច​សម្របសម្រួល​រក​ដី​ផ្សេង ។ ចំណែក​ដី​ណា​ពាក់ព័ន្ធ​នឹង​ទីតាំង​យោធា​ត្រូវ​រក្សា​ទីតាំង​យោធា ដើម្បី​ការពារ​នូវ​ទីតាំង​យោធា​នោះ ប៉ុន្តែ​ក្នុង​ករណី​ប្រជាពលរដ្ឋ​កាន់កាប់​មុន​ពេល​យើង​កំណត់​ឲ្យ​ទីតាំង​យោធា យើង​ក៏​ត្រូវ​រក​ដីធ្លី​ទីតាំង​ផ្សេង​ឲ្យ​សមរម្យ ។ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា «​បើ​និយាយ​រឿង​ដីធ្លី កោះ​រ៉ុ​ង​ជា​កោះ​ក្តៅ​ជាងគេ​» ហើយ​សម្តេច​ក៏​បាន​ប្រមា​ន​ដល់​មន្ត្រី​អសកម្ម​ផង​ដែរ ។

សម្តេច​បញ្ជាក់​ថា ៖ «​បើ​អស់លោក​បោះ​ដំឡូង​ក្តៅ​ឲ្យ​ខ្ញុំ​កាន់ ខ្ញុំ​សុខចិត្ត​កាន់​មួយសន្ទុះ រួច​ហើយ​ខ្ញុំ​អាច​ស៊ី​បាន ។ ប៉ុន្តែ​អស់លោក ដំឡូង​ក្តៅ​អស់លោក​មិន​ដែល​បោះ​ឲ្យ​ខ្ញុំ​កាន់​ទេ អស់លោក​តែងតែ​បោះ​ដុំ​ថ្ម​ក្តៅ ឲ្យ​ខ្ញុំ​កាន់​ជា​និច្ច ។ ខ្ញុំ​មិន​ល្ងង់​តទៅ​ទៀត​ទេ ។ ច្បាប់​បាន​កំណត់​ឲ្យ​អស់លោក​បាន​ធ្វើ​អី អស់លោក​ត្រូវធ្វើ​អា​នុង​» ។ ខ្ញុំ​បាន​បញ្ជាក់​ហើយ មិន​ត្រូវធ្វើ​តាម​បទបញ្ជា​ទេ ។ ត្រូវ​អនុវត្ត​តាម​ច្បាប់ មិន​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​ទេ ព្រោះ​បើ​មិន​អ​ញ្ចឹ​ង​ស្អី​ឡើង​ក៏​នាយក​រដ្ឋមន្ត្រី​បញ្ជា ស្អី​ឡើង​ក៏​នាយក​រដ្ឋមន្ត្រី​បញ្ជា តើ​អស់លោក​ធ្វើ​រដ្ឋមន្ត្រី​ធ្វើ​អី អស់លោក​ធ្វើ​ចៅហ្វាយខេត្ត​ធ្វើ​អី ?​» ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ