ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ មាន​ភាព​វិជ្ជមានបន្ទាប់ពី​កំណែទម្រង់​រយៈពេល៥​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា ​កម្ពុជា​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ពិសេស​បាន​រុញច្រាន​នាវា​កម្ពុជា​ឆ្ពោះទៅ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​«​ខ្លា​សេដ្ឋកិច្ច​ថ្មី​»​នៅ​អាស៊ី កាលពី​ឆ្នាំ​២០១៦ និង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា ​កម្ពុជា​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ពិសេស​បាន​រុញច្រាន​នាវា​កម្ពុជា​ឆ្ពោះទៅ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​«​ខ្លា​សេដ្ឋកិច្ច​ថ្មី​»​នៅ​អាស៊ី កាលពី​ឆ្នាំ​២០១៦ និង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា លទ្ធផល​វិជ្ជមាន​នៃ​ការ​កែទម្រង់​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បាន​លេច​ឡើងជា​បណ្តើរ​ៗ និង​កាន់តែ​ច្បាស់​ថែម​ទៀត​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​នៅ​ពេល​អនាគត កម្ពុជា​ត្រូវការ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​មាន​ភាព​ទន់ភ្លន់ កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​ថែម​ទៀត ដើម្បី​ជំរុញ​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ឲ្យ​មាន​ចីរភាព និង​បរិ​យា​ប័ន្ន ។

លោក​បន្ត​ថា កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ សម្រេច​បាន​នូវ​វឌ្ឍន​ភាពល្អ​ប្រសើរ​នៅ​ក្នុង​ការ​កសាង​ខឿន​ទាំង​បី​នៃ​ប្រព័ន្ធ​គ្រប់គ្រង គឺ​ភាព​ទុកចិត្ត​បាន​នៃ​ថវិកា​, គណនេយ្យ​ភាព​ហិរញ្ញវត្ថុ និង​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​កម្មវិធី ទោះបីជា​មានការ​ងារ​សេសសល់ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​បន្ត​ដោះស្រាយ​ថែម​ទៀត​ក្តី ។

លោក​ថា ៖« ការ​កែទម្រង់​, ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​អភិក្រម និង​យន្តការ​អនុវត្ត​បាន​ត្រឹមត្រូវ និង​កាន់តែ​ប្រសើរ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ភាព​ជា​ម្ចាស់​កាន់តែ​ខ្លាំង​ឡើង ទាំង​សម្រាប់​ក្រសួង ស្ថាប័ន និង​សម្រាប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ » ។

រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​សម្រេច​បាន​តាម​ការ​គ្រោងទុក​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧% ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ ។ កម្ពុជា​ថែម​ទាំង​សម្រេច​បាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ គឺ​ការ​ឆ្លង​ផុត​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៥ ព្រមទាំង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​» ក្នុង​ឆ្នាំ​២០១៦​។ កំណើន​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ បាន​បង្កើត​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​តួលេខ​របស់​ធនាគារពិភពលោក ដែល​បាន​បង្ហាញ​ថា ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​អត្រា​០,៣% និង​ភាព​ក្រីក្រ​តោកយ៉ាក​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំងស្រុង​ក្នុង​ឆ្នាំ​២០១៧ ។ ទន្ទឹម​នឹង​នេះ ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ក៏​មានការ​កើនឡើង​ផង​ដែរ ដោយ ផសស ក្នុង​មនុស្ស​ម្នាក់​កើន​ពី​១.០៤២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១.៤២៧​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ និង​១.៥៦៣​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​២០១៨ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ក្នុង​ពេល​ខាង​មុខ កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នឹង​ឈាន​ដល់​ជំហាន និង​ដំណាក់កាល​ចុង​ក្រោយ គឺ​គណនេយ្យ​ភាព​សមិទ្ធកម្ម ដែល​តម្រូវ​ឱ្យ​មានការ​ចូលរួម​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​រៀង​ៗ​ខ្លួន ដោយ​បុ​រេ​សកម្ម និង​គណនេយ្យ​ភាព ។

សម្ដេច​តេ​ជោ​សង្កត់ធ្ងន់​ថា ៖« ក្នុង​ការ​បន្ត​អនុវត្ត​កម្មវិធី​នេះ សូម​ឱ្យ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ភាព​ប្រាកដនិយម និង​ភាព​ជា​ម្ចាស់​ខ្ពស់ ព្រមទាំង​អភិក្រម​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​អនុវត្ត ស្រប​តាម​គោលការណ៍ «​ឆ្លុះកញ្ចក់​, ងូតទឹក​, ដុសក្អែល​, ព្យាបាល និង​វះកាត់​» ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ការ​បង្កើន​ភាព​ជា​ម្ចាស់​ក្នុង​ការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាម​ក្រសួង​-​ស្ថាប័ន​, ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​កែទម្រង់​នៅ​តាម​ក្រសួង​-​ស្ថាប័ន​, បន្ត​ពង្រឹង​យន្តការ​សម្របសម្រួល និង​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​ការ​កែទម្រង់​ទាំង​៣ និង​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨-២០២៥ » ។

សម្ដេច​តេ​ជោ​បញ្ជាក់​ថា ក្នុង​ឤ​ណ​ត្តិ​នេះ កម្ពុជា​សម្រេច​បាន​នូវ​បង្គោល​ចរ​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ គឺ​ការ​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​ធ្វើ​ដំណើរ​ឆ្ពាះ​ទៅ​សម្រេចការ​ចាក​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ក្នុង​ពេល​ខាង​មុខ ។ អ្វី​ដែល​ពិសេស សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់ និង​ចាត់​ទុក​ថា ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​ឤ​ស៊ី ។ ម្យ៉ាងវិញទៀត ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​យន្តការ និង​ជា​ឧបករណ៍​មិន​ឤ​ច​ខ្វះ​បាន​, មិន​ត្រឹមតែ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​ខាងលើ​បុ​ណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​ខិតខំ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ផង​ដែរ ។

យោង​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ បង្ហាញ​ថា សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ កម្ពុជា​នឹង​បោះ​ជំហាន​ទៅ​ដំណាក់កាល​ថ្មី​មួយទៀត ដែល​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​កាន់តែ​ដើរតួ​នាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​ជាតិ ក្នុង​បរិការណ៍​ដែល​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក កាន់តែ​ស្រួចស្រាល់​។

ដើម្បី​បន្ត​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៧% ប្រកបដោយ​ចីរភាព​, បរិ​យា​ប័ន្ន និង​ធន់​នឹង​វិបត្តិ កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ និង​វិធានការ​គន្លឹះ​មុត​ស្រួច​មួយ​ចំនួន​ប្រកបដោយ​ឆន្ទៈ​នយោបាយ​ខ្ពស់ សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម និង​បញ្ចៀស​នូវ​ហានិភ័យ​ទាំងឡាយ​ជាយថាហេតុ និង​បន្ត​កែទម្រង់​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ក្រោម​គោលការណ៍ «​បន្ត​រក្សា​សមិទ្ធផល​ចាស់ បង្កើត​សមិទ្ធផល​ថ្មី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ