ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តរតនគិរី​ស្រូប​ភ្ញៀវ​ទេសចរ​ជាង៨​ម៉ឺន​នាក់ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចូល​មក​លេង​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនគិរី នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ពួក​គាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃ​លែង និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ខិតខំ​អភិវឌ្ឍន៍​ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ក្នុង​នោះ ខេត្ត​ភាគ​ឦសាន​មួយ​នេះ​បាន​ស្រូប​យក​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៨​ម៉ឺន​នាក់…

ខេត្តរតនគិរី ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចូល​មក​លេង​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនគិរី នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ពួក​គាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃ​លែង និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ខិតខំ​អភិវឌ្ឍន៍​ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ក្នុង​នោះ ខេត្ត​ភាគ​ឦសាន​មួយ​នេះ​បាន​ស្រូប​យក​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ និង​ផ្ដល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផង​ដែរ តាម​រយៈ​ម្ហូបអាហារ និង​ការ​ស្នាក់​នៅ ជាដើម ។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គិត​ចាប់ពី​អំឡុង​ថ្ងៃ​ទី​១៣, ១៤ និង​១៥ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​៨០.៣៨១​នាក់ បាន​មក​ទស្សនា​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត កើនឡើង​៦,៧% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៧៩.៦៦៤​នាក់ និង​អន្តរជាតិ​មាន​ចំនួន​៧១៧​នាក់ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ដ​ថា ៖« ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​តាម​រមណីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់ ខ្ញុំ​បាន​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​ជំរុញ​មិន​ឲ្យ​មានការ​ដំឡើង​ថ្លៃ​ផង​ដែរ ក៏​ប៉ុន្ដែ​នៅ​តែ​មាន​អ្នកបម្រើ​សេវា​ម្ហូបអាហារ សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន បាន​ដំឡើង​ថ្លៃ​លើស​ការ​កំណត់​របស់​មន្ទីរ​បន្ដិចបន្ដួច ដោយសារ​តែ​តម្រូវការ​ខ្ពស់ ខុស​ពី​ឆ្នាំ​កន្លង​ទៅ » ។

លោក​បន្ដ​ថា ៖« ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ក្នុង​រយៈពេល​ខ្លី​នេះ ក៏​បាន​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ចាក់​បញ្ចូល​ក្នុង​ចរន្ដ​សេដ្ឋកិច្ច​របស់​ខេត្ត​ផង​ដែរ » ។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​យក្ស​ឡោម ដោយ​មាន​ពិធី​លេងល្បែង​ប្រជាប្រិយ​ដូច​ជា បោះ​អ​ង្គុ​ញ ចោល​ឈូង លាក់កន្សែង ទាញព្រ័ត្រ ដណ្តើម​ស្លឹកឈើ វាយក្អម ឡើង​សសរ​ខ្លាញ់ និង​ប្រណាំង​កង់​យឺត ជាដើម ។

ក្រៅពី​នេះ ក៏​មាន​ទស្សនីយភាព​សិល្បៈ ការ​រាំ​លេង​កម្សាន្ដ​សប្បាយ និង​ពេល​រាត្រី​មាន​ពិធី​បាញ់​កាំជ្រួច​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ