ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​រវាង​ចិន និង​អា​មេ​រិ​ក​គ្របដណ្តប់​កិច្ចប្រជុំ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កំពុង​តែ​គ្របដណ្តប់​កិច្ចប្រជុំ​ក្រុម​មន្ត្រី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ខណៈ G20 ចៀសវាង​ប្រធានបទ​នេះ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កំពុង​តែ​គ្របដណ្តប់​កិច្ចប្រជុំ​ក្រុម​មន្ត្រី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ខណៈ G20 ចៀសវាង​ប្រធានបទ​នេះ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។

មន្ត្រី​ជា​ច្រើន​បាន​ស្នើ​ឲ្យ​អា​មេ​រិ​ក និង​ចិន ដោះស្រាយ​ជម្លោះ​ទាំងនេះ​តាម​រយៈ​ការ​សន្ទនា មិនមែន​តាម​ការ​ដាក់​ពន្ធ​ជា​ឯកតោភាគី​ឡើយ និង​ព្រមាន​ពី​ការ​គំរាមកំហែង​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ទៀត​ផង ។

ប៉ុន្តែ​មន្ត្រី​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​និយាយ​​ថា ប្រទេស​ដែល​មាន​គោលការណ៍​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ គឺជា​ប្រទេស​ដែល​ខុស ។

លោកស្រី Christine Lagarde ប្រធាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ស្នើ​ឲ្យ​មូលនិធិ​នេះ​ក្លាយជា​វេទិកា​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា ប៉ុន្តែ​លោក Steven Mnuchin រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និយាយ​ថា ៖«IMF គួរតែ​ជា​សំឡេង​ដ៏​រឹង​មាំ​មួយ​សម្រាប់​ជំរុញ​ដល់​សមាជិក​ឲ្យ​ដក​ឧបសគ្គ​ពាណិជ្ជកម្ម​, ឧបសគ្គ​មិនមែន​ពន្ធ និង​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ផង​ដែរ » ។

ការ​ល្មើស​នឹង​កម្មសិទ្ធិបញ្ញា និង​បច្ចេកវិទ្យា​អា​មេ​រិ​ក គឺជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​ចិន ដែល​ជំរុញ​ឲ្យ​លោក​ត្រាំ ប្រកាស​ពី​ការ​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​ផលិត​ផល​ចិន​រាប់​ប៊ី​លាន​ដុល្លារ បន្ទាប់​ពី​ដាក់​ពន្ធ​លើ​ដែកថែប ។

សហរដ្ឋអាមេរិក និង​ចិន បាន​ដាក់​ពាក្យបណ្តឹង​រៀង​ៗ​ខ្លួន​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថែម​ទៀត ។

កាលពី​ថ្ងៃ​សុក្រ នាយក WTO លោក Roberto Azevedo បាន​ព្រមាន​ថា លទ្ធផល​នៃ​ការ​បន្ត​ជម្លោះ​នេះ អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ប្រទេស​ក្រីក្រ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ។ លោក​ថា ៖« ការ​បាក់បែក​នៃ​ទំនាក់ទំនង​រវាង​តួអង្គ​សំខាន់​ៗ អាច​នឹង​ប៉ះពាល់​ដល់​ភាពល្អ​ប្រសើរ​ដែល​ពួក​យើង​បាន​មើលឃើញ​នា​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ក៏​ដូច​ជា​គំរាមកំហែង​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច និង​ផ្តល់​ហានិភ័យ​ដល់​ការងារ​ជា​ច្រើន​ទៀត»។

IMF លើក​ឡើង​ថា ភាព​តានតឹង​នេះ គឺជា​ហានិភ័យ​ដ៏​ធំ​សម្រាប់​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក ។

លោកស្រី Lagarde និយាយ​ថា ជម្លោះ​នេះ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​, បង្កើត​ភាព​មិន​ប្រាកដ​ប្រជា និង​កាត់​បន្ថយ​ការ​វិនិយោគ ដែល​ជា​កត្តា​ដ៏​សំខាន់​នៃ​ការ​រីក​ចម្រើន​ឡើង​វិញ​ជុំវិញ​ពិភពលោក ។

WTO ព្យាករ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ជុំវិញ​ពិភពលោក នឹង​លូតលាស់​បាន​៤,៤%​ក្នុងឆ្នាំនេះ បន្ទាប់​ពី​លូតលាស់​បាន​៤,៧%​កាលពី​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ