ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​សំណង់​លំនៅ​ឋាន​តម្លៃ​សមរម្យ ធ្វើ​ឱ្យ​វិស័យ​សំណង់​ទាំងមូល​កើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស សម្រាប់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម បណ្ដា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​លំនៅ​ឋាន​មួយ​ចំនួន បាន​ងាក​មក​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទុន​ក្នុង​វិស័យ​សំណង់​បន្ត​កើនឡើង​ថែម​ទៀត​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស សម្រាប់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម បណ្ដា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​លំនៅ​ឋាន​មួយ​ចំនួន បាន​ងាក​មក​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទុន​ក្នុង​វិស័យ​សំណង់​បន្ត​កើនឡើង​ថែម​ទៀត​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ។ នេះ​ជា​ប្រសាសន៍​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស តម្រូវការ​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​ពលរដ្ឋ និង​មន្ត្រីរាជការ​មាន​ចំណូល​មធ្យម ។ លោក​ថា ៖«​ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ទៅ​លើ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​វិស័យ​សំណង់​នៅ​តែ​មាន​កំណើន​ខ្ពស់ ទាំង​គម្រោង​សាងសង់ និង​ទុន​វិនិ​យោគ » ។

លោក យក់ សុធី​រឹទ្ធ នាយក​គ្រប់គ្រង​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទី​១ របស់​ក្រុមហ៊ុន Worldbride Land បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ការងារ​នៅ​ក្នុង​ការដ្ឋាន​សំណង់​កំពុង​សម្រុក​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មុន​សិន ។ នៅ​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​សាងសង់​រួចរាល់​ហើយ ទើប​សម្រុក​សង់ផ្ទះ​តែ​ម្ដង ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​សម្ភារ​ចូល​ការដ្ឋាន ។

លោក​បន្ត​ថា ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ប្រគល់​ផ្ទះ​ជូន​អតិថិជន​ដែល​បាន​ទិញ​ជា​បណ្តើរ​ៗ ហើយនឹង​ប្រគល់​ជូន​នៅ​ពេល​បន្ត​បន្ទាប់​ទៀត​នៅ​ពេល​ក្រោយ ។ លោក​ថា ៖« នៅ​ដំណាច់ឆ្នាំ​នេះ ក្រុមហ៊ុន​អាច​នឹង​សង់​ផ្ទះ​បាន​រួចរាល់​យ៉ាងតិច​២០០​ល្វែង ហើយនឹង​ប្រគល់​ជូន​អតិថិជន​ដែល​បាន​ទិញ​គម្រោង​​មុនគេ » ។

លោក​បញ្ជាក់​ថា ចំពោះ​ការងារ​លក់​គម្រោង​វិញ​ក៏​បាន​ច្រើន​គួរសម​ដែរ ហើយ​អ្នកទិញ​មាន​ទាំង​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​និង​មធ្យម និង​មន្ត្រីរាជការ​នៅ​តាម​ស្ថាប័ន​នានា​ផង​ដែរ ព្រោះ​គម្រោង​នេះ​បាន​ផ្ដោត​ទៅ​លើ​អ្នក​គ្មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន​ថ្លៃ​ៗ​ស្នាក់​នៅ មិន​ថា​ពលរដ្ឋ​សាមញ្ញ ឬ​មន្ត្រីរាជការ​ឡើយ ។

សូម​រំឭក​ថា បច្ចុប្បន្ន​នេះ គម្រោង​សាងសង់​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ចំនួន​៣​ក្រុមហ៊ុន ក្នុង​នោះ​គម្រោង​ទី​១ មាន​ទុន​វិនិយោគ​ប្រមាណ​៦០​លាន​ដុល្លារ​អា​មេ​រិ​ក មានផ្ទះ​ចំនួន​ជាង​២.០០០​ល្វែង​នៅ​ជិត​ទីក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ គម្រោង​ទី​២ ជា​របស់​ក្រុមហ៊ុន​ប៊ុ​ន​ជេ​ស្ន មាន​គម្រោង​សង់ផ្ទះ​ចំនួន​៥.៣៤០​ខ្នង និង​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទី​៣ មាន​លក្ខណៈ​ជា​ខុន​ដូ ត្រូវ​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៧០​លាន​ដុល្លារ និង​មាន​ជាង​២.០០០​យូ​នី​ត ។

បើ​តាម​របាយការណ៍​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​របស់​ធនាគារជាតិ វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៧ បាន​ដើរតួ​នាទី​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បន្ទាប់​ពី​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​ជា​វិស័យ​ស្នូល​។ វិស័យ​សំណង់​នេះ​ដែរ ក៏​បាន​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​២០​ម៉ឺន​កន្លែង​ក្នុង​១​ឆ្នាំ​ៗ ។

ដោយឡែក តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៦.៤០០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​២២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ