ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហព័ន្ធ​ប្រដាល់​ត្រៀម​កោះហៅ​កីឡាករ​ឌឺដងជាមួយ​កីឡាករ​ថៃ​មក​ណែនាំ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក ជា​ពិសេស​អ្នកនយោបាយ​វ័យក្មេង​លោក​ពេជ្រ ស្រស់ បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះពាក្យ​សម្ដី​ឌឺដង​ដាក់​គ្នា​រវាង​កីឡាករ​ថៃ Saensatharn និង​កីឡាករ​ជើង​ខ្លាំង​កម្ពុ​ជាមួយ​ចំនួន​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក ជា​ពិសេស​អ្នកនយោបាយ​វ័យក្មេង​លោក​ពេជ្រ ស្រស់ បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះពាក្យ​សម្ដី​ឌឺដង​ដាក់​គ្នា​រវាង​កីឡាករ​ថៃ Saensatharn និង​កីឡាករ​ជើង​ខ្លាំង​កម្ពុ​ជាមួយ​ចំនួន​ដូច​ជា កែវ រំ​ចង់​, រឿង សោ​ភ័​ណ្ឌ​, ម៉ឺន សុភា និង​ធឿ​ន ធា​រ៉ា ជាដើម រហូត​លោក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូប​នេះ​ប្រកាស​ផ្ដល់​ប្រាក់​៥​ពាន់​ដុល្លារ​ដល់​កីឡាករ​កែវ រំ​ចង់​បើ​អាច​បំបាក់​អំនួត​កីឡាករ​ថៃ​រូប​នេះ​បាន​ទៀត​ផង ។ ប៉ុន្ដែ​ការ​ឌឺដង​គ្នា​នេះ ត្រូវ​បាន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន មិន​ពេញចិត្ត​សោះឡើយ​ថែម​ទាំង​ចាត់​ទុក​ពួក​គេ​ថា​មិនមែន​ជា​អ្នក​កីឡា​ទៀត​ផង ។

ជាមួយ​គ្នា​នេះ លោក​គ្រោង​កោះហៅ​កីឡាករ​កម្ពុជា​មក​ណែនាំ និង​ពន្យល់​ពី​អត្ថន័យ​នៃ​កីឡា​ដល់​ពួក​គេ​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង ។

លោក តែម ម៉ឺន បាន​ឲ្យ​ដឹង​ថា ការ​បោះពាក្យ​សម្ដី​ឌឺដង​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក
របស់​កីឡាករ​ថៃ Saensatharn គឺជា​រឿង​របស់​គេ តែ​បញ្ហា​ចំពោះ​មុខ​កីឡាករ​កម្ពុជា​មិន​គួរ​គប្បី​ទៅ​ឆ្លង​ឆ្លើយ​ចំពោះ​ទ​ង្វើ​មិន​សក្តិ​សមជា​អ្នកកីឡា​នេះ​ឡើយ ។ ហេតុនេះ សហ​ព័ន្ធ​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​គណៈកម្មការ​វិន័យ​ដើម្បី​កោះហៅ​កីឡាករ​កម្ពុជា​មក​ណែនាំ ។ លោក​និយាយ​ថា ៖«​កីឡាករ​អត់​មាន​វិន័យ អត់​មាន​ក្រមសីលធម៌ អត់​មាន​លក្ខណៈ​ជា​អ្នកកីឡា យើង​ត្រូវ​តែ​មាន​ការ​ណែនាំ ។ កីឡាករ​ណា​ក៏​ដោយ មិន​ថា​កីឡាករ​ប្រទេស​ណា​ទេ បើ​មានការ​អួតអាង​បែប​ហ្នឹង គឺ​មិន​សក្តិ​សមជា​កីឡាករ​ទេ ព្រោះ​កីឡា​មាន​និយម​ន័យ​របស់​គេ​ដែល​យើង​ត្រូវ​ដឹង តួយ៉ាង​កីឡាករ​ត្រូវ​ហ្វឹកហាត់​សម្រាប់​ប្រកួត​មិត្តភាព សាមគ្គីភាព សុខភាព កិត្តិយស និង​ប្រាក់​ចំណូល​ផង​ដែរ​…»​។

លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរដដែល​បាន​បន្ដ​ថា កន្លង​មក​សូ​ម្បី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​តែងតែ​ផ្ដល់​នូវ​អនុសាសន៍​ជា​រឿយ​ៗឲ្យ​កីឡាករ​-​កីឡាការិនី​គ្រប់​រូប ត្រូវ​មាន​ក្រមសីលធម៌ និង​វិន័យ​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​កិត្តិយស​បន្ទាប់​ពី​លទ្ធផល ទោះបី​ឈ្នះ ឬ​ចាញ់ក្ដី ។ ប៉ុន្ដែ​ក្រឡេក​ទៅ​មើល​រឿង​ឌឺដង​គ្នា​ខាងលើ​វិញ វា​គឺជា​រឿង​បុគ្គល​គ្មាន​វិន័យ​។

លោក​ថា​៖«​ស​ប្ដា​ហ៍​នេះ យើងខ្ញុំ​ត្រូវ​តែ​ឲ្យ​គណៈកម្ម​ការ​វិន័យ​ធ្វើការ​ណែនាំ​ដល់​ពួក​គេ ដើម្បី​យល់​ឲ្យ​ច្បាស់​ពី​ក្រមសីលធម៌​កីឡា ដូច​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ទី​៣ ខែមេសា ក្នុង​ពិធី​ជួបជុំ​បាយ​សាមគ្គី​មហា​គ្រួសារ​កីឡា​អ៊ីចឹង ។

សម្ដេច​ក៏​និយាយ​ដែរ​រឿង​ក្រមសីលធម៌ វិន័យ​ផ្សេង​ៗ គឺ​សម្ដេច​បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ច្រើន​ហើយ តែ​ពួក​យើង​ខ្លះ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ស្ដាប់ ។ តែ​យើង​ចាត់​ទុក​ថា ពួក​គេ​មិន​ទាន់​យល់ អ៊ីចឹង​ក្នុង​នាម​ថ្នាក់ដឹកនាំ យើង​ត្រូវ​តែ​ពន្យល់​ពួក​គេ​សិន​»​។

បន្ថែម​លើ​នេះ លោក តែម ម៉ឺ​ន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដរាបណា​កីឡាករ​មានការ​ឌឺដង​គ្នា គ្មាន​ការ​យោគយល់ និង​គ្មាន​ក្រមសីលធម៌​បែប​នេះ ទោះបី​មានការ​ផ្គូផ្គង​ឲ្យ​មានការ​ប្រកួត មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​នោះ​ទេ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​មិន​អនុញ្ញាត​ឲ្យ​កើត​មានការ​ប្រកួត​នោះ​ឡើយ ហើយ​លោក​នឹង​ទូរស័ព្ទ​ទៅ​ប្រាប់​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក ដែល​មាន​សង្វៀន​ប្រដាល់ ដាច់ខាត​មិន​ត្រូវ​រៀបចំ​ផ្គូផ្គង​ឲ្យ​មានការ​ប្រកួត​រវាង​កីឡាករ​គ្មាន​ក្រមសីលធម៌​ជា​អ្នកកីឡា​បែប​នេះ​ឡើយ លុះត្រាតែ​ការ​ប្រកួត​នោះ​កើត​ចេញពី​ស្មារតី​មិត្តភាព សាមគ្គីភាព ហើយ​ល្អ​រវាង​គ្នា​នឹង​គ្នា ទើប​សហ​ព័ន្ធ​អនុញ្ញាត​ឲ្យ​រៀបចំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ