ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ា​ង សុ​ផល្លែ​ត ៖ ថ្វីបើ​ថង់​ប្លា​ស្ទិ​ក​ជួយ​សម្រួលការ​ប្រើប្រាស់ តែ​វា​ជា​អាវុធ​លាក់​មុខ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ « ថ្វីបើ​ថង់​ប្លា​ស្ទិ​ក​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​យើង ប៉ុន្តែ​វា​គឺជា​អាវុធ​លាក់​មុខ ដែល​សារធាតុពុល​នៅ​ក្នុង​ថង់​ប្លា​ស្ទិ​ក អាច​បង្ក​នូវ​ជំងឺ​កាច​សាហាវ​នានា​ដល់​មនុស្ស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក និង​ដី​របស់​យើង​ថែម​ទៀត »…

ខេត្តព្រៃវែង ៖ « ថ្វីបើ​ថង់​ប្លា​ស្ទិ​ក​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​យើង ប៉ុន្តែ​វា​គឺជា​អាវុធ​លាក់​មុខ ដែល​សារធាតុពុល​នៅ​ក្នុង​ថង់​ប្លា​ស្ទិ​ក អាច​បង្ក​នូវ​ជំងឺ​កាច​សាហាវ​នានា​ដល់​មនុស្ស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក និង​ដី​របស់​យើង​ថែម​ទៀត » ។ នេះ​គឺជា​ប្រសាសន៍​របស់​លោក អ៊ា​ង សុ​ផល្លែ​ត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ក្នុង​ទិវា​ភព​ផែនដី ក្រោម​ប្រធានបទ «​បញ្ចប់​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​» កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ម្សិលមិញ នៅ​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ។

លោក​អនុរដ្ឋលេខាធិការ​បន្ត​ថា ៖«​កម្ពុជា​យើង​បាន​ចាប់ផ្តើម​ធ្វើ​ទិវា​នេះ​ជា​លើក​ទី​៣​ហើយ ក្នុង​គោលបំណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​ក​ចំពោះ​សុខភាព​មនុស្ស និង​បរិស្ថាន និង​បំផុសគំនិត​ពួក​គាត់​ឲ្យ​កាន់តែ​ស្រឡាញ់​ធនធានធម្មជាតិ និង​បរិស្ថាន » ។

លោក​បាន​រំឭក​ថា ទិវា​ភព​ផែនដី​នេះ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៧០ នៅ​សហរដ្ឋអាមេរិក ហើយ​រហូត​មក​ដល់​ឆ្នាំ​២០០៩ ទើប​អង្គការសហប្រជាជាតិ បាន​កំណត់​យក​ថ្ងៃ​ទី​២២ ខែមេសា ធ្វើ​ជា​ទិវា​ភព​ផែនដី បន្ទាប់​មក​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ក៏​ចាប់ផ្តើម​ប្រារព្ធ​ធ្វើ​ទិវា​នេះ​នៅ​តាម​ប្រទេស​រៀង​ៗ​ខ្លួន និង​បាន​ចងក្រង​បណ្តាញ​ទិវា​ភព​ផែនដី​ជាស​កល​ទៀត​ផង ។

ក្រសួងបរិស្ថាន​បាន​ចេញ​អនុក្រឹត្យ​លេខ​១៦៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៧ ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ដែល​មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​កាត់​បន្ថយ​ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្ទា​ស្ទិ​ក សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោភ័ណ​ភាព ។ ជាមួយ​គ្នា​នេះ ក៏​មាន​ប្រកាស​អន្តរក្រសួង ស្តី​ពី​ការ​កំណត់​កម្រៃ​បន្ថែម​លើ​ការ​ផ្តល់​បា្ល​ស្ទិ​ក​ដល់​អតិថិជន ដោយ​ចាប់​អនុវត្ត​នៅ​តាម​បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ មក​ម្ល៉េះ ។

« ការ​ដាក់​កម្រិត​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ មិនមែន​មាន​តែ​នៅ​កម្ពុជា​យើង​ទេ គឺ​មាន​ប្រទេស​ជា​ច្រើន​លើ​សកលលោក បាន​និង​កំពុង​អនុវត្ត​ដូច​គ្នា តាម​រយៈ​ការ​យកពន្ធ​លើ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការ​ហាមឃាត់​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទាំងស្រុង និង​ការ​កំណត់​កម្រាស់​នៃ​ថង់​ប្លា​ស្ទិ​ក ជាដើម » ។ នេះ​បើ​តាម​លោក អ៊ា​ង សុ​ផល្លែ​ត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពេល​ប្រារព្ធ​ទិវា​ភព​ផែនដី​នេះ​ដែរ ក្រុម​យុវជន រួម​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​ក​ចំពោះ​សុខភាព និង​បរិស្ថាន​ដល់​ក្រុម​អាជីវករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង ព្រមទាំង​បាន​ណែនាំ​ឲ្យ​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ ចាប់អារម្មណ៍​ងាក​មក​ប្រើ​សម្ភារ​វេច​ខ្ចប់​ជា​ស្លឹក​ឈូក ស្លឹកចេក និង​វត្ថុ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ជំនួស​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ