ខេត្តព្រៃវែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ បានចាប់ឃាត់រថយន្តបែនមួយដែលដឹកខ្សាច់ពេញរថយន្តហើយបម្រុងនាំឆ្លងដែនចូលទៅប្រទេសវៀតណាមតាមច្រកម៉ឺនជ័យ ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
រថយន្តបែនដឹកខ្សាច់ដែលត្រូវចាប់ឃាត់នេះ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម ៣A-៦៤៩៥ ដឹកខ្សាច់ចេញពីស្រុកពាមរក៌គោលដៅឆ្លងដែនចូលទៅប្រទេសវៀតណាម ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថខេត្តដែលដាក់គោលដៅនៅក្បែរមាត់ច្រកម៉ឺនជ័យចាប់ឃាត់បាននៅលើដងផ្លូវចំងាយប្រមាណជា៥០០ម៉ែត្រពីមាត់ច្រកម៉ឺនជ័យ ។ ទោះជាយ៉ាងណាក៏ដោយការចាប់ឃាត់នេះគឺចាប់បានតែរថយន្តប៉ុណ្ណោះ ដោយឡែកព្រូឡាន និងអ្នកបើកបរគឺចាប់មិនបាននោះទេហើយមកដល់ពេលនេះមន្ត្រីអាវុធហត្ថនៅមិនទាន់បានបង្ហាញពីអត្ថសញ្ញាណម្ចាស់រថយន្តនៅឡើយទេ ។
លោកឧត្តមសេនីយត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងបានឱ្យដឹងថា សកម្មភាពលួចនាំខ្សាច់ឆ្លងដែនទៅប្រទេសវៀតណាមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នោះក្រុមឈ្មួញបានប្រើប្រាស់រថយន្តដឹកខ្សាច់ចំនួន៣ទៅ៤គ្រឿងឯណោះ ប៉ុន្តែកម្លាំងអាវុធហត្ថស្ទាកចាប់បានតែមួយរថយន្ត រីឯរថយន្តផ្សេងទៀតបានឆ្លងដែនផុតបាត់ទៅហើយតែទោះជាយ៉ាងណាលោកនឹងដាក់កម្លាំងទប់ស្កាត់មិនឱ្យបទល្មើសទាំងនេះកើតឡើងទៀតបានឡើយ ៕
ចែករំលែកព័តមាននេះ