ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រឹស្តី «គោរពមេ…»

6 ឆ្នាំ មុន
  • ភ្នំពេញ

​«​គោរព​មេ​» កំពុង​ឆ្លុះ​បញ្ចាំង​ពី​សង្គម​អែបអប​មួយ ។ «​គោរព​មេ​» បាន​ក្លាយជាទ្រឹស្តី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា ។ ពាក្យ​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់យ៉ាង​ទូលំទូលាយ ។ សូ​ម្បី​តែ​នៅ​តាម​ភោជ​នីយដ្ឋាន…

​«​គោរព​មេ​» កំពុង​ឆ្លុះ​បញ្ចាំង​ពី​សង្គម​អែបអប​មួយ ។ «​គោរព​មេ​» បាន​ក្លាយជាទ្រឹស្តី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា ។ ពាក្យ​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់យ៉ាង​ទូលំទូលាយ ។ សូ​ម្បី​តែ​នៅ​តាម​ភោជ​នីយដ្ឋាន តាម​ហាង​កាហ្វេ ឬ​ក៏​តាម​ហាង​ខា​រ៉ាអូ​ខេ​ក៏​គេ​ឮ​ពាក្យ «​គោរព​មេ​» នេះ​ដែរ ។ អ្នក​សន្តិសុខ​ខាងក្រៅ​ហាង​ទំនើប​ៗ​ច្រើន​ប្រើប្រាស់​ពាក្យ​«​គោរព​មេ​»​នេះ ដើម្បី​បង្ហាញ​ការ​គោរព​របស់​ខ្លួន​ចំពោះ​អតិថិជន និង​ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​សប្បាយចិត្ត​ផង ។ នេះ​អាច​មក​ពី​ពួក​គាត់​ចង់​បង្ហាញ​ការ​គោរព​អតិថិជន​​ប្រៀប​ដូច​​ជា​មេ​របស់​ខ្លួន ដូច​ទ្រឹស្តី​ជំនួញ​ដែល​ថា «​អតិថិជន​គឺជា​ស្តេច​» ។ ពេល​ខ្លះ​អតិថិជន​ក៏​សប្បាយចិត្ត​ហើយ​ក៏​អាច​ធ្លាក់​លុយ​ធីប​បាន​ច្រើន ។

ប៉ុន្តែ​ពេល​ខ្លះ​ពាក្យ «​គោរព​មេ​» នេះ​អាច​ជា​កាយវិការ​មួយ​នៃ​ការ​អែបអប​របស់​មនុស្ស​ដើម្បី បុណ្យស័ក្តិ​ឬ​ក៏​ដើម្បី​លាភ​សក្ការ​ជាដើម ។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា មនុស្ស​ដែល​និយាយ «​គោរពមេ​» នេះ​យ៉ាង​ពីរោះ​ច្រើន​តែ​មិនសូវ​ពូកែ​ធ្វើការ​ទេ ច្រើន​តែ​ពួ​កែ​អែបអប​ប៉ុណ្ណោះ ។ អ្នកធំ​មួយ​ចំនួនចូល​ចិត្ត​ស្តាប់​ពាក្យពីរោះ​និង​​បញ្ចើចបញ្ចើរ​ច្រើន​ជាង​ស្តាប់​ការ​ពិត និង​សកម្មភាព​ជាក់ស្តែង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​បុគ្គ​លិក​ក្រោម​បង្គាប់ ។

ដូច្នេះ ពេល​ខ្លះ​មនុស្ស​ពួ​កែ​ធ្វើ ប៉ុន្តែ​មិន​ពូកែ​និយាយ​នោះ មិន​មាន​តម្លៃ​ស្មើនឹង​មនុស្ស​ពូកែ​អែបអប​និង​ពូកែ​ប្រើ​ពាក្យ​«​គោរព​មេ​»​នេះ ។ ក្នុង​ករណី​ដែល​ជួបនឹង​មេ​បែប​នេះ អ្នកធ្វើការ​ពិតប្រាកដ ដែល​មិន​ពូកែ​អែប​អប​​នោះ មិន​ទទួល​បានការ​សរសើរ​ឬ​ការ​លើកទឹកចិត្ត​ទេ ប៉ុន្តែ​បាន​ត្រឹមតែ​ឈឺចាប់​ប៉ុណ្ណោះ ។ នៅ​ក្នុង​ការ​ងារ គេ​ត្រូវ​និយាយ​អំពីលទ្ធផល​ការងារ​ជាក់ស្តែង និង​ការ​ទទួលខុស​ត្រូវជា​ជាង​ការ​ទទួលយក​ការ​អែបអប​របស់​មនុស្ស ។ មេដឹកនាំ​ដែល​ទទួលស្គាល់​លទ្ធផល​ការងារ​ជាក់ស្តែង​របស់​បុគ្គលិក​នឹង​ទទួល​បានការ​គោរព​ពិតប្រាកដ និង​ចេញពី​បេះដូង​របស់​បុគ្គលិក ។ ផ្ទុយ​មក​វិញ មេដឹកនាំ​ដែល​សប្បាយ​នឹងពាក្យ​អែបអប​​បាន​ទទួល​ត្រឹមតែ​ការ​គោរព​តែ​សម្បក​ខាងក្រៅ​របស់​មនុស្ស​ពូកែ​និយាយ​មិន​ពូកែ​ធ្វើ​ប៉ុណ្ណោះ ។ គេ​ក៏​ធ្លាប់​សង្កេត​​ឃើញ​ដែរ​មនុស្ស​បែប​នេះ​នឹង​លែង​គោរព​មេដឹកនាំ​បែប​នេះ​ដែរ នៅ​ពេល​ដែល​មេដឹកនាំ​នេះ​ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឬ​ក៏​ចូល​និវត្តន៍ ។ មេដឹកនាំ​បែប​នេះ​ក៏​ឈឺចាប់​ខ្លាំង​នឹង​អតីត​កូនចៅ​ដែល​ពូកែ​អែបអប​នេះ​ដែរ ។

ដូច្នេះ​មេដឹកនាំ​ទាំងឡាយ​ត្រូវ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ពូកែ​និយាយ​ពាក្យ «​គោរព​មេ​» នេះ​ឱ្យ​បានច្រើន​ជា​ជាង​សប្បាយ​ចិត្តនឹង​ការ​ឮ​ពាក្យ​នេះ ។ ចំណែក​មនុស្ស​ទូទៅ​ក៏​មិន​គួរ​ប្រើប្រាស់​ភាពអែបអប​បញ្ចើចបញ្ចើរ​ដើម្បី​ទទួល​បាន​ផល​ជា​លាភ​សក្ការ ឬ​ក៏​ការ​ឡើងបុណ្យ​សក្តិឡើយ ។ គេ​ត្រូវ​នាំ​គ្នា​ពង្រឹងសមត្ថភាព និង​ចំណេះ​ហើយ​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ដើម្បី​ភាព​រីក​ចម្រើន​របស់​ខ្លួនឯង​ផង​និង​ដើម្បី​សង្គម​ជាតិ​ទាំងមូល​ផង ។

សង្គម​នឹង​មិន​អាច​រីក​ចម្រើន​បាន​ឡើយ បើសិនជា​សម្បូរ​តែ​មនុស្ស​ពូកែ​អែបអប​ដែល​មិន​ចេះ​ធ្វើ​អ្វី​លេច​ចេញ​ជា​ផ្លែផ្កា​ជាក់ស្តែង ។ ប៉ុន្តែ​សង្គម​នឹង​កាន់តែ​រីក​ចម្រើន បើសិនជា​សម្បូរមនុស្ស​ដែល​ពូកែ​ធ្វើ​ការងារ​និង​ប្រកបដោយ​ចំណេះដឹង ។ សង្គម​កម្ពុជា​កំពុង​តែ​មានការផ្លាស់​ប្តូរ​ទៅ​រក​ភាព​កាន់តែ​ល្អ​ប្រសើរ ហើយ​សម័យកាល​នៃ​ការ​អែបអប​ក៏​នឹង​ចាប់ផ្តើម​បាត់​ឥ​ទ្ឋិ​ពល​របស់​វា​ជា​បណ្តើរ​ៗ​ដែរ ។ ប៉ុន្តែ​បើសិនជា​យើង​មិន​ព្រម​លះបង់​វា​ចោល​ឱ្យ​គ្រប់គ្នា​ទេ​នោះ វា​នឹង​នៅ​តែ​តាម​លង​យើង​គ្រប់​គ្នា​ហើយ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​រីក​ចម្រើន​របស់​មនុស្ស​និង​សង្គម ៕

 

អត្ថបទសរសេរ ដោយ