មណ្ឌលគិរី​ចូល​ឆ្នាំ​ថ្មី​អ្នកទេសចរ​ច្រើន​រហូត​រក​កន្លែង​ស្នាក់​មិន​បាន


ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ កន្លង​ទៅ ថ្មី​ៗ​នេះ ខេត្តមណ្ឌលគិរី​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ទៅ​កម្សាន្ត ។ នៅ​តាម​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​២​ម៉ឺន​នាក់ ។ ចំនួន​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មិន​អា​ចរក​កន្លែង​ស្នាក់​នៅ​តាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​បាន​ទេ ។ ក្នុង​ស្ថានភាព​បែប​នោះ​ភ្ញៀវ​ខ្លះ​បោះ​តង់​នៅ​តាម​សួនច្បារ និង​ស្នាក់​នៅ​តាម​ផ្ទះ​អ្នក​ភូមិ ។

លោក​ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ ឲ្យ​ដឹង​ថា ស្រប​ពេល​មានការ​អ​វិ​ឌ្ឍ​មិន​ឈប់​ឈរ​របស់​ខេត្តមណ្ឌលគិរី នា​ពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​បុណ្យ​ជាតិ ធំ​ៗ រាល់​សេវាកម្ម សំខាន់​ៗ​ដូច​ជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​ជាដើម មិន​អាច​បម្រើ​តម្រូវការ​ភ្ញៀវ​បាន​គ្រប់គ្រាន់​នោះ​ទេ តែបើ​ថ្ងៃ​ធម្មតា​គ្មាន​បញ្ហា​ចោទ​ឡើយ ។

ដោយ​កត្តា​សុខ​សន្តិភាព សុវត្ថិភាព​ពេញលេញ រួម​នឹង​ការ​សហការ​គ្នា​យ៉ាង​ល្អ​រវាង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ បាន​ផ្តល់​ភាព​កក់ក្តៅ​ជូន​ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​អាច​កម្សាន្ត និង​ស្នាក់​នៅ​បាន​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដោយសារ​តែ​ចំនួន​ភ្ញៀវ​ច្រើន​ហួស​ពី​ចំនួន​បន្ទប់​ស្នាក់​នៅ ក៏​មាន​ភ្ញៀវ​ខ្លះ​សម្រេចចិត្ត​បោះ​តង់​នៅ​ជិត​តំបន់​រង្វង់​មូល​គោព្រៃ តាម​សួនច្បារ និង​នៅ​លើ​អតីត​ទីលាន​យន្តហោះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ព្រោះតែ​មាន​សមត្ថកិច្ច​ចម្រុះ​យាមល្បាត​ជាប់​ជា​ប្រចាំ ។

ចំពោះ​ការ​កើនឡើង​ចំនួន​ភ្ញៀវ​ទេសចរ​នេះ ក្រុម​អ្នកជំនាញ​ផ្នែក​ទេសចរណ៍ និង​អាជ្ញាធរ​បាន​លើក​ឡើង​ស្របគ្នា​ថា ខេត្តមណ្ឌលគិរី​ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ ហាក់​មិន​មានការ​ចាំបាច់​ខ្លាំង​ពេក​ទេ​លើក​ការ​បង្កើន​ចំនួន​បន្ទប់​ស្នាក់​នៅ ព្រោះ​ភ្ញៀវ​ជន់​ជោរ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​បានជា​ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​នានា​ក្នុង​ខេត្ត​ហាក់​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​សាងសង់​សំណង់​ថ្មី​នោះ​ឡើយ ។
អាជ្ញាធរ​ខេត្ត​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា អាជ្ញាធរ​នឹង​លើកទឹកចិត្ត​ចំពោះ​អ្នក​វិនិយោគ​ថ្មី​ៗ​ដែល​មាន​បំណង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឬ​ខ្នាត​អន្តរជាតិ ព្រោះ​បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ស្រទាប់វណ្ណៈ ជា​ពិសេស​រយៈកាល​ចុង​ក្រោយ​នេះ ក៏​សម្បូរ​ភ្ញៀវ​ទេសចរ​លំដាប់​VIP​ចេញចូល​កម្សាន្ត​ជា​ប្រចាំ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​បី​ថ្ងៃ​១៤, ១៥ និង​ទី​១៦ មេ​សា ២០១៨ មាន​ភ្ញៀវ​ទេសចរ​ចំនួន​២២.៦២៣​នាក់ កើនឡើង​ចំនួន​២២,១០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​មាន​ត្រឹម​ចំនួន​១៨.៥២៧​នាក់​ប៉ុណ្ណោះ ។ ការ​កើនឡើង​ចំនួន​ភ្ញៀវ​ទេសចរ​ដល់​ទៅ​ជាង​២២%​នេះ​ហើយ ដែល​បណ្តាល​ឲ្យ​បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់​ក្នុង​ខេត្តមណ្ឌលគិរី សរុប​ប្រមាណ​ជាង​១០០០​បន្ទប់​ត្រូវ​ពេញ​ណែន ទទួលភ្ញៀវ​មិន​គ្រប់គ្រាន់ ។

ទឹកធ្លាក់​ព្រះ​និមិត្ត​ទទួលភ្ញៀវ​ទេសចរ​ច្រើន​នា​ឱកាស​បុណ្យចូលឆ្នាំខេត្តព្រះវិហារ​៖​គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៧​មេ​សា ឆ្នាំ​២០១៨ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន សំខាន់​ៗ​ចំនួន​៤​ក្នុង​ខេត្តព្រះវិហារ ប្រមាណ​ជាង​៥​ម៉ឺន​នាក់ កើនឡើង​ជាង​ឆ្នាំ​មុន ក្នុង​នោះ​ទឹកធ្លាក់​ព្រះ​និមិត្ត​ជាប់​ព្រំដែន​កម្ពុជា​ឡាវ ទទួលភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ ។

លោកស្រី​ឈឹ​ម សិ​ទ្ធី​ដា មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង កម្សាន្ត​នៅ​ក្នុង​ខេត្តព្រះវិហារ​ចំនួន​៤​កន្លែង រួម​មាន​ប្រាសាទព្រះវិហារ ប្រាសាទ​កោះកែរ ប្រាសាទព្រះខ័ន​កំពង់ស្វាយ និង​រមណីយដ្ឋាន​ទឹកជ្រោះ​ព្រះ​និមិត្ត ព្រំដែន​កម្ពុជា​-​ឡាវ កើនឡើង​ច្រើន ។ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​វិញ មានការ​ថយ​ចុះ​តិចតួច​ប៉ុណ្ណោះ ។
មន្ត្រី​ជំនាញ​លើក​ឡើង​ទៀត​ថា នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៅ​គ្រប់​រមណីយដ្ឋាន ក្នុង​ខេត្ត​មាន​សន្តិសុខ សុវត្ថិ​ភាពល្អ​ប្រសើរ ពុំ​មាន​អ្វី​កើតឡើង​រំខាន​ដល់​ការ​កម្សាន្ត​សប្បាយ​របស់​ភ្ញៀវ​ទេសចរ​ឡើយ មួយវិញទៀត​ទាំង​សេវាកម្ម ផ្សេង​ៗ​ក៏​មិន​មានការ​ដំឡើង​ថ្លៃ​ដែរ ។

លោក​វរសេនីយ៍ឯក​ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​លើក​ឡើង​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​សន្តិសុខ សុវត្ថិ​ភាពល្អ​ប្រសើរ ពុំ​មាន​បាតុភាព អ្វី​កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​ក្នុង​ខេត្តព្រះវិហារ​ទេ ។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​តិចតួច ។
យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ មេ​សា ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ភ្ញៀវ​ជាតិ មាន​ចំនួន​៨.៥២៣​នាក់ កើនឡើង​៣% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១៥០​នាក់ ថយ​ចុះ​២៧% ។

រមណីយដ្ឋាន​ប្រាសាទ​កោះកែរ ភ្ញៀវ​ជាតិ​១០.៨១០​នាក់ កើនឡើង​១២% ភ្ញៀវ​អន្តរជាតិ ២៤៧​នាក់ ថយ​ចុះ​៥% ។
រមណីយដ្ឋាន​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន​៤.៨៥១​នាក់ ថយ​ចុះ​៤៩% ភ្ញៀវ​អន្តរជាតិ​៨​នាក់ ។

ទឹកធ្លាក់​ព្រះ​និមិត្ត ភ្ញៀវ​ជាតិ មាន​ចំនួន​១៦.៦៨៣​នាក់ កើនឡើង​៤១% ភ្ញៀវ​អន្តជាតិ​១៥​នាក់ ថយ​ចុះ​៣១% ។
គោលដៅ ផ្សេង​ៗ ភ្ញៀវ​ជាតិ​១១.៥០០​នាក់ កើនឡើង​១៩៣% ភ្ញៀវ​អន្តរជាតិ​ថយ​ចុះ​១០០% ។ នេះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​កន្លង​ទៅ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ